អន្តរជាតិ
កាតា​អាច​ទ្រាំទ្រ​នឹង​គំនាប​សេដ្ឋកិច្ច​បាន ដរាបណា​ការនាំចេញ​ឧស្ម័ន​មិន​ត្រូវបាន​កាត់ផ្តាច់​ទេ
13, Jun 2017 , 10:59 pm        
រូបភាព
​ជម្លោះ​ការទូត​រវាង​កាតា​និង​បណ្តា​រដ្ឋ​អារ៉ាប់​ជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​មិនមាន​ការ​ថមថយ​កម្តៅ​ឡើយ ខណៈដែល​គុយ​វ៉ែត​តាំងខ្លួន​ជា​អ្នក​ជួយ​សម្រុះសម្រួល​ភាគី​ជម្លោះ​ផង​។ កាតា​ប្រឈមមុខបញ្ហាដោយសារ​បណ្តា​ប្រទេសជិតខាង​ទាំងនោះ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច កាត់ផ្តាច់​អស់​រាល់​ទំនាក់ទំនង​ផ្លូវទឹក ​ផ្លូវគោក និង​ផ្លូវអាកាស​ដែរ​។ ប៉ុន្តែ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​នេះ​អះអាងថា ទណ្ឌកម្ម​របស់​បណ្តារ​ដ្ឋ​អារ៉ាប់​ទាំងនោះ​មិន​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លួន​ខ្លាំង​ឡើយ​។ គេ​ឃើញ តួ​ក​គី​និង​អ៊ីរ៉ង់​ក្លាយជា​មិត្ត​ក្នុង​គ្រាអាសន្ន​របស់​កាតា​ដែល​លេចមុខ​ជាងគេ ក្នុង​ការជួយ​ផ្គត់ផ្គង់​ស្បៀងអាហារ​ឲ្យ​កាតា​រាល់ថ្ងៃ​។ ជារួម ដរាបណា​គ្មាន​ការ​កាត់ផ្តាច់​ការនាំចេញ​ឧស្ម័ន​ទេ កាតា​អាច​ទ្រាំទ្រ​បានយូរ​ចំពោះ​ការដាក់​គំនាប​សេដ្ឋកិច្ច​នេះ​។

 


១. សេដ្ឋកិច្ច​កាតា​មិន​រង​ផលប៉ះពាល់​ខ្លាំង ដរាបណា​ការនាំចេញ​ឧស្ម័ន​មិនត្រូវ​កាត់ផ្តាច់​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​កាតា Ali Sherif al-Emadi  បានបង្ហាញ​មុខជា​លើកដំបូង​ក្នុង​កម្មវិធី​សម្ភាស​ជាមួយ​សារព័ត៌មាន CNBC ដោយ​លោក​បានប្រកាសថា សេដ្ឋកិច្ច​កាតា​មិន​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការ​ផ្តាច់ចំណង​ការទូត​និង ទណ្ឌកម្ម​របស់​បណ្តារ​ដ្ឋ​ឈូង​សមុទ្រ​ផ្សេង​ទៀតឡើយ​។ លោក​បន្ថែមថា វិស័យ​ថាមពល​និង​សេដ្ឋកិច្ច​កាតា​ក៏​នៅ​ដំណើរការ​ជា​ប្រក្រតី​មិនមាន​ផលប៉ះពាល់​អ្វី​ធំ​ដំ​ដែរ​។​

«​ទុនបម្រុង​និង​សម្រាប់​ការវិនិយោគ​របស់​យើង​គឺមាន​ច្រើនជាង ២៥០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​យើង​។ ដូច្នេះ​ខ្ញុំ​មិន​គិតថា វា​មាន​ហេតុផល​ដែល​ប្រជាជន​ត្រូវ​បារម្ភ​អំពី​បញ្ហា​ដែល​កំពុង​កើតឡើង​ឬ​អាច​នឹង​កើតឡើង​នៅពេល​ខាងមុខ​ឡើយ​»​។ លោក Ali Sherif al-Emadi  បញ្ជាក់​ដូច្នេះ​។​
 
