អន្តរជាតិ
លោក ត្រាំ មិន​ហ៊ាន​លុប​មរតក​នយោបាយ​ការបរទេស​ចំពោះ​គុយបា​របស់លោក អូ​បា​ម៉ា ទាំងស្រុង​ឡើយ​
17, Jun 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​លុបចោល​គោលនយោបាយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា ដែល​សម្រេចបាន​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​ផ្នែក​ប៉ុណ្ណោះ​។ ជារួម អាមេរិក​មិន​ផ្តាច់ចំណង​ការទូត​ជាមួយ​គុយបា​វិញ​ឡើយ ប៉ុន្តែ​វិធានការ​តឹងរ៉ឹង​មួយចំនួន​ត្រូវ​នឹង​អនុវត្ត​ឡើង​ក្នុងនោះ​មានការ​រឹតបន្តឹង​ការធ្វើដំណើរ​ទៅ​គុយបា និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រួមគ្នា​ផង​ដើម្បី​ធានាថា ដឹកនាំ​ក្រុង​ហា​វ៉ា​ណា​នឹង​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផងដែរ​។​



​បន្ទាប់ពី​ត្រួតពិនិត្យ​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សម្រេចបាន​ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​គុយបា ឆ្នាំ ២០១៤ លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​លុបចោល​ចំណុច​ខ្លះ​នៃ​គោលនយោបាយ​អាមេរិក​ចំពោះ​គុយបា ។ រាល់​ទំនាក់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ជាមួយ​គុយបា​នឹងត្រូវ​រឹតបន្តឹង​ឡើងវិញ​ក្រោម​វិធានការ​ថ្មី​របស់លោក ត្រាំ​។​

«​យើង​មិនអាច​នៅ​ស្ងៀមស្ងាត់​ចំពោះ​របប​ដឹកនាំ​កុម្មុយនីស្ត​គុយបា​ដែល​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​យូរ​ជាង​នេះឡើយ​»​។  នេះ​ជាស​ម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​អ្នកគាំទ្រ​លោក​នៅ​ថ្ងៃ​សុក្រ នា​ក្រុង Little Havana នារ​ដ្ឋ Miami ដែល​ពួកគេ​ភាគច្រើន​ជា​ប្រជាជន​គុយបា​ដែល​រត់​ភៀសខ្លួន​មក​រស់នៅ​អាមេរិក​។​

«​យើង​មិន​ចង់​ឲ្យ​លុយ​ដុល្លារ​អាមេរិក​ក្លាយជា​ប្រយោជន៍​សម្រាប់​ក្រុម​យោធា​គុយបា​ដែល​រំលោភបំពាន និង​កេងប្រវ័ញ្ច​ប្រជាជន​គុយបា​ឡើយ​»​។ លោក ត្រាំ បន្ថែម​ដូច្នេះ​។​

​យោងតាម​សារព័ត៌មាន New York Times បន្ទាប់ពី​ថ្លែង​ហើយ លោក ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​កម្រាស់​ប្រាំមួយ​ទំព័រ​ដែលមាន​គោលដៅ​រឹតបន្តឹង​ការធ្វើដំណើរ​ទៅ​គុយបា និង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​ការី​ប៊ី​ន​នេះដែរ​។​

​អ្វីដែល​លោក ត្រាំ ធ្វើ​នៅពេលនេះ គឺ​លោក​ចង់​បញ្ជាក់ថា លោក​គោរព​រាល់​សម្តី​ដែល​បាន​សន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​កន្លងមក និង​យកចិត្ត​ប្រជាជន​អាមេរិក​ដើមកំណើត​គុយបា​នៅ​ក្រុង Little Havana ដែលជា​អ្នកបោះឆ្នោត​គាំទ្រ​លោក កន្លងមក​។

​យ៉ាងណា​ក៏ដោយចុះ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ វិធាន​ការដែល​រដ្ឋបាល​លោក ត្រាំ នឹង​អនុវត្ត​នោះ​មិន​ប៉ះពាល់​ខ្លាំង​ឬ លុបចោល​មរតក​នយោបាយ​ការបរទេស​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​គុយបា ទាំងស្រុង​ឡើយ​។​

