អន្តរជាតិ
នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​ទៅ​កាតា ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា
16, Jun 2017 , 3:14 pm        
រូបភាព
ដោយ:
 នាវាចម្បាំង​ពីរ​គ្រឿង​របស់​អាមេរិក​បាន​ទៅដល់​កាតា នៅ​ថ្ងៃ​ពុធ ទី​១៤ មិថុនា ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​ទ័ពជើងទឹក​កាតា ប៉ុន្មាន​ថ្ងៃក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចោទថា កាតា​ជា​អ្នកគាំទ្រ​ក្រុម​ភរ​វក​ម្ម​។  គេ​មិនដឹង​ច្បាស់​ថា អាមេរិក​រៀបចំ​គម្រោង​បញ្ជូន​នាវាចម្បាំង​ពីរ​គ្រឿង​នេះ​មក​កាតា​មុន​មាន​ជម្លោះ​រវាង​កាតា​និង​បណ្ដាល​រដ្ឋ​អារ៉ាប់ ឬក៏​ជា​ចេតនា​បង្ហាញ​ការគាំទ្រ​របស់​ក្រសួង​ការពារ​អាមេរិក​ចំពោះ​កាតា ឡើយ​។​



​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​បានធ្វើ​ដំណើរ​ទៅដល់​កាតា​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កងទ័ពជើងទឹក​កាតា នៅ​ថ្ងៃ​ពុធ ទី ១៤ មិថុនា​។  វត្តមាន​នាវាចម្បាំង​អាមេរិក​នៅ​កាតា​នេះ ក៏​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចោទថា កាតា ផ្តល់​លុយ​គាំទ្រ​ភេរវជន​។​

​កាតា ជា​កន្លែង​ដែល​មូលដ្ឋានទ័ព​អាមេរិក​ធំជាងគេ​នៅ​មជ្ឈិមបូព៌ា​តាំងនៅ ហើយ​កងទ័ព​អាមេរិក​ចំនួន​១១​ពាន់​នាក់​កំពុង​ឈរជើង​នៅ​មូលដ្ឋាន​ទ័ពអាកាស al-Udeid នេះ​។ ចំណែក​យន្តហោះ​ចម្បាំង​ច្រើនជាង ១០០ គ្រឿង​ដែល​ចេញ​ប្រតិបត្តិកា​កម្ចាត់​ក្រុម​ភេរវជន​ដោយ​ហោះ​ចេញពី​មូលដ្ឋានទ័ព​នេះ​។​

​សារព័ត៌មាន​កាតា Al Jazeera ចុះផ្សាយ​ថា នាវាចម្បាំង​ទាំងពីរ​គ្រឿង​របស់​អាមេរិក​មក​កាតា ចំពេល​ពេលដែល រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ទី​ស និង​សម​ភាគី​កាតា​លោក Khalid Al Attiyah  ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង F-15 ក្នុងតម្លៃ ១២​ពាន់​លាន​ដុល្លារ​។

 ការលក់​សព្វាវុធ​ទៅ​ឲ្យ​កាតា​នេះ ជួយ​បង្កើន​សមត្ថភាព​យោធា​របស់​កាតា និង​លើកស្ទួយ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​រវាង​អាមេរិក​និង​កាតា​។ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​ឡើយ​ថា អាមេរិក​គ្រោង​បញ្ជូន​នាវា​ទាំងពីរ​មក​កាតា​នេះ​តាំង​ពីមុន​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ​កើតឡើង ឬក៏​វា​ជាការ​បង្ហាញ​ការគាំទ្រ​របស់​ក្រសួងការពារជាតិ​អាមេរិក​ចំពោះ កាតា ឡើយ​។​

​ការគាំទ្រ​របស់​ក្រសួងការពារជាតិ​អាមេរិក​ដែល​ផ្ទុយស្រឡះ​ពី​ជំហរ​របស់​ប្រធានាធិបតី ត្រាំ ដែល​តែង​ចោទប្រកាន់​កាតា ហើយ​លោក​ឆ្លៀត​ទាញយក​ផលប្រយោជន៍​ពេល​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​កាត់ផ្ដាច់​ទំនាក់ទំនង​កា​ទូត​ជាមួយ​កាតា​នោះ​។​

​សប្តាហ៍​មុន ក្រសួងការពារជាតិ​អាមេរិក ក៏បាន​សរសើរ​កាតា ដែល​បន្ត​អនុញ្ញាត​ឲ្យ​អាមេរិក​តាំង​មូលដ្ឋានទ័ព និង​បន្ត​ប្ដេជ្ញាចិត្ត​ក្នុងការ​ថែរក្សា​សន្តិសុខ​តំបន់​ផង​។​

​សូមបញ្ជាក់ថា ដើមខែ​មិថុនា​នេះ អា​រ៉ា​ប៊ី សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម អេ​មី​រ៉ាត់ និង​បណ្ដា​រដ្ឋ​អារ៉ាប់​ដទៃទៀត​បានរួម​គ្នា​ផ្ដាច់ចំណង​ការទូត​ជាមួយ​កាតា ដោយ​ចោទថា កាតា​នេះ​ជា​អ្នកផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​ក្រុម​ភេរ​វជន​។ ប៉ុន្តែ​កាតា​បាន​បដិសេធ​ការចោទប្រកាន់​ម្ដង​ហើយ​ម្ដងទៀត​ដែរ​។ ការបិទផ្លូវ​ហោះហើរ​ពី​អា​រ៉ា​ប៊ី សា​អូឌីត យេ​ម៉ែន និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់ ទៅកាន់​កាតា​នេះ បានធ្វើ​ឲ្យ​កាតា​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​លើ​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​។ ជាងនេះទៅទៀត  ក្រុង​រី​យ៉ា​ត ក៏បាន​បិទ​ច្រកព្រំដែន​គោក​ជាមួយ​កាតា​ដែរ ហើយ​វា​ក៏​ជា​ច្រកព្រំដែន​គោក​តែមួយគត់​ដែល​កាតា មាន​៕


Tag:
 កាតា​
 ​អាមេរិក​
  ជេ​ម ម៉ា​ទី​ស​
  អា​រ៉ា​ប៊ី សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com