ពីនេះ ពីនោះ
ពេលណាត្រូវប្រើពាក្យ «ដែល» ? ពេលណាត្រូវពាក្យ «ដោយ» ?
× សាធារណជនភាគច្រើនមិនបានចាប់អារម្មណ៍នឹងការប្រើប្រាស់ពាក្យ «ដែល» និង «ដោយ» ឱ្យបានត្រឹមត្រូវតាមវេយ្យករណ៍ខ្មែរឡើយ។ ពាក្យ «ដែល» និង «ដោយ» ជាអាយតនិបាត សម្រាប់និយាយភ្ជាប់នៅពីមុខ«នាមសព្ទ» និង «នាម» ដើម្បីប្រាប់ដំណើរនៃអំពើអ្វីមួយ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចជូនណាតបានបកស្រាយពាក្យទាំងពីរនេះយ៉ាងដូច្នេះ៖
ទី១. ពាក្យ «ដែល» ជាអាយតនិបាត មានន័យថា ជាពាក្យប្រាប់ដំណើរនៃអំពើអ្វីមួយ សម្រាប់និយាយភ្ជាប់នាំមុខ«នាមសព្ទ» ដូចពាក្យថា៖ ការដែលខ្ញុំធ្វើ, ពាក្យដែលគេនិយាយ, ដំណឹងដែលខ្ញុំឮ, សាលារៀនដែលរាជការចំណាយប្រាក់ឱ្យសង់។ ល។
ប្រសិនបើជា «នាម» វិញ មានន័យថា សំណល់, របស់ដែលសល់ ឬដែលគេប្រើប្រាស់ហើយ។ ឧទាហរណ៍៖ ស៊ីបាយដែលគេ, ស្លៀកសំពត់ដែលគេ។
ទី២. ពាក្យ «ដោយ» ជាអាយតនិបាត មានន័យថា ពាក្យប្រាប់ដំណើរនៃអំពើអ្វីមួយ សម្រាប់និយាយភ្ជាប់នាំមុខ«នាម» ដូចពាក្យថា៖ ធ្វើការដោយដៃ, ដើរដោយជើង។ល។
ប្រសិនបើជា «កិរិយាសព្ទ» វិញ ក្នុងន័យទី១ គឺ ព្រមតាម, ប្រតិបត្តិតាម។ ឧទាហរណ៍ថា កូននោះមិនដោយដំបូន្មានសោះ។ ន័យទី២៖ ជាប់តាម, ជាប់ទៅជាមួយ។ ឧទាហរណ៍ថា អ្នករើយកអីវ៉ាន់ទៅ ដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង។ និងន័យទី៣៖ សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី។ ឧទាហរណ៍ថា គោដោយញីឈ្មោល, បងឯងនេះ គ្មានស្រីណាគេដោយទេ! ៕
© រក្សាសិទ្ធិដោយ thmeythmey.com