ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជា​ស្ត្រី​ចៅហ្វាយខេត្ត​ទី​១ លោកស្រី មិថុនា ភូ​ថង ប្ដេជ្ញា ពង្រឹង​ការអភិវឌ្ឍ​ខេត្តកោះកុង
18, Jun 2017 , 6:37 pm        
រូបភាព
រូបពីហ្វេសប៊ុកលោកស្រី មិថុនា ភូថង
រូបពីហ្វេសប៊ុកលោកស្រី មិថុនា ភូថង
​ភ្នំពេញ​៖ លោកស្រី មិថុនា ភូ​ថង គឺជា​ស្ត្រី​ដំបូង​គេ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អភិបាល​ខេត្តកោះកុង​។ ក្នុងឋានៈ​ជា​អភិបាលខេត្ត​នេះ លោកស្រី មិថុនា ភូ​ថង ប្ដេជ្ញា​ធ្វើជា​ចៅហ្វាយខេត្ត​ស្ត្រី​គំរូ ក្នុងការ​អភិវឌ្ឍ​ខេត្តកោះកុង​នេះ​។​


 
«​ខ្ញុំ​មាន​មោទនភាពណាស់ ដែល​ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​ក្នុងនាម​ស្ត្រី​ខ្មែរ​ម្នាក់​»​។ នេះ​ជា​អារម្មណ៍​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាល​ថ្មី​នៃ​ខេត្តកោះកុង ដែល​បាន​ប្ដេជ្ញា ពង្រីក​ការអភិវឌ្ឍ​ខេត្តកោះកុង​នេះ ឲ្យ​មាន​សក្កា​នុព​ល​លើ​ផ្នែក​ទេសចរណ៍ និង​សេដ្ឋកិច្ច ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​លោកស្រី មិថុនា ភូ​ថង បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មាន​ហើយ​នូវ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ ក្នុងការ​អភិវឌ្ឍ​ខេត្ត ក្នុងនោះ​យើង​ផ្ដោតលើ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច សន្តិសុខ កសិកម្ម​…​ជាដើម ។ ជាពិសេស​ពង្រឹងសមត្ថភាព​មន្ត្រី​ថ្នាក់​ខេត្ត ថ្នាក់មូលដ្ឋាន ឲ្យ​អនុវត្តតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​»​។​
 
​បើ​ក្រឡេកមើល​ក្នុងចំណោម​អភិបាល​រាជធានី -​ខេត្ត ទាំង​២៥​វិញ​នោះ លោកស្រី មិថុនា ភូ​ថង ជា​អភិបាលខេត្ត​វ័យក្មេង​ជាងគេ និង​បទពិសោធន៍​ក្មេងខ្ចី​ជាងគេ​ដែរ​។ ត្រង់ចំណុច​នេះ​លោកស្រី មិថុនា ភូ​ថង ក៏​ទទួលស្គាល់ថា បញ្ហា​បទពិសោធន៍​ការងារ​ពិតជា​ឧបសគ្គ​សម្រាប់​លោកស្រី​មែន​។ ប៉ុន្តែ​លោកស្រី ប្តេជ្ញា​យក​ឧបសគ្គ​ទាំងនោះ មក​ធ្វើជា​កំលាំងចិត្ត​ដឹកនាំ​ខេត្តកោះកុង​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ដើម្បី​ធ្វើជា​ចៅហ្វាយខេត្ត​ស្ត្រី​គំរូ​ម្នាក់ សម្រាប់​បើកផ្លូវ​ឲ្យ​ស្ត្រី​ដទៃទៀត មានឱកាស​ក្លាយជា​ចៅហ្វាយខេត្ត​ដូច​លោកស្រី​ដែរ​។

​«​ខ្ញុំ​ក៏មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ​លើ​សមត្ថភាព​ខ្លួនឯង​។ ប៉ុន្តែ​ខ្ញុំ​យល់ថា​ការងារ​អ្វី​ក៏​វា​មាន​ឧបសគ្គ​ដែរ​។ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​អាច​និយាយថា ការងារ​អ្វី​ក៏ដោយ​យើង​កុំ​ប្រមាថ កុំ​ព្រងើយកន្តើយ​លើ​ការងារ​នោះបានហើយ គឺយើង​ត្រូវតែ​ធ្វើ​វាឲ្យបាន ។ ហើយ​ខ្ញុំ​នឹង​ពង្រឹងសមត្ថភាព​ខ្ញុំ ដោយ​យក​ឧបសគ្គ​ទាំងនោះ​ធ្វើជា​កំលាំងចិត្ត​។ ខ្ញុំ​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទាំងនោះ ដើម្បី​ជា​ស្ត្រី​គំរូ​ក្នុងការ​ដឹកនាំ​ដល់​ស្ត្រី​ដទៃទៀត​ដែរ​…​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី មិថុនា ភូ​ថង ដែល​ជឿជាក់ថា នៅមាន​ស្ត្រី​ជាច្រើន​ទៀត ដែល​អាចមាន​លទ្ធភាព​ក្លាយជា​អភិបាលខេត្ត​។​
 
​គួរ​បញ្ជាក់ថា លោកស្រី មិថុនា ភូ​ថង ជា​អភិបាលរង​ខេត្តកោះកុង ដែល​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អភិបាល​ខេត្តកោះកុង​ជំនួស​លោក ប៊ុន លើ​ត ដែល​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។ ជាការ​កត់សម្គាល់​នោះ លោកស្រី មិថុនា ភូ​ថង ជា​ស្ត្រី​ទី​១​ហើយ ដែល​បាន​ក្លាយជា​អភិបាលខេត្ត បន្ទាប់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​លើកឡើងថា រដ្ឋាភិបាល​នឹង​​កំណត់​ឲ្យ​មាន​ស្ត្រី​កាន់​តួនាទី​ជា​អភិបាលខេត្ត​នានា នៅ​គ្រា​ដែល​អភិបាល​ចាស់ ត្រូវ​ចូលនិវត្តន៍
 
 
 

Tag:
 មិថុនា ភូ​ថង​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com