អន្តរជាតិ
យ៉ាងហោច ៦​នាក់​ស្លាប់​ក្នុងករណី​ភ្លើង​ឆេះ​អាគារ​កណ្តាល​ទីក្រុង​ឡុង​ដ៍​
14, Jun 2017 , 5:41 pm        
រូបភាព
រូបភាព ៖ Reuters
រូបភាព ៖ Reuters
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់ ៦​នាក់​ស្លាប់​និង​ច្រើនជាង ៥០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងករណី​ភ្លើង​ឆេះ​អាគារ​មួយ​នៅ​កណ្តាល​ទីក្រុង ឡុង​ដ៍ ចក្រភព​អង់គ្លេស នា​ថ្ងៃ​ពុធ​ទី ១៤​មិថុនា​។ គេ​បារម្ភ​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត ដោយសារ​អ្នករបួសធ្ងន់​មាន​ច្រើន​។​


 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ថា អ្នកស្លាប់​ក្នុងករណី​ភ្លើង​ឆេះ​អាគារ​អា​ផាត​មិន​មួយកន្លែង​ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​មាន​យ៉ាងហោចណាស់ ៦​នាក់ ហើយ​អ្នករបួស​ដែល​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នោះ​មាន​យ៉ាងហោចណាស់ ៥០​នាក់​ដែរ​។​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត​នៅពេល​ខាងមុខ​។

​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បាន​ថ្លែងថា ប្រជាជន​ដែល​រស់​នៅលើ​អាគារ​នោះ​ដណ្តើម​គ្នា​រត់ចេញ​តាម​ច្រក​នានា​ដែល​ពេញ​ទៅដោយ​ផ្សែងខ្មៅ បន្ទាប់ពី​ពួកគេ​ធុំក្លិន​ឆេះ​ពី​ខាងក្នុង​អាគារ ។ ប៉ុន្តែ​កណ្តឹង​អគ្គីភ័យ​មិនបាន​រោទិ៍​ឲ្យ​សញ្ញា​អាសន្ន​នោះឡើយ​។   ប្រជាជន​មួយចំនួន​ដែល​មិនអាច​ចាក​ចេញពី​អាគារ​បាន​ដោយសារ​ភ្លើង​ឆេះ​ខ្លាំង​នោះ ក៏បាន​ស្រែក​ដង្ហោយ​ហៅរក​ជំនួយ​តាម​បង្អួច​នៅ​ជាន់​ខាងលើ​គេ​ផងដែរ​។

​ចំណែក​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ទ្រង់ទ្រាយ​ធំ​នេះ​ត្រូវ​ចំណាយពេល​អស់​ជាច្រើន​ម៉ោង ហើយ​មាន​ការរួម​ពី​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ចំនួន ២០០​នាក់​រួមជាមួយ​រថយន្ត​ប្រហែល ៤០​គ្រឿង​ផ្សេងទៀត​ផងដែរ​។

​ប្រធាន​អង្គភាព​ពន្លត់អគ្គីភ័យ​ក្រុង​ឡុង​ដ៍ Dany Cotton បាន​អះអាងថា លោក​មិនដែល​ធ្លាប់​ឃើញ​ករណី​ឆេះ​ធ្ងន់ធ្ងរ​បែបនេះ​ទេពី​មុន ចាប់ពី​ពេលដែល​លោក​ចូល​បម្រើ​ការងារ​មក​នោះ​។​
«​ក្នុង​រយៈពេល ២៩​ឆ្នាំ​ដែល​ខ្ញុំបម្រើ​ការងារ​ជា​អ្នក​ពន្លត់អគ្គីភ័យ ខ្ញុំ​មិនដែល​ឃើញ​ទាល់តែសោះ​ករណី​ភ្លើង​ឆេះ​ធ្ងន់ធ្ងរ​និង​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ពេលនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Dany Cotton

​បន្ថែម​ពីនេះ តំណាង​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​រូបនេះ​បាន​អះអាងថា ភ្លើង​បាន​ឆាបឆេះ​ចាប់ពី​ជាន់​ទី ពីរ​ដល់​ជាន់​លើ​គេ​បង្អស់ ហើយ​ចាប់ពី​ជាន់​ទី​ពីរ​ដល់​លើ វា​មាន​អា​ផា​មិ​ត​សរុប ១៣០​ឯណោះ ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការឆាបឆេះ​នេះឡើយ​៕


Tag:
 ឡុង​ដ៍​
  Dany Cotton
© រក្សាសិទ្ធិដោយ thmeythmey.com