អន្តរជាតិ
ឆ្កែ Gavel ត្រូវបាន​ដកចេញ​ពី​តួនាទី​ជា​មន្ត្រីប៉ូលិស ដោយសារតែ​វា​រួសរាយ​រាក់ទាក់​ពេក​
13, Jun 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ឆ្កែ​ឈ្មោះ Gavel ត្រូវបាន​ដក​តួនាទី​ពី​ការិយាល័យ​ប៉ូលិស​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​។ មូលហេតុ​សំខាន់​នោះ គឺ​ពូជ​ឆ្កែ​ប៊ែ​រ​ហ្សេ​អាល្លឺម៉ង់​មួយ​ក្បាល​នេះ បំពេញការងារ​មិនបាន​ល្អ ដោយសារ​វា​ចូលចិត្ត​រួសរាយ​រាក់ទាក់ និង​លេងសើច​ជាមួយ​មនុស្ស​គ្រប់រូប​។ នេះ​បើតាម​ការផ្សាយ​របស់ Telegraph​។​



​ការអនុវត្ត​ច្បាប់ មិនត្រូវ​ទោរទន់​លើ​មនោសញ្ចេតនា​ពេក​នោះឡើយ​។ នេះ​ជា​កំហុស​ដ៏​ធំ​មួយ​របស់​ឆ្កែ​ឈ្មោះ Gavel ដោយ​វា​តែងតែ​លោត​សប្បាយ​ជាមួយ​មនុស្ស​ប្លែក​មុខ ជាជាង​ការអនុវត្ត​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​មន្ត្រីប៉ូលិស​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​។ មន្ត្រី​ការិយាល័យ​ប៉ូលិស​បាន​អះអាងថា Gavel មិនបាន​បង្ហាញ​ចំណុចខ្លាំង​នៅពេល​បំពេញភារកិច្ច​នោះឡើយ​។​



​ការិយាល័យ​ប៉ូលិស Queensland តែងតែ​សង្កេតឃើញថា Gavel មិនបាន​យកចិត្តទុកដាក់​ជួយ​ចាប់​ជនល្មើស​នោះទេ វា​បែរ​ចូលចិត្ត​លេង​ជាមួយ​អ្នក​ទាំងនោះ​ទៅវិញ រហូតដល់​ធ្វើ​ឲ្យ​បែកការ​ទៀតផង​។​



​ទោះបីជា​យ៉ាងណាក៏ដោយ Gavel ក៏​មិន​ត្រូវបាន​បោះបង់​នោះដែរ​។ វា​ត្រូវបាន​រដ្ឋបាល​រដ្ឋ Queensland ជ្រើសរើស​ឲ្យ​បំពេញ​តួនាទី​កិត្តិយស​មួយ ដោយ​វា​អាចមាន​វត្តមាន​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​នៅ​ពិធី​សំខាន់ៗ​មួយចំនួន​។ ភាពរួស​រាយ​របស់ Gavel ក៏បាន​ធ្វើ​ឲ្យ​ម្ចាស់​ថ្មី​សប្បាយចិត្ត​ផងដែរ​៕





Tag:
 ឆ្កែ Gavel
  Queensland
© រក្សាសិទ្ធិដោយ thmeythmey.com