អន្តរជាតិ
យោធា​ឥណ្ឌូណេស៊ី​៖«​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​មាននៅ​ស្ទើរ​គ្រប់​ខេត្ត​ទូទាំង​ឥណ្ឌូណេស៊ី​»
13, Jun 2017 , 10:19 pm        
រូបភាព
​មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែមិថុនា នេះ​ថា បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម (IS) មាន​វត្ត​មាននៅ​ស្ទើ​រតែ​គ្រប់​ខេត្ត​ទាំងអស់​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី​។ វា​ជាស​ញ្ញា​ប្រកាសអាសន្ន​មួយ​សម្រាប់​ឥណ្ឌូណេស៊ី​និង សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​។​



​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ ក្រុម​រដ្ឋ​ឥស្លាម​មាន​វត្តមាន​ស្ទើរ​គ្រប់​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​ឥ​ណ្ឌ​ណេ​ស៊ី​។  នេះ​ជាស​ម្តី​របស់​មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី​លោក Gatot Nurmantyo ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​ក្រុង​ហ្សា​ការ​តា​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ​បារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឥទ្ធិពល​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ តែ​លោក​សង្កត់ធ្ងន់ថា បណ្តាញ​ក្រុម​ភេរវជន​នេះ​ភាគច្រើន​ជា​ក្រុម​ដែល​នៅ​សម្ងំ​មិនទាន់​ធ្វើ​សកម្មភាព​ឡើយ​។

«​បន្ទាប់ពី​មានការ​សង្កេតឃើញ​ជាក់ស្តែង យើង​រកឃើញថា វា​មាន​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ពាសពេញ​ប្រទេស​ឥណ្ឌូណេស៊ី​។ ប៉ុន្តែ ពួកគេ​ជា​បណ្តាញ​ដែល​មិនទាន់​ធ្វើ​សកម្មភាព​និង​នៅ​រង់ចាំ​បញ្ជា (Sleeper Cells) »​។​

​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​នានា​ក្នុង​តំបន់​ប្រុង​ជើងការ​ខ្ពស់​ដោយសារ​ក្រុម​សកម្មប្រយុទ្ធ​ដែលជា​បណ្តាញ​ភេរវជន​រដ្ឋ​ឥស្លាម​វាយប្រហារ​បន្តបន្ទាប់​គ្នា​។ ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​គឺ​ការកាន់កាប់​ទីក្រុង Marawi នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កាលពី​ចុងខែ​ឧសភា​កន្លងទៅ​។  ប្រតិបត្តិ​ការដណ្តើម​ទីក្រុង​នេះ​មកវិញ​នៅតែ​បន្ត​មកដល់​ឥឡូវនេះ ហើយ​មនុស្ស​ប្រហែល​២០០​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងនោះ​មាន​ក្រុម​ភេរវជន​យ៉ាងហោចណាស់ ១២០​នាក់​ដែរ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​គឺ ក្រុម​សកម្មប្រយុទ្ធ​ដែល​ធ្វើ​សកម្មភាព​នៅ​ហ្វីលីពីន​ទាំងនោះ​មាន​ទាំង​ជនជាតិ​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ផងដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញថា ក្រុម​ភេរវជន​ពង្រីក​បណ្តាញ​របស់ខ្លួន​ស្ទើរ​ពាសពេញ​តំបន់​ទាំងមូល​ផងដែរ​។​

​អាស៊ីអាគ្នេយ៍​ជា​ជម្រក​ធំ​មួយ​សម្រាប់​បណ្តាញ​ក្រុម​ភេរវជន​ដែល​ប្រកាស​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​នោះ ហើយ​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​ដូចជា​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​នោះបាន​ចាប់​និង​ឃុំខ្លួន​ក្រុម​ជនសង្ស័យ​ជា​បណ្តាញ​ក្រុម​ភេរវជន​នេះ​អស់​ជាច្រើន​នាក់​មកហើយ​ដែរ​កន្លងមក​។

​ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​បាន​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ដើម្បី​ទប់ស្កាត់​ក្រុម​ភេរវជន​ដែល​ចាក​ចេញពី​ក្រុង Marawi ដោយសារ​ពួកគេ​មាន​ព្រំដែន​រួមគ្នា​ជាមួយ​ហ្វីលីពីន​នោះ​។​

​មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី​ខាងលើ​ក៏បាន​ព្រមាន​ផងដែរ​ថា វា​ជា​រឿង​ងាយស្រួល​បំផុត​សម្រាប់​ក្រុម​ភេរវជន​ដែល​រត់​ឆ្លងដែន​ពី​ក្រុង Marawi មកកាន់​ឥណ្ឌូណេស៊ី ហើយ​វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​ដែរ ដែល​បណ្តា​ក្រុម​នេះ​មាន​វត្តមាន​រួចទៅហើយ​នៅ​ឥណ្ឌូណេស៊ី​នោះ​៕


Tag:
 ឥណ្ឌូណេស៊ី​
  ក្រុម​ដែ​ស្ហ​
  Gatot Nurmantyo
© រក្សាសិទ្ធិដោយ thmeythmey.com