​ពាក់ព័ន្ធ​ស្បៀងអាហារ​ដែលជា​បញ្ហា​ធំ​របស់​កាតា​នោះ រដ្ឋមន្ត្រី​ខាងលើ​មាន​សុទិដ្ឋិនិយម​ថា កាតា​នៅតែ​អាច​នាំចូល​ចំណីអាហារ បន្លែ​​ពី​បណ្តា​ប្រទេស​នានា​ជា​មិត្ត​ដូចជា​ពី​តួ​ក​គី​, អឺរ៉ុប និង​បណ្តា​រដ្ឋ​នៅ​ចុង​បូព៌ា​ផងដែរ​ដើម្បី​ឆ្លើយតប​វិបត្តិ​នេះ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ កាតា​ត្រៀមខ្លួនរួចជាស្រេច​ហើយ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​បន្តទៀត​ដើម្បី​ធានា​និរន្តរភាព​នៃ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការពឹង​ផ្អែកលើការនាំចូលពី​ប្រទេស​ក្រៅ​។​

​អ្នកជំនាញ​ក៏​មើលឃើញ​ដែរ​ថា ថ្វីបើ​មានការ​កៀបសង្កត់​ឬ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​កាតា​ក៏ដោយ រដ្ឋ​តូច​សម្បូរហូរហៀរ​ដោយ​ឧស្ម័ន​នេះ​នៅ​អាចរ​ស់បាន​យ៉ាង​ងាយ​។ ប៉ុន្តែ​បញ្ហា​ធ្ងន់ធ្ងរ​អាច​នឹង​កើតឡើង​ក្នុងករណី​ដែល​បណ្តា​រដ្ឋ​អារ៉ាប់​ធំៗ​ទាំងនោះ​លូកលាន់​ជ្រៀតជ្រែក​ចោល​ក្នុងការ​នាំចេញ​ឧស្ម័ន​របស់​កាតា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទៀត​។ បើ​ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័នទៅទីផ្សារអន្តរជាតិ​នោះ កាតា​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ និង​ផុងខ្លួន​ជ្រៅ​ចូលក្នុង​វិបត្តិ​មិន​ខាន ព្រោះថា​សេដ្ឋកិច្ច​រដ្ឋ​ដ៏​តូច​មួយ​នេះ​ពឹងផ្អែក​សំខាន់​លើ​ការនាំចេញ​ឧស្ម័ន​ទៅ​ទីផ្សារ​បរទេស​។

២.​គុយ​វ៉ែត​តាំងខ្លួន​ជា​អ្នក​ផ្សះផ្សា​ជម្លោះ​បងប្អូន​អារ៉ាប់

​ជម្លោះ​ការទូត​រវាង​កាតា​ជាមួយ​បណ្តា​រដ្ឋ​អារ៉ាប់​មួយចំនួន​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ឈានដល់​សប្តាហ៍​ទី​ពីរ​។ ជម្លោះ​ដែល​ផ្ទុះឡើង​ក្រោម​ហេតុផល​មិន​សមរម្យ​នេះ​កំពុង​ធ្វើ​ឲ្យ​បញ្ហា​នៅ​មជ្ឈិមបូព៌ា​កាន់តែ​ស្មុគស្មាញ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​លទ្ធផល​នៃ​ជម្លោះ​នេះ​អាច​នឹង​អាក្រក់​ខ្លាំង​ហួស​ស្មាន​ផង​។  គុយ​វ៉ែត ដែល​រក្សា​ជំហរ​កណ្តាល​នោះ កំពុង​ដុតដៃដុតជើង​ធ្វើយ៉ាងណា​នាំ​ភាគី​ជម្លោះ​ចូល​តុ​ចរចា​ដើម្បី​បញ្ចៀស​វិបត្តិ​ធ្ងន់ធ្ង​រ។

