អន្តរជាតិ
លី សៀន​ឡុង អញ្ជើញ​នាយករដ្ឋមន្ត្រី​ចិន​ទៅ​សិង្ហ​បុរី ស្របពេល​ទំនាក់ទំនង​ទ្វេភាគី​មិនសូវ​ល្អ​
29, Jun 2017 , 9:19 am        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង យល់ព្រម​ទទួល​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង ដើម្បី​មក​បំពេ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សិង្ហ​បុរី​នៅពេល​ខាងមុខ​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិនសូវ​ល្អប្រសើរ​នោះ​។​



 ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី Tharman Shanmugaratnamn បាន​ជូន​លិខិត​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ទៅកាន់​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង ដោយ​អញ្ជើញលោក​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សិង្ហ​បុរី​។​

​លោក​រដ្ឋមន្ត្រី លី ខឺ​ឈាំ​ង ឆ្លើយតប​យល់ព្រម និង​ពេញចិត្ត​ចំពោះ​ការអញ្ជើញ​ជា​ផ្លូវការ​ពី​សំណាក់​រដ្ឋាភិបាល​សិង្ហ​បុរី​នេះ​។ ប៉ុន្តែ គេ​មិនឃើញ​មានការ​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ដំណើរ​ទស្សនកិច្ច​នេះឡើយ​។​

​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia លោក Tharman Shanmugaratnamn បាន​ថ្លែងថា សិង្ហ​បុរី​នឹង​បន្ត​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បានយូរ​អង្វែង​។​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​បាន​បន្តទៀតថា ប្រទេស​ទាំងពីរ​នឹង​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី ដោយ​ផ្ដោត​សំខាន់​លើ​កិច្ចសហការ​លើ​វិស័យ​សំខាន់​បី​ផងដែរ​។​

​ការអញ្ជើញ​នាយករដ្ឋមន្ត្រី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលជំហរ​របស់​សិង្ហ​បុរី​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​នេះ​មិន​ប្រសើរ​ប៉ុន្មាន​នោះ​។ គេ​នៅ​ចាំបាន​ថា មេដឹកនាំ​សិង្ហ​បុរី​មិន​ត្រូវបាន​ចិន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ដែល​រៀបចំឡើង​នៅ​ក្រុង​ប៉េកាំង​ពាក់​កណ្តាលខែ​មុន​ឡើយ​។  គេ​អាច​យល់បាន​ថា ចិន​មិនសូវ​ខ្វាយខ្វល់​ពី​សិង្ហ​បុរី​ឡើយ ហើយ​ចិន​ក៏​នៅ​មិន​ពេញចិត្ត​សិង្ហ​បុរី​ដែរ​។ បញ្ហា​ធំ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ល្អក់កករ​គឺ កើតឡើង​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំមុន ពេលដែល​អាជ្ញាធរ​ហុងកុង​រឹបអូស​បាន​យាន្ត​ជំនិះ​យោធា ៩​គ្រឿង​របស់​សិង្ហ​បុរី​ដែល​ត្រូវបាន​គេ​បញ្ជូន​មកពី​កោះ តៃវ៉ាន់ បន្ទាប់ពី​ចូលរួម​សមយុទ្ធ​រួមគ្នា​នោះ​។ 

​ត្រឡប់មកវិញ កិច្ចសហការ​ផ្តោត​ផ្នែក​បី​សំខាន់ៗ​នោះ​មានដូចជា ទីមួយ គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​។ វា​រួម​ប​ញ្ជូ​ល​ទាំង​គំនិត​ផ្តួចផ្តើម​ផ្តោតលើ​ការផ្សាភ្ជាប់​ក្រុង Chongqing ជួយ​ជំរុញ​ការកសាង​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​គម្រោង​ថ្នាក់​តំបន់ និង​គាំទ្រ​ដល់​ការហ្វឹកហ្វឺន​មន្ត្រី​មកពី​ប្រទេស​សមាជិក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ផងដែរ​។​

​ទី​ពីរ គឺ​ការពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ចក​ម្ម​សេរី​សិង្ហ​បុរី​-​ចិន​កម្រិត​ថ្មី​មួយ ក៏ដូចជា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែល​រួមចំណែក​លើកស្ទួយ​សាកលភាវូបនីយកម្ម​។​

​និង​ទី​បី ពង្រឹង​ចំណងមិត្តភាព​រវាង​អាស៊ាន​-​ចិន​តាមរយៈ​សិង្ហ​បុរី​ដែល​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ និង​ជា​អ្នកសម្របសម្រួល​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី​រវាង​អាស៊ាន និង​ចិន​៕


Tag:
 លី ខឺ​ឈាំ​ង​
  លី សៀន​ឡុង​
  Tharman Shanmugaratnamn
© រក្សាសិទ្ធិដោយ thmeythmey.com