អន្តរជាតិ
អាពាហ៍ពិពាហ៍​រវាង​បុរស​៣​នាក់​ត្រូវបាន​ទទួលស្គាល់​នៅ​កូ​ឡុំ​ប៊ី​
14, Jun 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​កូ​ឡុំ​ប៊ី បានអនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ចាប់តាំងពី​ឆ្នាំ​២០១៦​មក ហើយ​កាលពី​ដើមខែ​កន្លងមក រដ្ឋាភិបាល​នៃ​ប្រទេស​នៅ​អាមេរិក​ឡាទីន​មួយ​នេះ បានទទួល​ស្គាល់ផ្លូវ​ច្បាប់​ចំពោះ​គ្រួសារ​មួយ​ដែលមាន​បុរស​៣​នាក់​។​



​បុរស​កូ​ឡុំ​ប៊ី​៣​នាក់​រួមមាន Victor Hugo Prada, Manuel Jose Bermudez និង John Alejandro Rodriguez បាន​អះអាងថា ពួកគេ​ត្រូវបាន​ទទួលស្គាល់​ផ្នែក​ផ្លូវច្បាប់​ក្នុង​ការកសាង​គ្រួសារ​ដ៏​ទំនើប​មួយ ហើយ​ជា​លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​។​

Victor Hugo Prada ដែលជា​តារា​សម្តែង បាន​អះអាង​តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ​ថា លោក និង​គូស្នេហ៍​ពីរ​នាក់​ទៀត គឺ​លោក John Alejandro Rodriguez ដែលជា​គ្រូ​កីឡា និង​លោក Manuel Jose Bermudez ដែលជា​អ្នកសារព័ត៌មាន បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវច្បាប់​នៅ​ក្រុង Medellin ក្នុង​ការកសាង​គ្រួសារ​រួមគ្នា​មួយ ជាមួយនឹង​ការទទួលបាន​សិទ្ធិ​គ្រប់គ្រង​រួម​។​

​យោងតាម AFP លោក Rincon Perfetti មេធាវី​អាល្លឺម៉ង់​ដែល​បម្រើការ​ឲ្យ​បណ្តាញ​អ្នក​ស្រឡាញ់ ភេទ ដូចគ្នា LGBTI បាន​អះអាងថា នេះ​ជា​ករណី​លើកដំបូង​បំផុត​ដែលមាន​ការទទួលស្គាល់​អាពាហ៍ពិពាហ៍​មនុស្ស​៣​នាក់​។​

​លោក Rincon Perfetti ថា​៖ «​វា​ជាការ​ទទួលស្គាល់ថា គ្រួសារ​បែប​ថ្មី​មួយទៀត បានកើត​មាន​ហើយ​»​។ កូ​ឡុំ​ប៊ី ជា​ប្រទេស​ទី​៤​នៅ​អាមេរិក​ខាងត្បូង ដែល​ទទួលស្គាល់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បន្ទាប់ពី​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង​អ៊ុយ​រូ​ហ្គា​យ​៕



Tag:
 ​ស្រឡាញ់​ភេទ​ដូចគ្នា​
  LGBT
© រក្សាសិទ្ធិដោយ thmeythmey.com