អន្តរជាតិ
បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ព្រោះ​បង្ហោះ​រូប​សាកសព​ជនរងគ្រោះ​ឆេះ​អាគារ​ក្រុង​ឡុង​ដ៍​
17, Jun 2017 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​សាកសព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អាគារ​ក្នុង​ក្រុង​ឡុង​ដ៍​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Telegragh ។ មនុស្ស​យ៉ាងតិច​១២​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ឆេះ​អាគារ​កម្ពស​២៤​ជាន់​ក្នុង​ទីក្រុង​ឡុង​ដ៍ ខណៈ​ការស៊ើបអង្កេត​រក​មូល​ហេតុ​កំពុង​ធ្វើតាម​។



​ប៉ូលិស​អង់គ្លេស បាន​ឃាត់ខ្លួន​បុរស​វ័យ​៤៣​ឆ្នាំ ក្រោយ​បុរស​រូបនេះ​បង្ហោះ​រូបសាក​សព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អាគារ Grenfell Tower កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​។ បុរស​អង់គ្លេស​ដដែល​នេះ បាន​បង្ហោះ​រូបភាព​សាកសព ដែលមាន​បិទបាំង​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​នៅលើ​បណ្ដាញ​សង្គម​របស់​រូបគេ​ផ្ទាល់​។​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​សាកសព បុរស​ខាងលើ​នោះ​ក៏បាន​សរសេរ​ពាក្យ​មួយ​ថា មាន​អ្នកណា​ស្គាល់​ជនរងគ្រោះ​នេះ​ឬទេ ហើយ​រូបគេ​ទាញ​ក្រណាត់​ដែល​បិទបាំង​សាកសព​ដែរ​។ គោលដៅ​នៃ​ការ​បង្ហោះ​រូបសាក​សព ទំនងជា​ដើម្បី​ស្វែងរក​សាច់ញាតិ​ជនរងគ្រោះ​ដែល​កំពុង​អន្ទះអន្ទែង​រង់ចាំ​ព័ត៌មាន​ពី​សមាជិកគ្រួសារ​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក្នុង​ក្រុង​ឡុង​ដ៍​និយាយថា បុរស​ខាងលើ​ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ស្ថានីយ៍ Latimer Road ដោយ​ជាប់​សង្ស័យថា​បាន​ចែកចាយ​រូប​ភាពមិន​សមរម្យ និង​បង្ក​ឧបសគ្គ​ដល់​មន្ត្រីប៉ូលិស​ដែល​កំពុង​វិភាគ​សាកសព​ជនរងគ្រោះ​។ បន្ទាប់ពី​ឃាត់ខ្លួន ប៉ូលិស​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​កន្លែង​ឃុំខ្លួន​របស់​ប៉ូលិស​ក្រុង​ឡុង​ដ៍​។ តាមច្បាប់ ជនសង្ស័យ​រូបនេះ​អាច​ជាប់ពន្ធនាគារ​ដល់​ទៅ​៦​ខែ​ឯណោះ​។​

​នេះ​ជា​គ្រោះថ្នាក់​អគ្គីភ័យ​ធ្ងន់ធ្ងរ​មិន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​។ មនុស្ស​១២​នាក់​បាន​ស្លាប់ ហើយ​ក្រុម​ជួយសង្គ្រោះ​បាន​ជួយ​មនុស្ស​៦៥​នាក់​ក្នុង​ហេតុការណ៍​ឆេះ​នេះ​។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​និយាយ​ដែរ​ថា មាន​មនុស្ស​ជាច្រើន​បន្ត​ជាប់​ខ្លួន​ក្នុង​អាគារ​នេះ ហើយ​ខ្លះទៀត​ព្យាយាម​លោត​ពីលើ​អាគារ​តែម្ដង ដើម្បី​គេចផុត​ពី​ភ្លើង​កំពុង​ឆាបឆេះ​។

​អនុប្រធាន​អង្គភាព​ពន្លត់អគ្គីភ័យ​ក្រុង​ឡុង​ដ៍ Steve Apter និយាយថា ភ្លើង​បន្ត​ឆេះ​អាគារ​នៅឡើយ ព្រោះ​កន្លែង​ខ្លះ​ក្រុម​ពន្លត់អគ្គីភ័យ​មិន​អា​ចូលដល់​បានឡើយ ប៉ុន្តែ​ក៏បាន​រុករក​ស្ទើរ​មួយ​អាគារ​ទៅហើយ​ដែរ​។ ដោយឡែក​អភិបាលក្រុង​ឡុង​ដ៍ Sadiq Khan លើកឡើងថា ក្រុម​សង្គ្រោះបន្ទាន់​បានបញ្ចប់​ការងារ​សង្គ្រោះ​ហើយ ដោយពេល​នេះ​បន្ត​ដល់​ការងារ​ព្យាបាល ឬក៏​រុករក​វិញ​ម្ដង​៕


Tag:
 អង់គ្លេស​
  អគ្គីភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com