​តាមពិតទៅ សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​នៃ​ភាគី​ជម្លោះ​សងខាង​នោះទេ​ដែល​ត្រូវ​ចេញមុខ ហើយ​មហាអំណាច​នេះ​ក៏មាន​ទឹកមាត់ប្រៃ​ដែរ​។ ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រុង​វ៉ាស៊ីនតោន​មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ និង​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ​ដូចអ្វីដែល​ខ្លួន​ត្រូវធ្វើ​ដើម្បី​បញ្ចប់​វិបត្តិ​ការទូត​អារ៉ាប់​ឡើយ​។ ខុសពី​ប្រមុខ​ការទូត​និង​ប្រមុខ​ការពារជាតិ​អាមេរិកដែល​ប្រឹង​បន្ថយកម្តៅ​ការទូត​និង​ជួយ​សម្រុះសម្រួល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទុក​ការទូត​មួយ​ឡែក​សិន ហើយ​បន្ត​ព្រលះ​កាតា​និង​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​ដុសក្អែល​កាតា​រឿង​ផ្តល់​លុយ​គាំទ្រ​ក្រុម​ភេរវជនទៀត​។ វា​ហាក់ដូចជា​រឿង​មិន​សមរម្យ​ដែរ ព្រោះ​មិនមែន​តែ​កាតា​តែឯង​ឯណា​ដែល​ចំណាយលុយ​គាំទ្រ​ចលនា​ជ្រុលនិយម​នោះ​។ អា​រ៉ា​ប៊ី​សា​អូឌីត​និង​រដ្ឋ​មួយចំនួនទៀត​នៅ​អារ៉ាប់​ជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​សុទ្ធតែ​ជះ​លុយ​គាំទ្រ​ក្រុម​ជ្រុលនិយម​រួមទាំង​ក្រុម​ភេរវជន​ផង​នៅ​ពាសពេញ​មជ្ឈិមបូព៌ា​ដូចគ្នា។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនបាន​និយាយ​ឬ​ស្នើ​ឲ្យ​រដ្ឋ​ទាំងនោះ​ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​សម្រាប់​ភេរវជន​ឡើយ​។​

​ត្រឡប់​មកដល់​ការសម្រុះសម្រួល​គ្នា​វិញ គុយ​វ៉ែត​បានប្រកាសថា​ខ្លួន​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា វិបត្តិ​នេះ​អាចឈាន​ដល់ទី​បញ្ចប់​ឆាប់ៗ​។ យោងតាម​សារព័ត៌មាន​កាតា Al Jazeera ស្តេច​គុយ​វ៉ែត​ព្រះជន្ម ៨៧ ព្រះវស្សា Sheikh Sabah Al Ahmad Al Sabah បាន​ថ្លែងថា លោក​ពិបាកចិត្ត​នៅពេលដែល​មានការ​បែកខ្ញែក​គ្នា​ខ្លាំង​ក្នុងចំណោម​រដ្ឋ​អារ៉ាប់​ដែល​សុទ្ធតែជា​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​ឈូង​សមុទ្រ​នោះ​។

«​វា​ជា​រឿង​ពិបាក​មួយ​សម្រាប់​យើង ក្នុងនាម​ជា​អ្នក​ជំនាន់​មុន​ដែល​បាន​ចូលរួម​កសាង​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ កាលពី​៣៧​ឆ្នាំមុន ដែល​មើលឃើញ​ពី​ការបែកបាក់​គ្នា​រវាង​សមាជិក​អង្គការ​នេះ ហើយ​វា​ក៏​នឹង​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ដែល​យើង​គ្រប់គ្នា​មិន​ចង់ឃើញ​ផង​។ ប៉ុន្តែ​ទោះជា​លំបាក​បែបណាក៏ដោយ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​សម្រុះសម្រួល​ជម្លោះ​បងប្អូន​អារ៉ាប់​យើង​នេះ​»​។​

