ជាតិ
ពលរដ្ឋ​អគា​ប៊ូ​ឌី​ញ​«​ស​» ៤១៤​បន្ទប់ បាន​ទូទាត់​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន​
17, Jun 2017 , 9:39 pm        
រូបភាព
រូបពីវេបសាយក្រសូងរៀបចំដែន នគរូបនីយកម្ម និងសំណង់
រូបពីវេបសាយក្រសូងរៀបចំដែន នគរូបនីយកម្ម និងសំណង់
​ភ្នំពេញ​៖​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមិថុនា ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ​«​ស​» ៤១៤​បន្ទប់ ក្នុងចំណោម​៤៦៤​គ្រួសារ ដែល​បាន​យល់ព្រម​ចុះ​កិច្ចសន្យាលក់​-​ទិញ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​កា​វ៉ា បាន​ទូទាត់​ប្រាក់​សំណង​ជា​ផ្លូវការ​រួចរាល់​ហើយ ទៅតាម​តម្លៃ​នៃ​ទំហំ​បន្ទប់​របស់​ពួកគាត់ ដែល​បាន​វាស់វែង​ដោយ​អ្នកជំនាញ​របស់​ក្រសួង​ដែនដី​។​



​បើតាម​ក្រសួង​រៀបចំ​ដែនដី ពលរដ្ឋ​ដែល​បានមក​ទទួលយក​សំណង​នេះ ក្រុមហ៊ុន​ក៏បាន​ឧបត្ថម្ភ​ថវិកា ១០០​ដុល្លារ​បន្ថែមទៀត សម្រាប់​ការ​រើ​អីវ៉ាន់​ចាកចេញ ព្រមទាំង​ផ្ដល់ជូន​សារុង ០១ និង​ក្រមា ០១ ផងដែរ​។



​ក្នុង​កិច្ចសន្យាលក់​ទិញ​អាគារ​ប៊ូ​ឌី​ញ​នេះដែរ​ក្រុមហ៊ុន​ជប៉ុន​អា​រ៉ា​កា​វ៉ា បានផ្ដល់​តម្លៃ​គឺ​មួយ​ម៉ែត្រការ៉េ​១៤០០​ដុល្លារ​។ ដូច្នេះ​ចំពោះ​អ្នក​ដែលមាន​បន្ទប់​ផ្ទៃក្រឡា​ធំ និង​ទទួលបាន​ប្រាក់​ច្រើន​ទៅតាម​ការវាយតម្លៃ​រប​ស់​ក្រសួង​ដែរ ។ ពលរដ្ឋ​ដែល​ចាក​ចេញពី​អគារ​ប៊ូ​ឌី​ញ​អាច​ទទួលបាន​សំណង ចាប់​ពីរម៉ឺន​ដុល្លារ ដល់​ប្រាំ​ម៉ឺន​ដុល្លារ ឬ​លើសពីនេះ​ផងដែរ នៃ​ទំហំ​បន្ទប់​នីមួយៗ​។ នេះ​បើតាម​ពលរដ្ឋ ដែល​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ កន្លងមក​។​



​ក្នុងចំណោម​ពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ូ​ឌី​ញ​ចំនួន ៤៩៣ បន្ទប់ មាន​ពលរដ្ឋ​នៅ​អាគារ​ប៊ូ​ឌី​ញ​៤៦៤ បន្ទប់ ដែល​យល់ព្រម​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន ។ ចំណែក​ពលរដ្ឋ​២៨​បន្ទប់​ទៀត មិនទាន់​យល់ព្រម​ទទួលយក​សំណង​នេះឡើយ​។ តែ​យ៉ាងណា​ក្រសួង​រៀបចំ​ដែនដី បានប្រកាសថា ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​នេះ នឹងត្រូវ​រើចេញ​ពី​អគារ​ប៊ូ​ឌី​ញ ចាប់ពី​ថ្ងៃទី​៦ មិថុនា ដល់​ថ្ងៃទី​៦​កក្កដា​ខាងមុខនេះ​។​



​សូមបញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ​ដែលមាន​វ័យ​ចំណាស់ បង្កើតឡើង​នា​អំឡុង​ទសវត្ស ១៩៦០ ត្រូវបាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ អា​រ៉ា​កា​វ៉ា ទិញ​ពី​ពលរដ្ឋ​ក្នុងតម្លៃ​១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទីតាំង​អគារ​ប៊ូ​ឌី​ញ​នេះ នឹងត្រូវ​សង់​ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់​៣០​ជាន់ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ចន្លោះ​ពី​៧០​លាន ទៅ​៨០​លាន​ដុល្លារ​អាមេរិក​៕



Tag:
 អគារ​ប៊ូ​ឌី​ញ​
 ​ ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com