កីឡាអន្តរជាតិ
អន្តរជាតិ
Bournemouth ទិញ Ake ពី Chelsea ក្នុងតម្លៃ​កំណត់ត្រា ២៦​លាន​ដុល្លារ​
30, Jun 2017 , 4:25 pm        
រូបភាព
Bournemouth បាន​ចុះហត្ថលេខា​នាំយក​ខ្សែ​ការ Nathan Ake ពី Chelsea ជា​ផ្លូវការ​ក្នុងតម្លៃ​ជា​កំណត់ត្រា​ក្លិប ២០​លាន​ផោន ប្រមាណ ២៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប AFC Bournemouth ។​



​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់ វ័យ​២២​ឆ្នាំនេះ គឺ​ធ្លាប់ជា​សមាជិក​របស់ Bournemouth ដែរ​កាលពី​រដូវ​កាល​មុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១២​ប្រកួត​។
​ក្រោយ​ខ្ចី​មួយឆ្នាំ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​យ៉ាង​ល្អ​នោះ អ្នកចាត់ការ​ទូទៅ Bournemouth លោក Eddie Howe ក៏​ស​ម្រ​ច​ទិញ​រូបគេ​ក្នុងតម្លៃ​ជា​កំណត់ត្រា​ក្លិប និង​បំបែក​កំណត់ត្រា​ចាស់​របស់ Jordon Ibe ដែល​ទិញ​ពី Liverpool តម្លៃ​ជាង​១៩​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៦​។​

Ake បាន​ចាក​ចេញពី Feyenoord មក​ក្រុម​ក្នុង​ក្របខណ្ឌ Premier League ជាមួយ Chelsea កាលពី​ឆ្នាំ​២០១២ ពោលគឺ​ត្រឹម​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ ជាមួយនឹង​ការបង្ហាញ​ខ្លួន​ក្នុង​ទឹកដី Stamford Bridge ១៧​ប្រកួត មុនពេល Watford ខ្ចី​មួយ​រដូវ​កាល ឆ្នាំ ២០១៥-២០១៦​។​



«​ខ្ញុំ​មាន​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​កាលពី​រដូវ​កាល​មុន​ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​វិល​ត្រលប់មក​ទីនេះ​វិញ​។ អ្នកគាំទ្រ​ទាំងអស់​នៅ​មិនទាន់​បានឃើញ​ពី​ចំណុច​ល្អ​បំផុត​របស់ខ្ញុំ​នៅឡើយ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់ Ake​។​

Ake ជា​កីឡា​ករទី​៣​ហើយ​ដែល​អ្នកចាត់ការ​ទូទៅ Eddie Howe នាំ​ចូលមក​ពង្រឹង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ បន្ទាប់ពី​ទិញ​បាន​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Jermain Defoe ពី Sunderland កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង អ្នកចាំទី  Asmir Begovic កាលពី​ខែឧសភា​កន្លងទៅ ពី​ក្រុម​តោ​ខៀវ​៕



Tag:
 ​បាល់ទាត់​
  Nathan Ake
  Bournemouth
© រក្សាសិទ្ធិដោយ thmeythmey.com