អន្តរជាតិ
ព្រឹទ្ធសភា​អាមេរិក អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង​រុស្ស៊ី និង​អ៊ីរ៉ង់​
16, Jun 2017 , 10:19 pm        
រូបភាព
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​កំណត់​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី និង​អ៊ីរ៉ង និង​បង្ខំ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រក​ការអនុញ្ញាត​ពី​សភា​ទាំងពីរ​សិន មុន​បន្ធូរបន្ថយ លុបចោល ឬ​ព្យួរ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​។  បញ្ជី​ទណ្ឌកម្ម​ថ្មី​ដែលមាន​គោលដៅ​ដាក់​គំនាប​លើ​រុស្ស៊ី​នេះ​នឹង​បង្កើត​ឧបសគ្គ​ថ្មី​ទៀត​សម្រាប់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ដែលមាន​ជំហរ​ចង់ទៅ​ស្និទ្ធ​ជាមួយ​រុស្ស៊ី​នោះ​។​



​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែលមាន​គោលដៅ​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​, អ៊ីរ៉ង់ និង​តម្រូវ​ឲ្យ​ប្រ​ធានា​ធិបតេយ្យ​ស្វែងរក​ការយល់ព្រម​ជាមុន​ពីស​ភា​ទាំងពីរ​សិន​ដើម្បី​លុបចោល​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ច្បាប់​ថ្មី​ដែល​ព្រឹទ្ធសភា​អាមេរិក​ទើប​អនុម័ត​ក្រោម​សំឡេង ៩៨ ទល់នឹង ២​នេះ មាន​គោលដៅ​ចម្បង​ពិន័យ​រុស្ស៊ី​ដែល​ហ៊ាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦, ការ​ក្រសោប​យក​ទឹកដី Crimea  ក៏ដូចជា​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ច្បាប់​ថ្មី​នេះ​ក៏មាន​បញ្ចូល​វិធាន​ការដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ដែល​បន្ត​អភិវឌ្ឍ​កម្មវិធី​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​កន្លងមក​ផងដែរ​។​
 
​បើសិនជា​ច្បាប់​នេះ​ត្រូវ​រដ្ឋសភា​អនុម័ត និង​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​នោះ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទាំង​អម្បាលម៉ាន​ដែល​ដាក់ចេញ​ដោយ​ក្រឹត្យ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចូល​ជា​ធរមាន​។ ហើយ​ច្បាប់​នេះ​ក៏​បង្កើត​ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង ក្រុមហ៊ុន​រ៉ែ​, ដឹកជញ្ជូន និង​រថភ្លើង​ជាដើម​។​

​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​លោក Bob Corker បាន​ថ្លែងថា​៖« ច្បាប់​នេះ​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅកាន់​រុស្ស៊ី ក៏ដូចជា​រាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដែល​រុស្ស៊ី​បានធ្វើ​កន្លងមក​»​។

 ក្រៅពីនេះ វា​ក៏មាន​គោលដៅ​ដាក់ទណ្ឌកម្ម​រាល់​ជនជាតិ​ឬ​ក្រុមហ៊ុន​រុស្ស៊ី​ដែល​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​អ៊ីនធឺណិត និង ផ្គត់ផ្គង់​អាវុធ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ផងដែរ​។ ក្រោម​អំណាចច្បាប់​ថ្មី​នេះ ប្រធានាធិបតី​ដែល​ធ្លាប់​មានអំណាច​លុបចោល​ទណ្ឌកម្ម​នោះ ក៏​ចាំបាច់​ត្រូវ​ស្វែងរក​ការយល់ព្រម​ពីស​ភា​ជាមុន​ដែរ​មុន​អាច​លុប ព្យួរ ឬ​បន្ថយ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​។​

 តាម​ស្ថានភាព​ជាក់ស្តែង ច្បាប់​នេះ​នឹង​បង្កើត​ឧបសគ្គ​ថ្មី​ទៀត​សម្រាប់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​បំណង​ចង់​បង្កើត​ចំណងមិត្តភាព​ស្និទ្ធស្នាល​ជាមួយ​របប​ដឹកនាំ​រុស្ស៊ី​នោះ​។

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក៏​ស្រង់​សម្តី​ប្រតិកម្ម របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន តប​ការអនុម័ត​ច្បាប់​នេះដែរ​។​លោក ពូ​ទីន ព្រលយ​ថា ការសម្រេច​ធ្វើបែបនេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការតស៊ូរ​ប្រជែង​ផ្នែក​នយោបាយ​ក្នុងសង្គម​អាមេរិក ហើយ​រាល់​បំណង​ដាក់ទណ្ឌកម្ម​ទាំងឡាយ​កន្លងមក ជាការ​ព្យាយាម​របស់​អា​មេ​រិ​ក​ក្នុងការ​រារាំង​ការ​ងើបឡើង​របស់​រុស្ស៊ី​ដែរ​។​

​ត្រឡប់មកវិញ បន្ទាប់ពី​ព្រឹទ្ធសភា​អនុម័ត​ហើយ​នោះ ច្បាប់​នេះ​នឹងត្រូវ​បញ្ជូនទៅ​រដ្ឋសភា​ដើម្បី​បើ​អង្គប្រជុំ​ជជែក​ដេញដោល​គ្នា​។ ប៉ុន្តែ​គេ​នៅតែ​មិនទាន់​ច្បាស់​ថា ការបោះឆ្នោត​អនុម័ត​ច្បាប់​នេះ​នៅ​រដ្ឋសភា អាច​នឹងត្រូវ​រៀបចំ​ឲ្យ​បាន​មុន​ចុងខែ​កក្កដា មុនពេល​សមាជិកសភា​ឈប់សម្រាក​រដូវក្តៅ​ឬ​អត់​ឡើយ​។

​បច្ចុប្បន្ននេះ រដ្ឋបាល ដូ​ណា​ល់ ត្រាំ ព្យាយាម​រារាំង​ការអនុម័ត​ច្បាប់​នេះ​។ នៅ​រដ្ឋសភា​បក្ស​សាធារណៈរដ្ឋ​កាន់កាប់​អាសនៈ​ភាគច្រើន​សរុប ២៣៨ ខណៈដែល​បក្ស​ប្រជាធិបតេយ្យ​កាន់កាប់​ត្រឹមតែ ១៩៨ អាសនៈ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​កញ្ចប់​ទណ្ឌកម្ម​ដែល​មានចែង​ក្នុង​ច្បាប់​នេះ​ប្រហែលជា​ត្រូវ​កែតម្រូវ​ច្រើន ដើម្បី​អាច​ចេញរួច​។​

​ពាក់ព័ន្ធ​បំណង​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នេះដែរ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន បាន​ចោទសួរ​ផងដែរ​ជុំវិញ​ការជំរុញ​ឲ្យ​មានការ​អនុម័ត​ច្បាប់​នេះ​។ លោក​ក៏បាន​ទទូច​ឲ្យ​សភា​គិតគូរ​ឡើងវិញ និង​ធានា​ឲ្យ​បាន​ថា ច្បាប់​ថ្មី​ដែល​ដាក់ទណ្ឌកម្ម​រុស្ស៊ី​នេះ​នៅតែ​ទុក​ផ្លូវ​ឲ្យ​ប្រធានាធិបតី​អាច​បត់បែន​បាន​ក្នុង​ការកំណត់​ទណ្ឌកម្ម ស្របតាម​តម្រូវការ និង​ស្ថានភាព​ការទូត​ជាក់ស្តែង​ផងដែរ​៕


Tag:
 ​ព្រឹទ្ធសភា​អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com