ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដល់​ម្លឹ​ង​ផង គ្រាន់តែ​ទប់​នោម​យូរ​សោះ អាចមាន​ផលវិបាក​បែបនេះ​ដែរ​!
27, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ទម្លាប់​ក្នុងការ​ទប់ទឹក​នោម​ដែរ​ទេ​? បើ​អញ្ចឹង​មែន អ្នក​ត្រូវតែ​ដឹងថា ការដែល​ធ្វើបែបនេះ​អាច​ប្រឈម​នឹង​ការបង្ក​រោគ​ច្រើន​ជាពិសេស​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ យ៉ាងណាមិញ ការដែល​ទប់ទឹក​នោម​យូរៗ​ពេក​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដូចជា​៖



•    ឈឺក្រពះ​
•    ឈឺពោះ​បែប​រមួលៗ​
•    នោម​ជាប់ និង​ឈឺ​ពេល​នោម​
•    ថប់​អារម្មណ៍​
•    ក្តៅខ្លួន​

​ទោះបីជា​យ៉ាងណាក៏ដោយ ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​ទប់​ទឹកនោម​រយៈពេល​យូរ​វិញ​មានដូចជា​៖

​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​រឿងនេះ​អាច​កើតឡើង​បាន​ដោយសារតែ​វត្តមាន​បាក់តេរី​ក្នុង​ទឹកនោម​យូរពេក​។ រោគសញ្ញា​ញឹកញាប់​បំផុត​នៃ​ការបង្ក​រោគ​មួយ​នេះ​គឺ​ការ​នោម​ញឹក​តែម្តង​។ បើសិនជា​មិនបាន​ព្យាបាល​ទេ ការបង្ក​រោគ​អាច​នឹង​រាល់ដាល​ទៅ​តម្រងនោម និង​ធ្វើ​ឲ្យ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​

​គ្រួស​ក្នុង​តម្រងនោម​
​គ្រួស​ក្នុង​តម្រងនោម​កើតឡើង​នៅពេលដែល​ទឹកនោម​ខាប់​ខ្លាំង ដោយសារតែ​វត្តមាន​របស់​កាលស្យូម​ទៅជា​គ្រី​ស្តា​ល​។ សម្រាប់​អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ ឬ​ញ៉ាំ​ប្រៃ​ច្រើន​ក៏​អាច​ប្រឈម​នឹង​គ្រួស​ក្នុង​តម្រងនោម​ដែរ​។​

​រលាក​ប្លោកនោម​
​ករណី​រលាក​ប្លោកនោម​តិចតួច​នឹង​ស្រួលបួល​មកវិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ ប៉ុន្តែ​បើសិនជា​អ្នក​ដែល​ឧស្សាហ៍​មានការ​បង្ក​រោគ​បែបនេះ​គួរតែ​ទៅ​ជួប​ពេទ្យ​មុននឹង​រឿងនេះ​កាន់តែ​ធ្ងន់ធ្ងរ​។ ការបង្ក​រោគ​នេះ​បង្កឡើង​ដោយសារតែ​បាក់តេរី​ក្នុង​ខ្លួន​ចូលទៅក្នុង​ប្លោកនោម​តាមរយៈ​បង្ហួរនោម​។​

​ប្លោកនោម​មនុស្ស​យើង​អាច​ទ្រទ្រង់ ឬ​ផ្ទុក​ទឹកនោម​បាន​រហូតដល់ ៣០០ ទៅ​៤០០​មី​លី​លីត្រ​នៅពេល​ថ្ងៃ និង​ពេលយប់​អាច​ដល់ ៨០០​មី​លី​លីត្រ​។ យ៉ាងណាមិញ ការ​នោម​មួយថ្ងៃ​ពី ៥ ទៅ​៦​ដង​ក៏​ជា​រឿង​ធម្មតា​ដែរ បើសិនជា​អ្នក​ញ៉ាំ​ទឹក​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com