អន្តរជាតិ
​ស្ត្រី​ម្នាក់​ចោទ​មន្ត្រី​អាកាសយានដ្ឋាន​ថា​រំលោភសិទ្ធិ​ឯកជន​ក្រោយ​បង្ហោះ​រូប​បង្កង​ខ្លួន​
30, Jun 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​ភ្នាក់ងារ​សន្តិសុខ​នៅ​អាកាសយានដ្ឋាន Logan ក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក រង​ការចោទប្រកាន់​ពី​អ្នកដំណើរ​ម្នាក់ ដែល​រិះគន់ថា មន្ត្រី​ទាំងនោះ បាន​ថត​បង្ហោះ​បង្កង​របស់ខ្លួន​ជា​សាធារណៈ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Sputnik​។​



​រូបថត​មួយ​សន្លឹក ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ដោយ​ក្នុង​រូបនោះ គេ​ឃើញ​មន្ត្រី​អាកាសយានដ្ឋាន Logan កាន់​បង្កង​រស់​មួយ​ក្បាល​ដែលមាន​ទម្ងន់​៩​គីឡូក្រាម បន្ទាប់ពី​មានការ​ឆែកឆេរ​អ៊ី​វ៉ាន់​របស់​អ្នកដំណើរ​។​

​ក្រោយ​ការ​បង្ហោះ អ្នកដំណើរ​ដែលជា​ម្ចាស់​បង្កង បាន​ចោទប្រកាន់​ថ្នាក់ដឹកនាំ​អាកាសយានដ្ឋាន Logan ក្រុង​បូ​ស្តុ​ន រដ្ឋ Massachusetts ថា បាន​រំលោភសិទ្ធិ​ឯកជន តាមរយៈ​ការ​បង្ហោះ​រូប​បង្កង​ខ្លួន​នៅលើ​បណ្តាញ​សង្គម​។​

​អ្នកស្រី Lisa Feinman ដែលជា​អាជីវករ និង​ជា​អ្នកលក់​បង្កង មានការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​មន្ត្រី​អាកាសយានដ្ឋាន​។ ស្ត្រី​រូបនេះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​តើ​អាច​ទទួលយក​បានទេ មន្ត្រី​ឆេ​ក​ឆេរ​អ៊ី​វ៉ាន់​របស់​អ្នកណាម្នាក់ ហើយ​ថតរូប​បង្ហោះ​យ៉ាង​ដូច្នេះ​?​។  គាត់​បាន​លើកឡើងថា មិនអាច​ទទួលយកបាន​នោះឡើយ ព្រោះ​វា​បាន​រំលោភសិទ្ធិ​ឯកជន​។​

​នៅ​សហរដ្ឋអាមេរិក ការដឹកជញ្ជូន​បង្កង​តាម​យន្តហោះ ទទួលបាន​ការអនុញ្ញាត ប៉ុន្តែ​វា​ត្រូវតែមាន​ការរៀបចំ​ទុក​ក្នុង​វ៉ា​លី​ស និង​បិទ​ជិត​ឲ្យ​បាន​ត្រឹមត្រូវ​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com