អន្តរជាតិ
Melania និង​កូន ប្តូរ​ទៅ​នៅ​សេត​វិមាន ហើយ​ប្រជាជន​នៅ​ញូវយ៉ក សាទរ​ព្រោះ​លែង​ស្ទះចរាចរណ៍​
13, Jun 2017 , 4:47 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃអាទិត្យ​ទី​១១​មិថុនា ស្ត្រី​ទីមួយ​អាមេរិក និង​កូនប្រុស​បាន​ផ្លាស់ប្តូរ​មក​ស្នាក់នៅ​សេត​វិមាន​ជា​ផ្លូវការ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រជាជន​ក្រុង​ញូវយ៉ក​រីករាយ​ជាងគេ​ពេល​ឃើញ​ស្ត្រី​ទីមួយ​និង​កូនប្រុស​ចាកចេញ​ទៅ​រស់​នៅ​សេត​វិមាន​ជា​ផ្លូវ​នោះ ព្រោះ​ពួកគេ​មិនចាំបាច់​ចំណាយលុយ​ពន្ធ​បន្ថែម​ដើម្បី​រក្សា​សន្តិសុខ​ក្រុមគ្រួសារ​ប្រធានាធិបតី​ទៀត ក៏ដូចជា​អស់​បារម្ភ​រឿង​ស្ទះចរាចរណ៍​នៅក្បែរ​សណ្ឋាគារ​របស់លោក ដូ​ណា​ល់ ត្រាំ ផង​។​



​ស្ត្រី​ទីមួយ​អាមេរិក Melania Trump ភរិយា​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រួមជាមួយ​កូនប្រុស Barron Trump ដែល​រស់នៅ​ញូវយ៉ក​បាន​ផ្លាស់​ចូលមក​រស់នៅ​សេត​វិមាន​ហើយ​នៅ​ចុង​សប្តាហ៍​កន្លងទៅ​។ ការផ្លាស់ប្តូរ​មករ​ស់​នៅ​ជាមួយ​ស្វា​មីនេះ កើត​ទ្បើង​កាន់​ក្រោយ​លោក ត្រាំ ស្បថ​ចូលកាន់​តំណែង​រយៈពេល​ប្រាំ​ខែ​។​

​លោកស្រី Melania និង​កូនប្រុស​តូច​វ័យ​ដប់​មួយឆ្នាំ Barron Trump បានសម្រេច​ចិត្ត​បន្ត​រស់នៅ​ញូវយ៉ក ទោះបី​ស្វាមី​លោកស្រី​បាន​ចាក​ចេញពី​ទីក្រុង​ទៅ​រស់នៅក្នុង​សេត​វិមាន​ក៏ដោយ​។ មូលហេតុ​ចម្បង​គឺ អ្នកស្រី​នៅ​រង់ចាំ​រហូតដល់​កូនប្រុស​បញ្ចប់​ឆ្នាំ​សិក្សា​សិន​។​

​ប្រជាជន​មួយចំនួន​ឆ្ងល់ ព្រោះ​ការសម្រេច​របស់លោក​ស្រី Melania Trump ខុសស្រឡះ​ពី​ការសម្រេចចិត្ត​របស់លោក​ស្រី Michelle Obama ភរិយា​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ ទោះ​ក្នុងនាម​ដែល​ស្ដ្រី​ទីមួយ​ក៏ដោយ លោកស្រី Melania មិន​តក់ក្រហល់​ប្រញាប់​ផ្លាស់​មក​រស់នៅ​សេត​វិមាន ដូច​លោកស្រី Michelle ដែល​បាន​ផ្លាស់​មក​រស់នៅ​រដ្ឋធានី​វ៉ាស៊ីនតោន តាំង​ពីមុន​ថ្ងៃ​ទ្បើង​តំណែង​របស់លោក អូ​បា​ម៉ា ទៅទៀត​ដើម្បី​មករក​សាលា​ឲ្យ​កូនស្រី​រៀន​។​

​ទោះបីជា​បែបនេះ​ក៏ដោយ​លោកស្រី Melania ហាក់បីដូចជា ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​ការផ្លាស់​មករ​ស់ នៅ​សេត​វិមាន​នេះ​ណាស់​។ អ្នកស្រី​បាន​ថតរូប​ចេញពី​ក្នុង​សេត​វិមាន​ទៅ​វាលស្មៅ​ខាងក្រៅ ហើយ​បាន​បង្ហោះ​វា​លើ​គណនី​Twitter ផ្លូវការ​របស់ខ្លួន​ថែមទៀត​ដើម្បី​អបអរ​ការ​រើ​មក​រស់នៅ​សេត​វិមាន​ដែរ​។​

​ប្រជាជន​ក្រុង​ញូវយ៉ក​រីករាយ​ជាងគេ​ពេលដែល​ភរិយា​និង​កូនប្រុស​លោក ត្រាំ មក​រស់នៅ​ជុំគ្នា​នៅ​សេត​វិមាន ព្រោះ​ពួកគេ​មិនបាច់​ចំណាយ​ថ្លៃ​ពន្ធ​សម្រាប់​ការពារ​សុវត្ថិភាព​ស្ដ្រី​ទីមួយ​និង​កូនប្រុស​។ ម្យ៉ាងវិញទៀត ពួកគេ​ធូរទ្រូង​ព្រោះ​លេង​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ទៀត​។ នេះ​ក៏​ព្រោះថា ប៉ូលីស​ក្រុង​ញូវយ៉ក​តែងតែ​បិទ​វិថី​លេខ​ប្រាំ​នៅក្បែរ​សណ្ឋាគារ​របស់លោក​ត្រាំ  (Trump Tower) រាល់​ពេលដែល លោកស្រី Melania និង​កូន​ស្នាក់នៅ​ទីនោះ​។​

​របាយការណ៍​មួយ​ចុះផ្សាយដោយ​សារព័ត៌មាន The Guardian កាលពី​ខែកុម្ភៈ បានស្រង់​សម្តី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​ក្រុង​ញូវយ៉ក​លោក Chuck Schumer ថា ក្នុង​មួយថ្ងៃ​គេ​ត្រូវ​ចំណាយលុយ​ប្រហែល ប្រាំ​សែន ដុល្លារ​លើ​ប៉ូលិស​ជិត ២០០​នាក់​ដែល​ឈរជើង​ការពារ​ជុំវិញ​សណ្ឋាគារ​លោក ដូ​ណា​ល់ ត្រាំ នៅលើ​វិថី​លេខ​ប្រាំ នា​តំបន់ Manhattan ផងដែរ​។​

​ស្របពេល​ជាមួយគ្នានេះដែរ ដូ​ណា​ល់​ត្រាំ​ដែល​មិនបាន​អើពើ​ចំពោះ​ការ​មក​រស់នៅ​សេត​វិមាន​របស់​ភរិយា​ខ្លួន​ឡើយ​។ លោក​បែរជា​ផ្ដោតអារម្មណ៍​ទៅលើ​ការបង្ហាញ​ខ្លួន​របស់​កូនស្រី​ច្បង Ivanka Trump​ក្នុង​កម្មវិធី Fox and Friends នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ទៅវិញ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Melania Trump
  Barron Trump
© រក្សាសិទ្ធិដោយ thmeythmey.com