អន្តរជាតិ
កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ជាថ្មី ទំនង​សាទរ​បុណ្យ​ឯករាជ្យ​អាមេរិក​
04, Jul 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កូរ៉េខាងជើង​បាន​«​ប្រកាសថា ខ្លួន​បានសម្រេច​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប នៅ​ថ្ងៃ​អង្គារ​ទី​៤ ខែ កក្កដា​នេះ​ចំ​ថ្ងៃ​ប្រជាជន​អាមេរិក​រៀបចំ​បុណ្យ​ឯករាជ្យ​លើក​ទី ២៤១ របស់ខ្លួន​ផង​។ ប្រធានាធិបតី​អាមេរិក​ចេញមុខ​ថ្កោលទោស​កូរ៉េខាងជើង​ភ្លាមៗ​ដែរ ប៉ុន្តែ​ចិន​បាន​អំពាវនាវ​ឲ្យ​ភាគី​អត់ធ្មត់​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​បញ្ចៀស​បញ្ហា​។​



​ក្រុង​ព្យុងយ៉ាង ហាក់​លែង​ញញើត​ទណ្ឌកម្ម​និង​សម្ពាធ​សហគមន៍​អន្តរជាតិ ដោយ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មីទៀត​ចូលក្នុង​ដែនសមុទ្រ​ជប៉ុន​ថ្ងៃ ៤ កក្កដា​នេះ​។ ក្រោយ​បាញ់​សាកល្បង​អាវុធ​ហើយ របប​ដឹកនាំ​នេះ​បាន​អួតអាង​ឥត​លាក់លៀម​ប្រាប់​គេឯង​ថា ខ្លួន​សម្រេច​ជោគជ័យ​ក្នុងការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​។ ការបាញ់​មី​ស៊ី​ល​នេះ​ក៏​កើតឡើង​ស្រប​ពេលដែល​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​សាទរ​បុណ្យ​ឯករាជ្យ​របស់ខ្លួន​ផងដែរ​។​

​តាំងពី​យូរយារ​ណាស់​មកហើយ កូរ៉េខាងជើង​បាន​ចំណាយពេល​និង​ធនធាន​ច្រើន​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការផលិត​គ្រាប់​រ៉ុក្កែត​ដែល​អាច​បាញ់​ឆ្លង​ទ្វីប​អាច​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដល់​សហរដ្ឋអាមេរិក​ផងដែរ​។

​លើក​នេះ ក្រោយ​មានការ​ប្រកាស​ពី​ភាពជោគជ័យ​នេះ​ការសាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប អ្នកជំនាញ​អាមេរិក​មួយចំនួន​បាន​វាយតម្លៃថា មី​ស៊ី​ល​នេះ​អាច​បាញ់​ដល់​ទឹកដី​អា​ឡា​ស្ការ​ឯណោះ​។   ដូច្នេះហើយ វា​ចាំបាច់​ត្រូវមាន​ការវាយតម្លៃ​ឡើងវិញ​ចំពោះ​គ្រោះថ្នាក់​ដែល​អាមេរិក​និង​ពិភពលោក​ទាំងមូល​ត្រូវ​ប្រឈម​ក្នុងពេលដែល​កូរ៉េខាងជើង​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​នេះ​។​



​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្រង់​សម្តី​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង ការបាញ់​សាកល្បង​មី​ស៊ី​ល​ព្រឹក​ថ្ងៃ​អង្គារ​នេះ មាន​វត្តមាន​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន​ចូលរួម​ដែរ​។ មី​ស៊ី​ល​នោះ​មានឈ្មោះ ថា​Hwasong-14 ហើយ​វា​មានលទ្ធភាព​ហោះហើរ​ក្នុង​កម្ពស់ ២៨០២ គីឡូម៉ែត្រ​និង​បាន​ចម្ងាយ​៩៣៣ គីឡូម៉ែត្រ​ឯណោះ​។

​កូរ៉េខាងជើង​ក៏​ប្រកាស​ផងដែរ​ថា ខ្លួន​ជា​រដ្ឋ​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​មួយ ហើយ​មាន​អាវុធ​បាលី​ស្ទិល​មី​សីល​ដែលមាន​អនុភាព​ខ្ពស់​អាច​បាញ់​កម្ទេច​រាល់​គោលដៅ​នានា​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ថែម​ទៀតផង​។ ប៉ុន្តែ​គេ​នៅមាន​មន្ទិលសង្ស័យ​ចំពោះ​សមត្ថភាព​របស់​កូរ៉េខាងជើង​ក្នុងការ​ផលិតក​អាវុធ​នុយក្លេអ៊ែរ​ដែល​ដាក់បញ្ចូល​ក្នុង​ក្បាល​គ្រាប់​មី​ស៊ី​ល​បាន​ឬ​អត់​នោះ​។​

​ភ្លាមៗ​ក្រោយ​មានការ​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ទិតៀន​ក្រុង​ព្យុ​យ៉ាង​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ភ្លាមៗ​ដែរ​។ លោក​បាន​សរសេរ​ដូច្នេះ​ថា​៖« កូរ៉េខាងជើង​ទើបតែ​បាញ់​សាកល្បង​មី​ស៊ី​ល​ម្តងទៀត​។ តើ​គីម ជុង​អ៊ុន គ្មាន​ធ្វើ​ប្រសើរ​ជាង​នេះ​ទេ​ឬ​? វា​ជា​រឿង​ពិបាក​ជឿ​ដែល​កូរ៉េខាងត្បូង​និង​ជប៉ុន​នៅ​ត្រូវ​បន្ត​អត់ធ្មត់​ជាមួយ​បញ្ហា​នេះ​យូរ​ជាងនេះទៀត​នោះ​។​ចិន​ប្រហែលជា​ត្រូវដាក់​ចំណាត់ការ​ធ្ងន់ធ្ងរ​មួយ​ហើយ​ដើម្បី​បញ្ចប់​បញ្ហា​នេះ​ម្តង​និង​ដើម្បី​ទាំងអស់គ្នា​»​។

​ការបាញ់​សាកល្បង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​នេះ​កើតឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី​លោក មូ​ន ចេ​អ៊ី​ន​។ ពេលនោះ លោក​ក៏បាន​ប្រកាសថា​លោក​លែង​អត់ធ្មត់​ចំពោះ​កូរ៉េខាងជើង​ទៀត​ដែរ​។

​ចំណែក​ចិន​ឯណោះ​វិញ​បាន​ចេញមុខ​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ហ​រដ្ឋ​អាមេរិក​ព្យាយាម​អត់ធ្មត់​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ការពារ​ការប្រឈមមុខ​ដាក់គ្នា និង​មាន​ជម្លោះ​ផង​។ ចិន​កន្លងមក​រង​សម្ពាធ​ខ្លាំង​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ចូលរួម​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ធនាគារ​ចិន​មួយ​ទើបតែ​រង​ទណ្ឌកម្ម​របស់​អាមេរិក​ព្រោះ​មាន​ពាក់ព័ន្ធ​ការជួយ​លាង​លុយ​កង្វក់​របស់​កូរ៉េខាងជើង​៕
 

Tag:
 កូរ៉េខាងជើង​
  បាលី​ស្ទីក​មី​ស៊ី​ល​
  ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com