អន្តរជាតិ
ក្រុង​ប៉េកាំង​ផ្តល់ជំនួយ​អាវុធ​ទំហំ​ជាង ៧​លាន​ដុល្លារ​ដល់​ទាហាន​ហ្វីលីពីន​កម្ចាត់​ភេរវកម្ម​
29, Jun 2017 , 10:19 pm        
រូបភាព
រូបភាព៖ South China Morning Post
រូបភាព៖ South China Morning Post
​ជំនួយ​កងទ័ព​រំដោះប្រជាជន​ចិន​មាន​កាំភ្លើង និង​គ្រាប់​ដែលមាន​តម្លៃ​ប្រហែល​ជាង​៧​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​បញ្ជូន​មកដល់​ហ្វីលីពីន​ហើយ​នៅ​ថ្ងៃ​ពុធ​ទី ២៨ ខែមិថុនា​នេះ​។ ចិន​អះអាងថា ជំនួយ​នេះ​ផ្តល់​ឲ្យ​ហ្វីលីពីន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ជួយ​កងទ័ព​ហ្វីលីពីន​ក្នុង​គ្រា​មាន​អាសន្ន​ពោលគឺ​កំពុង​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ភេរវជន​នៅ​ក្រុង Marawi​។ ក្រៅពី​ផ្តល់ជំនួយ​ជា​អាវុធ​ក្រុង​ប៉េកាំង​ក៏បាន​ផ្តល់ជំនួយ​ជា​ថវិកា​ជិត ៣០​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ប្រជាជន Marawi ដែល​រងគ្រោះ​ដោយសារ​ការប្រយុទ្ធ​គ្នា និង ជិត​១០​ម៉ឺន​ដុល្លារ​ផ្សេងទៀត​សម្រាប់​ក្រុមគ្រួសារ​ទាហាន​ដែល​ពលី​ផងដែរ​។​



​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​ក្រុម​ឧទ្ទាម Maute ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​រដ្ឋ​ឥស្លាម​នៅតែ​បន្ត​មកដល់​ឥឡូវនេះ​។ រដ្ឋាភិបាល​ប្រើប្រាស់​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​បាញ់​ផ្លោងចូល​ទីក្រុង​ផងដែរ​ដើម្បី​បោសសម្អាត​ក្រុម​ប្រដាប់អាវុធ​។ ការប៉ះទង្គិច​គ្នា​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ប្រហែល​ជិត ៤០០ នាក់​ស្លាប់ ក្នុងនោះ​មាន​ទាហាន ៧០ នាក់ និង​ជន​ស៊ីវិល ២០​នាក់​ផង​នោះ​។

​ដើម្បី​បង្ហាញ​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​ហ្វីលីពីន ក្រុង​ប៉េកាំង​បាន​បញ្ជូន​ជំនួយ​សព្វាវុធ​ច្រើនសន្ធឹក​សន្ធាប់​មក​គាំទ្រ​កងកម្លាំង​ហ្វីលីពីន​ក្នុងអំឡុង​គ្រាអាសន្ន​នេះ​។ ក្នុង​ពិធី​ប្រគល់​អាវុធ​ថ្ងៃ​២៨ មិថុនា នៅ​មូលដ្ឋាន​ទ័ពអាកាស  Clark ស្ថិតនៅ Pampanga  ក្រោម​អធិបតីភាព​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន Zhao Jianhua គេ​ឃើញ​មាន​អាវុធ​ជាច្រើន​ដែល​ជំនួយ​របស់​ចិន​។ ជំនួយ​យោធា​ទាំងនោះ​មាន​កាំភ្លើង​វែង និង​កាំភ្លើង​ស្វ័យប្រវត្តិ​ចំនួន បី​ពាន់​ដើម និង គ្រាប់​ចំនួន ប្រាំមួយ​លាន​គ្រាប់​ដែលមាន​ទំហំ​ស្មើ ៧,៣៥ លាន​ដុល្លារ​ឯណោះ​។

​តំណាង​រដ្ឋាភិបាល​ចិន​លោក Zhao Jianhua បាន​លើកឡើងថា​ជំនួយ​ដែល​ចិន​ផ្តល់​ឲ្យ​ហ្វីលីពីន​នេះ​នឹង​ជួយ​គាំទ្រ​កងទ័ព​ហ្វីលីពីន​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ​។ លោក​បានបញ្ជាក់​ដូច្នេះ​៖ «​ជំនួយ​យោធា​ដល់​កងទ័ព​ហ្វីលីពីន​នឹង​ជួយ​ឲ្យ​កងទ័ព​នេះ​អាច​យកជ័យ​ជម្នះ​ក្នុង​សមរភូមិ​កម្ចាត់​ក្រុម​ភេរវជន​ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ដែ​ស្ហ​។ រដ្ឋាភិបាល​ចិន​និង​កងទ័ព​រំដោះប្រជាជន​ចិន​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​របស់​កងក​ម្លាំ​ង​ហ្វីលីពីន​»​។​

