អន្តរជាតិ
​រុស្ស៊ីជឿថា​ ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែតអាមេរិកនឹងត្រូវប្រើប្រាស់ដើម្បី​ប្រឆាំងទាហាន​ស៊ី​រី​
16, Jun 2017 , 4:49 pm        
រូបភាព
រូបភាព៖ RT
រូបភាព៖ RT
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា អាមេរិក​បាន​បញ្ជូន​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​ហ្ស៊​កដា​នី​ទៅកាន់​មូលដ្ឋានទ័ព At Tanf  ដែល​ជាប់​ព្រំដែន​ស៊ី​រី​។ រុស្ស៊ី​បារម្ភ​ថា អាវុធ​ទាំងនោះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​លើ​ទាហាន​ស៊ី​រី​ដែល​កំពុង​ប្រយុទ្ធ​ក្រុម​ភេរវជន​ផងដែរ​។



​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ HIMARS របស់​ក្រុង​វ៉ា​ស៊ីត​តោន​ត្រូវបាន​ចល័ត​ចេញពី​ហ្ស៊​កដា​នី​ទៅកាន់​មូលដ្ឋានទ័ព At Tanf  ព្រំដែន​ស៊ី​រី​នៅ​សប្តាហ៍​នេះ​។ នេះ​បើតាម​បញ្ជាក់​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥​មិថុនា​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​ក៏​វាយតម្លៃ​ផងដែរ​ថា សព្វាវុធ​ថ្មី​នេះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ដែល​កំពុង​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​ដែ​ស្ហ​ផងដែរ​។  ប៉ុន្តែ ឥឡូវនេះ រុស្ស៊ី​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​អាមេរិក​នៅតាម​ព្រំដែន​ស៊ី​រី​និង​ហ្ស៊​កដា​នី​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖« នៅពេលនេះ​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម បាន​វាយប្រហារ​លើ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​ដែល​តាម​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែរ​នៅក្បែរ​ព្រំដែន​ហ្ស៊​កដា​នី​នោះ​ជាច្រើនលើក​ច្រើនសារ​។ ដូច្នេះ​វា​មិន​ពិបាក​គិត​ទេ​ថា ការវាយប្រហារ​លើ​ទាហាន​ស៊ី​រីនឹង​បន្ត​កើតមាន​ទៀត ប៉ុន្តែ​ពេលនេះ​គឺមាន​ការប្រើប្រាស់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត HIMARS ផងដែរ​»​។​

​ក្រុង​ម៉ូស្គូ​ក៏​សង្កត់ធ្ងន់​ផងដែរ​ថា រាល់​ការពង្រាយ​សព្វាវុធ​ធុន​ធ្ងន់​របស់​ប្រទេស​ដទៃ​នៅលើ​ទឹកដី​ស៊ី​រី​ចាំបាច់​ណាស់​ត្រូវ​មានការ​អនុញ្ញាត​ឬ​យល់ព្រម​ជាមុន​ពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី​ដែរ​។ ប៉ុន្តែ​ការពង្រាយ​សព្វាវុធ​រប​ស់​ក្រុង​វ៉ាស៊ីនតោន​នេះ​មិនមាន​ការអនុញ្ញាត​ឬ​យល់ព្រម​អ្វី​ឡើយ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ កងទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​បាន​វាយប្រហារ​លើ​ក្រុម​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ច្រើនដង​ដែរ ហើយ​អាមេរិក​អះអាងថា ការវាយប្រហារ​ជាការ​ឆ្លើយតប​នឹង​ការគំរាមកំហែង​នានា​ដែលមាន​ចំពោះ​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដែល​កំពុង​ឈរជើង​នៅ​មូលដ្ឋានទ័ព At Tanf នោះ​។​

​ទង្វើ​បង្ករឿង​របស់​អាមេរិក​នេះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ខឹងសម្បារ​ខ្លាំង ហើយ​រុស្ស៊ី​ក៏បាន​ទិតៀន​កងកម្លាំង​អាមេរិក​និង​ចោទថា ពួកគេ​កំពុង​ព្យាយាម​រារាំង​និង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​ស៊ី​រី​ចុះខ្សោយ​ដែរ​។​

​ដោយឡែក​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត HIMARS ត្រូវបាន​គេ​ចល័ត​ពី​ហ្ស៊​កដា​នី​ទៅដល់​គោលដៅ​ហើយ​។ អ្នកជំនាញ​យោធា​លើកឡើងថា ការបន្ថែម​សព្វាវុធ​នេះ​ពង្រឹង​កម្លាំងយោធា​អាមេរិក​កាន់​ខ្លាំង​នៅ​ស៊ី​រី​។

​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​នេះដែរ​មាន​សមត្ថភាព​ខ្ពស់​ដោយសារ​វា​អាច​បាញ់​គ្រាប់​បាន​ច្រើន​ប្រភេទ​រួមទាំង​ប្រភេទ​គ្រាប់​ដែល​អាច​ហោះហើរ​បាន​ចម្ងាយ ៤៨០ គីឡូម៉ែត្រ​ផងដែរ​៕


Tag:
 ​រុស្ស៊ី​
  ស៊ី​រី​
  អាមេរិក​
  At Tanf
© រក្សាសិទ្ធិដោយ thmeythmey.com