​ជារួម លោក ត្រាំ មិន​បញ្ចប់​ទំនាក់ទំនង​ការទូត​ទ្វេរ​ភាគី​ដែល​ស្តារ​ឡើង​ដោយ​រដ្ឋបាល​មុន​ឡើយ ហើយ​វា​ក៏​គ្មាន​ទណ្ឌកម្ម​ថ្មី​ដែល​នឹងត្រូវ​ដាក់ចេញ​ប្រឆាំង​របប​ដឹកនាំ​កា​ស្ត្រូ​ដែរ​។ ស្ថានទូត​គុយបា​នៅ​អាមេរិក និង​ស្ថានទូត​អាមេរិក​នៅ​គុយបា​នៅតែមាន​ដំណើរការ​ជា​ប្រក្រតី ហើយ​ការហោះហើរ ឬ​ការធ្វើដំណើរ​តាម​កប៉ាល់​ផ្ទាល់​ទៅវិញទៅមក​រវាង​គុយបា និង​អាមេរិក នៅតែ​បន្ត​ដោយ​មិន​រង​ផលប៉ះពាល់​អ្វី​ឡើយ​។​

 អ្វីដែល​លោក ត្រាំ គ្រាន់តែ​រឹតបន្តឹង​ការអនុវត្ត​បទ​ប​ញ្ញ​តិ្ត​ដែលមាន​ស្រាប់​ដើម្បី​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​គុយបា ឲ្យ​គោរព​សិទ្ធិមនុស្ស​និង​បើកចំហរ​ជាង​មុន​ប៉ុណ្ណោះ​។  វិធានការ​ទាំងនោះ​រួមមាន អាមេរិក​នឹង​រឹតបន្តឹង​ការធ្វើដំណើរ​ទៅ​ប្រទេស​គុយបា​ក្នុងនាម​ជា​អ្នកទេសចរ​លក្ខណៈ​បុគ្គល វា​លែង​តែ​ការធ្វើដំណើរ​នោះ​មាន​ហេតុផល​ទៅ​សិក្សា​ឬ​មានការ​អនុញ្ញាត​ជា​ផ្លូវការ​ប៉ុណ្ណោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នានា​ឬ​ប្រជាជន​អាមេរិក​មិនអាច​ធ្វើ​ជំនួញ​ជាមួយ​រាល់​ក្រុមហ៊ុន​ទាំងឡាយណា​របស់​គុយបា​ដែល​គ្រប់គ្រង​ដោយ​យោធា​គុយបា​ដែរ​។

​វិធានការ​ថ្មី​របស់លោក ត្រាំ នេះ​ខុសពី​ការរំពឹងទុក​និង​ការចង់បាន​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​គុយបា​-​អាមេរិក លោក Marco Rubio​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ​ចង់​ឲ្យ​មានការ​គាស់​រំលើង​ចោល​ឲ្យ​អស់​នូវ​មរតក​នយោបាយ​ការបរទេស​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​គុយបា​ផង​។

​យ៉ាងណាមិញ អតីត​ទីប្រឹក្សា​សន្តិសុខ​រង និង​ជា​អ្នកទទួលខុសត្រូវ​បង្កើត​គោលនយោបាយ​ការបរទេស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយបា​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អ​បា​ម៉ា លោក Ben Rhodes បាន​រិះគន់​ការសម្រេច​របស់លោក ដូ​ណា​ល់ ត្រាំ ។ លោក អះអាងថា អ្វីដែល​លោក ត្រាំ ធ្វើ​នេះ​មិន​ជួយ​ឲ្យ​គុយបា​បើកចំហរ​ជាង​មុន និង​កែទម្រង់​ឡើយ​។ ផ្ទុយទៅវិញ លោក​ជឿជាក់ថា វា​នឹង​រុញ​ឲ្យ​គុយបា​កាន់តែ​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​មហាអំណាច​ផ្សេងទៀត​ដូចជា​ចិន និង​រុស្ស៊ី​តែប៉ុណ្ណោះ​៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  គុយបា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com