ជាតិ
មហាផ្ទៃ រម្លឹក NGO ឲ្យ​ធ្វើ​សកម្មភាព​តាម​គោលការណ៍​ច្បាប់​
05, Jul 2017 , 7:39 pm        
រូបភាព
រូបសម្ដេច ស ខេង នៅក្នុងពិធីតែងតាំងអភិបាលរាជធានីថ្មី កាលពីថ្ងៃទី២៨ មិថុនា
រូបសម្ដេច ស ខេង នៅក្នុងពិធីតែងតាំងអភិបាលរាជធានីថ្មី កាលពីថ្ងៃទី២៨ មិថុនា
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីជូនដំណឹង​មួយ ដើម្បី​រម្លឹក​ដល់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​កំពុងដំណើរការ​ក្នុងប្រទេស​កម្ពុជា ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ច្បាប់​។ ការ​រម្លឹក​នេះ ធ្វើឡើង​ក្រោយពី​ក្រសួងមហាផ្ទៃ សង្កេតឃើញថា សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ហាក់​មិនទាន់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​និង​ច្បាប់ ដែល​បានចែង​។



​បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ផ្តល់​របាយការណ៍​អំពី​គណនី​ក្នុង​ធនាគារ ដែល​ត្រូវ​បើក​សម្រាប់​កិច្ចប្រតិបត្តិការ ដល់​ក្រសួងមហាផ្ទៃ​និង​ក្រសួង​សេដ្ឋកិច្ច ឲ្យ​បាន​មុន​បំណាច់​ខែកញ្ញា ឆ្នាំ​២0១៧​។ តាមរយៈ​សេចក្តីជូនដំណឹង​ខាងលើ  ក្រសួងមហាផ្ទៃ ថែមទាំង​ទាមទារ​ឲ្យ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ផ្តល់ព័ត៌មាន​ជា​លាយលក្ខណ៍អក្សរ​ដល់​ខ្លួន ប្រសិនបើ​ចង់​ធ្វើ​វិ​សោធ​កម្ម​លើ​លក្ខន្តិកៈ ផ្លាស់ប្តូរ​ទីស្នាក់ការ ផ្លាស់ប្តូរ​ប្រធាន ឬ​មានការ​ប្រែប្រួល​ផ្នែក​គណនី​ក្នុង​ធនាគារ​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ត្រូវ​តែ​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ អំពី​ការ​បូកសរុប​សកម្មភាព​ការងារ​និង​ហិរញ្ញវត្ថុ ដល់​ក្រសួងមហាផ្ទៃ​និង​ក្រសួង​សេដ្ឋកិច្ច​ផងដែរ​។ ក្រសួងមហាផ្ទៃ បាន​ប្រាប់​ទៅ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បែបនេះ នៅក្នុង​សេចក្តីជូនដំណឹង​ដដែល​។

​ក្រសួងមហាផ្ទៃ បាន​ព្រមាន​នៅក្នុង​សេចក្តីជូនដំណឹង​យ៉ាង​ដូច្នេះ​ថា​៖«​ករណី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ណាមួយ មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដូច​បានចែង​ខាងលើ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ ត្រូវ​ទទួល​វិធានការ​តាមច្បាប់​ស្តីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»​។

​ការចេញ​សេចក្តីជូនដំណឹង​នេះ គឺ​ស្រប​ពេលដែល​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ទៅ «​បន្ទប់​ស្ថានការណ៍​» ដែលមាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​ជា​សមាជិក ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ។ ក្រសួងមហាផ្ទៃ លើកឡើងថា «​បន្ទប់​ស្ថានការណ៍​» បាន​អនុវត្ត​ផ្ទុយទៅនឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​៕


Tag:
 ក្រសួងមហាផ្ទៃ​
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com