អន្តរជាតិ
សិង្ហ​បុរី​និង​ចិន​ឯកភាពគ្នា​ព​ន្លឿ​ន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP
13, Jun 2017 , 9:39 pm        
រូបភាព
​សិង្ហ​បុរី និង​ចិន​ទទួលស្គាល់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) នឹងមាន​សារសំខាន់​សម្រាប់​ចរន្ត​ពាណិជ្ជកម្ម​សេរី និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​។ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​បន្ត​ជំរុញ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​កាន់តែ​ឆាប់​ចប់​ផងដែរ​។​



​បន្ទាប់ពី​ជួប​ជា​សម​ភាគី​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី ១២ មិថុនា ប្រមុខ​ការទូត​សិង្ហ​បុរី​លោក  Vivian Balakrishnan បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សិង្ហ​បុរី និង​ចិន​ឯកភាពគ្នា​ព​ន្លឿ​ន​ការចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) នេះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ​បាន​កត់សម្គាល់ថា  ទាំង​សិង្ហ​បុរី និង​ចិន សុទ្ធតែ​មើលឃើញថា កិច្ចព្រមព្រៀង​នេះ​នឹង​រួមចំណែក​ក្នុង​ការលើក​ស្ទូ​យ​ពាណិជ្ជកម្ម​សេរី និង​ទ្រទ្រង់​ការធ្វើសមាហរណកម្ម​តំបន់​ផងដែរ​។

«​ប្រសិនបើ​យើង​អាច​សម្រេច​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ វា​នឹង​ក្លាយជា​ឯកសារ​ដ៏​មាន​សារសំខាន់​ដែល​គាំទ្រ​ពាណិជ្ជកម្ម​សេរី​និង​សមាហរណកម្ម​សេដ្ឋកិច្ច​។ នៅពេលនេះ កិច្ចព្រមព្រៀង​នេះ​កាន់​តែមាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់​»​។ នេះ​គឺជា​សម្តី​របស់​រដ្ឋមន្ត្រី​ការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan ។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​នេះ មាន​សមាជិក​សរុប ១៦ ក្នុងនោះ​មាន​ប្រទេស​អាស៊ាន​ចំនួន​ដប់ បូក​ជាមួយ​ប្រទេស​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន ៦​ផ្សេង​ទៀតផង​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​ស្នើឡើង​ដំបូង​នៅ​ឆ្នាំ ២០១២ នាទី​ក្រុងភ្នំពេញ​។

​កាលបរិច្ឆេទ​នៃ​ការបញ្ចប់​ការចរចា​ដើម​ឡើង​គឺ​នៅ​ចុងឆ្នាំ ២០១៥ ប៉ុន្តែ​ការចរចា​មិនអាច​បញ្ចប់​តាម​ការគ្រោងទុក​នោះឡើយ​។ មកដល់​បច្ចុប្បន្ន​សមា​ជិ​ក​កំពុង​ព​ន្លឿ​ន​ការចរចា ហើយ​គេ​សង្ឃឹមថា​កិច្ចចរចា​កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៧ នេះ​ផងដែរ​។​មាន​សមាជិក​សរុប ១៦ បើ​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ វា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំ​ដែលមាន​ប្រជាជន​រហូតដល់ ៣,៥​ពាន់​លាន​នាក់​ឯណោះ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​កិច្ចព្រមព្រៀង TPP  RCEP មិនសូវ​គ្រប់​ជ្រុងជ្រោយ​និង​ផ្តោត​តែ​លើ​ការកាត់បន្ថយ​របាំង​ពន្ធគយ​តែប៉ុណ្ណោះ​។ ពោលគឺ​វា​មិន​គិតគូរ​ខ្លាំង​ពី​ស្តង់ដា​កម្លាំង​ពលកម្ម និង​ផលប៉ះពាល់​បរិស្ថាន​ឡើយ​។​

​ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​នេះ​កាន់​តែមាន​ប្រជាប្រិយភាព និង​កាន់តែ​សំខាន់ ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​។​

​កន្លងមក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong បានលើកឡើង​ផងដែរ​ថា ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការទុកចិត្ត​របស់​ប្រទេស​ជា​មិត្ត​នានា​ចំពោះ​គោលនយោបាយ​អាមេរិក​ក្នុង​តំបន់​។ លោក​ក៏​កត់សម្គាល់​ផងដែរ​ថា ចិន​ឥឡូវនេះ​កំពុង​បង្កើន​តួនាទី​របស់ខ្លួន​ខ្លាំង​ដែរ​ក្នុងនាម​ជា​មហាអំណាច​ដែល​គាំទ្រ​របប​ពាណិជ្ជកម្ម​សេរី​នោះ​៕


Tag:
 សិង្ហ​បុរី​
  ចិន​
  Wang Yi
  RCEP
  Vivian Balakrishnan
© រក្សាសិទ្ធិដោយ thmeythmey.com