​ក្សត្រ​កាតា​អង្គ​នេះ​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន​នៅ​សប្តាហ៍​មុន​ដើម្បី​ធ្វើដំណើរ​ទៅ​ជួប​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​, អារ៉ាប់​រួម​អេ​មី​រ៉ាត់ និង​កាតា​ផង ដោយ​គោលបំណង​សំខាន់​របស់​ទ្រង់​គឺ​ស្វែងរក​ដំណោះស្រាយ​ការទូត​មួយ​ដែល​ភាគី​ទាំងសងខាង​ពេញចិត្ត​។​

៣. តួ​ក​គី និង​អ៊ីរ៉ង់​៖ មិត្តភក្តិ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​របស់​កាតា

​ដោយឡែក ថ្វីបើ​កាតា​អះអាងថា​ខ្លួន​មិន​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​បណ្តា​រដ្ឋ​អារ៉ាប់​ជិតខាង​ក៏ដោយ កាតា​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​បញ្ហា​សន្តិសុខ និង​បញ្ហា​ស្បៀងអាហារ​ក្នុងស្រុក​។ កាតា​មានតែ​លុយ ប៉ុន្តែ​រដ្ឋ​នេះ​មិនមាន​កងទ័ព​ច្រើន​ដើម្បី​ទប់ទល់​គ្រោះអាសន្ន​ធំ​ឡើយ​។​

​ដោយសារ​បញ្ហា​នេះហើយ ក្នុងនាម​ជា​រដ្ឋ​ដែល​សម្បូរ​ទ័ព​ជាងគេ​នៅក្នុង​បក្សសម្ព័ន្ធ​យោធា​ណា​តូ តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅ​ឈរជើង​នៅ​កាតា​ភ្លាមៗ​ក្រោយ​ផ្ទុះ​ជម្លោះ​ការទូត​កាលពី​សប្តាហ៍​មុន​ដែរ​។ សារព័ត៌មាន Al Jazeera ផ្សាយថាកងទ័ព​ដែល​ត្រូវបាន​តួកគី​បញ្ជូនទៅ​កាតា​នេះ​មាន​ប្រហែល ប្រាំ​ពាន់​នាក់ ក្រោយ​សភា​តួ​ក​គី​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​យោធា​រវាង​ប្រទេស​ជា​មិត្ត​ទាំងពីរ​ដែល​ចុះ​រួមគ្នា​តាំងពី​ឆ្នាំ ២០១៥ មក​នោះ​។

​ប៉ុន្តែ​វត្តមាន​ទ័ព​តួ​ក​គី​នៅ​កាតា ជា​យុទ្ធសាស្ត្រ​របស់​តួ​ក​គី​ដើម្បី​ធ្វើជា​ខ្នងបង្អែក​កាតា ដែល​ជួយ​ទប់ទល់​ការគំរាមកំហែង​ខាងក្រៅ​ជាពិសេស​ក្នុងករណី​ដែល មានការ​ឈ្លានពាន​ពី​សំណាក់​រដ្ឋ​អារ៉ាប់​ផ្សេង​ទៀតផង និង​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុងនាម​ជា​មហាអំណាច​តំបន់​ផង​។ របប​ដឹកនាំ​ក្រុង​អង់កា​រ៉ា​មិន​ពេញចិត្ត​ទង្វើរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​និង​គូកន​របស់គេ​កំពុង​ធ្វើ​ឡើយ ព្រោះ គោលនយោបាយ​តួ​ក​គី​មាន​និន្នាការ​ប្រហាក់ប្រហែល​នឹង​កាតា​ជាពិសេស​ការរក្សា​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​។ ទោះជា​ប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​នៅក្នុង​ជម្លោះ​មួយចំនួន ដូចជា​អ៊ីរ៉ង់ និង​ស៊ី​រី​ក្តី តួ​ក​គី​នៅតែមាន​លទ្ធភាព​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​បាន​យ៉ាង​ល្អ​ដែរ​។ ដូច្នេះហើយ វា​គ្មាន​ហេតុផល​អ្វីដែល​តួ​ក​គី​ត្រូវ​ចូលរួម​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ជួយ​ចាក់​ប្រេង​បន្ថែ​លើ​បញ្ហា​ឲ្យ​ជម្លោះ​រវាង​រដ្ឋ​អារ៉ាប់​និង​អ៊ីរ៉ង់​ឆេះ​កាន់តែខ្លាំង​ឡើយ​។ ក្រៅពី​ទ័ព តួ​ក​គី​ក៏បាន​ជួយ​ផ្គត់​ផ្គង់ស្បៀង​ដល់​កាតា​ផងដែរ​។​

