អន្តរជាតិ
ប្រើពេល​១៧​ឆ្នាំ​តាម​យក​កូន ទីបំផុត​កើត​បានកូន​ភ្លោះ​ប្រុស​៣ ស្រី​៣
18, Jun 2017 , 10:59 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ដើមកំណើត​នី​ហ្សេ​រី​យ៉ា​ម្នាក់ ដែល​រស់នៅ​សហរដ្ឋអាមេរិក បាន​ព្យាយាម​អស់​រយៈពេល​១៧​ឆ្នាំ ដើម្បី​បាន​ពរ​ពោះ​បង្កើតកូន​។ ទីបំផុត​កាលពី​ថ្ងៃទី​១១ ខែឧសភា គាត់​បានផ្តល់​កំណើត​ដល់​ទារក​រហូតដល់​ទៅ​៦​នាក់​ក្នុងពេល​តែមួយ​។​



​តាំងពី​រៀបការ​មក អ្នកស្រី Ajibola និង​លោក Abedoye Taiwo ព្យាយាម​ដោយ​មិន​បោះបង់ចោល​ក្តីសង្ឃឹម​ដើម្បី​ក្លាយជា​ឪពុកម្តាយ​របស់គេ​នោះឡើយ​។ ១៧​ឆ្នាំ​ក្រោយមក ប្តី​ប្រពន្ធ​នី​ហ្សេ​រី​យ៉ា ដែល​រស់នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក បានសម្រេច​ក្តី​សុបិន​របស់ខ្លួន ប៉ុន្តែ​មិនមែនជា​គ្រួសារ​តូច​នោះឡើយ ពោលគឺ​មានកូន​ភ្លោះ​រហូត​ដល់​ទៅ​៦​នាក់​ឯណោះ​។​



​កូនភ្លោះ​ប្រុស​៣ ស្រី​៣ បានចាប់កំណើត​ពី​ផ្ទៃ​របស់​អ្នកស្រី Ajibola ដោយមាន​សុខភាព​ល្អ ជាមួយនឹង​ការ​សម្រាល​ក្រោម​វិធីសាស្ត្រ​ពិសេស​មួយ​នៅ​មន្ទីរពេទ្យ​កុមារ Richmond ក្នុង​រដ្ឋ Virgnia កាលពី​ថ្ងៃទី​១១ ខែឧសភា​។​

​យោងតាម​ការផ្សាយ​រប​ស់ Washington Post ប្តី​ប្រពន្ធ​១​គូ​នេះ បាន​រីករាយ​តាំងពី​ខែវិច្ឆិកា ឆ្នាំមុន នៅពេលដែល​ពួកគេ​ដឹងថា កំពុង​ពរ​ពោះ​កូនភ្លោះ​៤​នាក់ ហើយ​២​ខែក្រោយ​មក ពួកគេ​បាន​ទៅ​ជួប​ពេទ្យ​តាម​ការ​ណាត់ ហើយក៏​ពិនិត្យឃើញ​ទៀតថា កូនភ្លោះ​របស់​ពួកគាត់​ឡើងដល់​៦​នាក់​។​

​នៅមុន​តំណាក់កាល​ប្រសូត អ្នកស្រី Ajibola ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ជាពិសេស​ពី​គ្រូពេទ្យ​អស់​រយៈពេល​ជាច្រើន​ខែ​។ ពេទ្យ​ជំនាញ និង​ជំនួយ​ការប្រមាណ​៤០​នាក់ បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​អ្នកស្រី Ajibola រហូតដល់​ប្រសូត​បានកូន​ប្រុស​ស្រី​៦​នាក់ ប្រកបដោយ​ជោគជ័យ​។​



​បើតាម​ការលើកឡើងរ​បស់​អ្នកជំនាញ ករណី​របស់​អ្នកស្រី Ajibola ស្ថិតក្នុង​ចំណោម​២៤​ករណី​លើ​៤​លាន​ករណី សម្រាប់​អ្នក​ដែល​សម្រាល​កូនភ្លោះ​លើសពី​៥​នាក់​។ ទារក​ដែល​បានប្រសូត​មក​សុទ្ធ​តែមាន​ទម្ងន់​ក្រោម​១​គីឡូក្រាម ប៉ុន្តែ​ពួកគេ​ទទួលបាន​នូវ​សេវា​ថែទាំ​យ៉ាង​ដិតដល់​៕



Tag:
 កូនភ្លោះ
© រក្សាសិទ្ធិដោយ thmeythmey.com