ជាតិ
លោក ប៉ែន បូ​ណា​៖ កម្ពុជា​នៅ​ខ្វះ​ធនធាន​ពូកែ​ផ្នែក​សារព័ត៌មាន ទោះបី​មាន​អ្នកសារព័ត៌មាន​ច្រើនក្តី​
30, Jun 2017 , 10:55 am        
រូបភាព
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា( រូបពីហ្វេសប៊ុកក្លិបអ្នកកាសែតកម្ពុជា)
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា( រូបពីហ្វេសប៊ុកក្លិបអ្នកកាសែតកម្ពុជា)
ដោយ:
​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ទទួលស្គាល់ថា ធនធានមនុស្ស​ពូកែៗ និង​មាន​ទេពកោសល្យ​ផ្នែក​សារព័ត៌​មាននៅ​កម្ពុជា នៅ​ខ្វះខាត​។ សម្រាប់​លោក ប៉ែន បូ​ណា អ្នកសារព័ត៌មាន ដែលមាន​ទេពកោសល្យ គឺ​ត្រូវ​ចេះ​សរសេរ​អត្ថបទ​ខ្លី​ខ្លឹម ទាក់ទាញ រហ័ស និង​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។​



​ប្រធាន​ក្លិប​អ្នកសារព័ត៌មាន​កម្ពុជា លោក ប៉ែន បូ​ណា លើកឡើងថា ប​ច្ច​ប្បន្ន​នេះ​នៅ​កម្ពុជា​ខ្វះខាត​ធនធានមនុស្ស​ពូកែ និង​មាន​ទេពកោសល្យ​ក្នុង​វិស័យ​សារព័ត៌មាន ទោះបី​ជាមាន​អ្នកសារព័ត៌មាន មាន​ច្រើន​ហើយ​ក្ដី​។ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សរសេរ​ព័ត៌មាន កាលពី​ថ្ងៃទី ២៩ ខែមិថុនា លោក ប៉ែន បូ​ណា បន្ថែមថា អ្នកសារព័ត៌មាន​ដែល​ល្អ មិន​ត្រឹមតែ​សរសេរ​ល្អ​ទេ តែ​ជា​អ្នកមាន​គំនិត​សរសេរ​រឿង ហើយ​មើលឃើញ​អ្វីដែល​ប្លែក និង​ថ្មី សម្រាប់​អ្នកអាន​។ ប្រធាន​ក្លិប​អ្នកសារព័ត៌មាន​កម្ពុជា​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុង​វិស័យ​សារព័ត៌មាន​ខ្វះខាត​ច្រើន​គឺ ជំនាញ​វិជ្ជាជីវៈ ទោះបី​អ្នកខ្លះ ធ្វើជា​អ្នកសារព័ត៌មាន​អស់​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​មិនសូវ​មានគំនិត​ច្នៃប្រឌិត​ដើម្បី​អភិវឌ្ឍ​ខ្លួន​នោះទេ»​។

​លោក បូ​ណា មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​នៃ​អ្នកសារព័ត៌មាន​មួយចំនួនទៀត​ដែរ ដោយ​លោក​កត់សម្គាល់ថា អ្នកកាសែត នៅ​ខ្វះ​ភាព​អត់ធ្មត់ និង​រួញរា​បាក់​ទឹកចិត្ត​ក្នុង​ការងារ​ជា​អ្នកសារព័ត៌មាន ព្រមទាំង​ខ្វះ​ការតាំង​ចិត្ត​។ លោក បរិយាយ​បែបនេះ​ថា​៖«​ការតាំង​ចិត្ត​មាន​សារៈសំខាន់​ណាស់​។ បើ​មិនមាន​ការតាំង​ចិត្ត មិនអាច​ធ្វើជា​អ្នកសារព័ត៌មាន​បានឡើយ ហើយក៏​មិនអាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ភាព​រីកចម្រើន​បាន​នោះទេ​»​។​

​ជាមួយគ្នានេះ នៅក្នុង​ពិធី​ខាងលើ ដែល​ធ្វើ​នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង ក៏បាន​ផ្តល់យោបល់​ដល់​អ្នកសារព័ត៌មាន ដើម្បី​ក្លាយជា​អ្នកសារព័ត៌មាន​ឆ្នើម​។ លោក​ថា អ្នកកាសែត ត្រូវតែ​រៀនសូត្រ​គ្រប់ពេលវេលា និង​មាន​វិន័យ​សម្រាប់​ខ្លួនឯង​។ លោក​ថា បើ​ធ្វើជា​អ្នកសារព័ត៌មាន ត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន និង​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​សរសេរ​អត្ថបទ​ល្អ​៕


Tag:
 ប៉ែន បូ​ណា​
  ក្លិប​អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com