​ចំណែក កាតា​ក៏បាន​ទទួល​ជំនួយ​ស្បៀងអាហារ​ពី​អ៊ីរ៉ង់​ដែរ​។ បញ្ហា​ស្បៀងអាហារ​ជា​អាយុជីវិត​កាតា​ព្រោះ​រដ្ឋ​មួយ​នេះ​ពឹង​ផ្អែកលើ​ស្បៀងអាហារ​បន្លែបង្ការ​ប្រហែល​៨០​ភាគរយ ពី​ក្រៅប្រទេស​ជាពិសេស​រដ្ឋ​អារ៉ាប់​នៅ​ជិតខាង​តែម្តង​។

​បច្ចុប្បន្ននេះ ប្រជាជន​រស់នៅ​កាតា​មាន​ប្រហែល ២,៧ លាន​នាក់​ដែល​ប្រហែល ៩០​ភាគរយ​នៃ​ប្រជាជន​ទាំងនេះ​គឺជា​កម្មករ​បរទេស​ដែល​ចូលទៅ​ធ្វើការ​ងារ​នៅ​កាតា ប៉ុណ្ណោះ​។ ពួកគេ​ទទួលបន្ទុក​ជួយ​សាងសង់​សំណង់​ធំៗ​រួមទាំង​ពហុ​កី​ឡ​រដ្ឋា​ន​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២​ផងដែរ ហើយ​មិនមែនជា​កម្មករ​ជំនាញ​មាន​សមត្ថភាព​ខ្ពស់​ឡើយ​។​

​បន្ទាប់ពី​ជម្លោះ​ការទូត​កើតឡើង ហើយ​រាល់​ទំនាក់ទំនង​នានា​ត្រូវបាន​កាត់ផ្តាច់​រវាង​កាតា​និង​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ កាតា​ប្រញាប់ប្រញាល់​ជជែក​ជាមួយ​អ៊ីរ៉ង់​ដើម្បី​សុំ​ឲ្យ​អ៊ីរ៉ង់​ជួយ​ផ្គត់ផ្គង់​ចំណីអាហារ​និង​ទឹក​។ អ៊ីរ៉ង់​មិន​បង្អង់​យូរ​ឡើយ​ ហើយ​ទទួលយក​សំណើរ ជួយ​ផ្គត់ផ្គង់​ចំណីអាហារ​ទៅ​ឲ្យ​កាតា​ក្នុង​គ្រា​មាន​អាសន្ន​អន់ក្រ​នេះដែរ​។

​សារព័ត៌មាន Straits Times  ចុះផ្សាយ​ថា ក្រោយ​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​កាតា ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីរ៉ង់​បាន​ដឹកជញ្ជូន​បន្លែ​និង​ផ្លែឈើ​ពី​អ៊ីរ៉ង់​ទៅកាន់​កាតា​ដោយ​ប្រើប្រាស់​យន្តហោះ​ចំនួន​បួន​គ្រឿង​។ ជារួម​អ៊ីរ៉ង់​ដឹក​ផ្លែឈើ​និង​បន្លែ​ចំនួន ១០០ តោន​ទៅកាន់​កាតា​រាល់​​ថ្ងៃ​៕


Tag:
 កាតា​
  Ali Sherif al-Emadi
  រដ្ឋ​អារ៉ាប់​
  អ៊ីរ៉ង់​
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com