អន្តរជាតិ
ក្មេង​អាយុ​៦​ឆ្នាំ និង​២​ខែ ត្រូវ​ម្តាយ​បោះបង់ចោល ហើយ​បងប្រុស​យំ​បដិសេធ​ចេញពី​ប្អូន​
17, Jun 2017 , 2:36 pm        
រូបភាព
ដោយ: ធីតា
ទារក​ម្នាក់​ត្រូវដាក់​ក្នុង​កេស​ស្រា​បៀ​ពណ៌​ក្រហម​មួយ និង​មាន​បងប្រុស​ខ្លួន​អង្គុយ​ក្បែរ​នោះ​។ ពួកគេ​គឺជា​ក្មេង​ដែល​ត្រូវ​ម្តាយ​បោះបង់ចោល​នៅក្បែរ​វិហារ​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦ ខែមិថុនា កន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Mail​។​



​រូបថត និង​ឃ្លី​ប​វីដេអូ បានធ្វើ​ឲ្យ​អ្នកទស្សនា​រន្ធត់ចិត្ត​យ៉ាងខ្លាំង ដោយ​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ អង្គុយ​នៅជាប់​នឹង​ប្អូន​របស់ខ្លួន​ទាំង​ទឹកភ្នែក​។ គេ​មិន​ព្រម​ដើរចេញ​ទៅណា​ឆ្ងាយ​ពី​ប្អូនប្រុស​អាយុ​ត្រឹម​២​ខែ​របស់ខ្លួន​នោះឡើយ​។​

​បើតាម​ប្រភព​ដែល Daily Mail បាន​ដកស្រង់ ម្តាយ​របស់​ក្មេងប្រុស​ទាំងពីរ បាន​ជិះ​ម៉ូតូ​ទម្លាក់​កូន​របស់ខ្លួន​ចោល​កាលពី​វេលា​ម៉ោង​៥​ព្រឹក ដោយ​អះអាងថា​ខ្លួន​យក​ម៉ូតូ​ទៅ​ចាក់​សាំង​។ ប៉ុន្តែ​បន្ទាប់មក ស្រី​រូបនោះ មិនបាន​ទៅរក​កូន​របស់ខ្លួន​វិញ​នោះឡើយ​។​

​បច្ចុប្បន្ន ប៉ូលិស​មូលដ្ឋាន​កំពុង​ស្រាវជ្រាវ​រក​ឪពុកម្តាយ​របស់​កុមារ​ទាំងពីរ​ដើម្បី​ស្វែងយល់​ពី​មូលហេតុ​ឲ្យ​បានច្បាស់លាស់​។ ទារក​អាយុ​២​ខែ ត្រូវបាន​បញ្ជូនទៅ​ថែទាំ​នៅ​មន្ទីរពេទ្យ ខណៈ​បងប្រុស​របស់គេ​ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com