​តំណាង​ក្រុង​ប៉េកាំង​រូបនេះ​ក៏បាន​បញ្ជាក់​បន្ថែមថា អាវុធ​ដែលមាន​តម្លៃ ជាង​៧​លាន​ដុល្លារ​នេះ​ជា​កញ្ចប់​ជំនួយ​ដំបូង​ប៉ុណ្ណោះ ហើយ​កញ្ចប់​ជំនួយ​ថ្មី​ទៀត​នឹង​មកដល់​ហ្វីលីពីន​នៅពេល​ខាងមុខ​ផងដែរ​។​

​ការផ្តល់​ជំនួយ​ជា​អាវុធ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកលូតលាស់​នៃ​ទំនាក់ទំនង​ទ្វា​គី​រវាង​ចិន​និង​ហ្វីលីពីន ដែល​ធ្លាប់តែ​ល្អក់កករ​ផងដែរ​។ ហើយ​មន្ត្រី​ទូត​ចិន​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ខាងលើ​ក៏បាន​បង្ហើប​ផងដែរ​ថា​វា​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​ចិន​និង​កងទ័ព​ហ្វីលីពីន ហើយ​គេ​រំពឹងថា វា​នឹង​មានការ​សមយុទ្ធ​យោធា​រួមគ្នា រួមទាំង​ចែករម្លែក​របាយការណ៍​ចារកម្ម​ផងដែរ​នៅពេល​ខាងមុខ​ដើម្បី​កម្ចាត់​ភេរវកម្ម​។

​ដោយឡែក ប្រមុខរដ្ឋ​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ បាន​ពិនិត្យមើល​អាវុធ​ជា​ជំនួយ​របស់​ក្រុង​ប៉េកាំង​ផងដែរ មុនពេល​លោក​ថ្លែង​សុន្ទរកថា​។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ជួយ​ជ្រោមជ្រែង​ហ្វីលីពីន​ក្នុងនាម​ជា​មិត្ត​ពេល​មាន​គ្រាអាសន្ន​អន់ក្រ​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖« សូម​លោក Zhao នាំយក​ការថ្លែងអំណរគុណ​រប​ស់​យើងខ្ញុំ​ទៅកាន់​ប្រធានាធិបតី ស៊ី ជិន​ភីង និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំពោះ​កញ្ចប់​ជំនួយ​យោធា​ដែល​ខ្ញុំ​ទទួល​នេះ​ជំនួស​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​»​។​

​ក្រៅពី​ជំនួយ​យោធា រដ្ឋាភិបាល​ចិន​ក៏​ផ្តល់ជំនួយ​មនុស្សធម៌​សម្រាប់​ជួយ​ប្រជាជន​និង​ក្រុមគ្រួសារ​កងទ័ព​ហ្វីលីពីន​ដែល​ពលី​នៅក្នុង​ក្រុង Marawi ដែល​។ នៅ​ដើម​សប្តាហ៍​កន្លងទៅ អគ្គរដ្ឋទូត​ចិន​ខាងលើ​ក៏បានផ្តល់​មូល​ប្ប​ទា​នប​ត្រ​ដែលមាន​ទំហំ​ទឹក​លុយ​ប្រហែល ៣០ ម៉ឺន​ដុល្លារ​ជូន​ដល់​តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​ផងដែរ​ដែល​ទឹក​លុយ​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​គាំទ្រ​ដល់​ប្រជាជន​ក្រុង Marawi ដែល​រត់​ភៀសខ្លួន និង​រងគ្រោះ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នេះ​។

​ចំណែក​ថវិកា​ប្រហែល ១០​ម៉ឺន​ដុល្លារ​ផ្សេងទៀត​ដែល​រដ្ឋាភិបាល​ចិន​ប្រកាស​ផ្តល់​ឲ្យ​ហ្វីលីពីន​នៅ​ថ្ងៃ​ផ្តល់​អាវុធ​នោះ​នឹងត្រូវ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមគ្រួសារ​កងទ័ព​ហ្វីលីពីន​ដែល​បាន​ពលី​ក្នុង​ប្រតិបត្តិការ​កម្ចាត់​ភេរវជន​បណ្តា​ក្រុម​ដែ​ស្ហ​ផងដែរ​៕


Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ចិន​
  Marawi
  Maute
  Zhao Jianhua
© រក្សាសិទ្ធិដោយ thmeythmey.com