អន្តរជាតិ
ប៉ូលិស​ប៉ា​គី​ស្ថាន​ឃាត់​ខ្លូន​អ្នកជំនួញ​ម្នាក់​ដែល​ដឹក​តោ​ដើរ​កម្សាន្ត​តាមផ្លូវ​
17, Jun 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ប៉ូលិស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​១៥ ខែមិថុនា កន្លងមក បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​បើករថយន្ត​ដឹក​សត្វ​តោ ដើរលេង​នៅពេល​យប់​តាម​ដងផ្លូវ​នៃ​ក្រុង Karachi​។ បើតាម Reuters ការឃាត់ខ្លួន​ធ្វើឡើង​បន្ទាប់ពី​មានការ​បង្ហោះ​វីដេអូ​នៅលើ​បណ្តាញ​សង្គម​។​



​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន អ្នកមាន​ទ្រព្យសម្បត្តិ មាន​ចិញ្ចឹមសត្វ​សាហាវ និង​បង្កើត​សួនសត្វ​ជា​លក្ខណៈ​ឯកជន​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ អ្នកជំនួញ​ម្នាក់​ឈ្មោះ Saqlain Javed បាន​បង្ក​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ ជាពិសេស​ថ្មើរជើង នៅ​ក្រុង Karachi ដោយ​គាត់​បាន​ជិះ​រថយន្ត​ដឹក​តោ ដាក់​ពីក្រោយ នា​ដំណើរ​កម្សាន្ត​ពេល​រាត្រី​។​
​មន្ត្រីប៉ូលិស​ប្រចាំ​តំបន់​ម្នាក់​ឈ្មោះ Muqadas Haider បាន​រៀបរាប់ Reuters ថា លោក Saqlain Javed បាន​នាំ​តោ​ដើរលេង​ដោយ​ជិះ​កាន់​ផ្សារ និង​ទីប្រជុំជន​មួយចំនួន ដោយនៅ​ទីនោះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ជាច្រើន​។​

​លោក Haider បាន​អះអាងថា លោក Javed មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ក្នុង​ការបើក​សួនសត្វ​ជា​លក្ខណៈ​ឯកជន ប៉ុន្តែ​គាត់​មិនមាន​សិទ្ធិ​ដឹក​សត្វ​កាច​សាហាវ​របស់ខ្លួន​ធ្វើដំណើរ​នៅតាម​ផ្លូវ​នានា​នោះឡើយ​។​

​បន្ទាប់ពី​បាន​មើល​វីដេអូ​ទាក់ទង​នឹង​សកម្មភាព​របស់លោក Javed ប៉ូលិស​ប្រចាំ​តំបន់​បានធ្វើការ​ឃាត់ខ្លួន ប៉ុន្តែ​ក្រោយមក​បាន​ដោះលែង​វិញ បន្ទាប់ពី​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញ​សត្វព្រៃ​នៅក្នុង​ទីក្រុង Karachi៕





Tag:
 តោ​
  ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com