ពីនេះ ពីនោះ
កំណាព្យ៖ ជួយរ​កឫស និង​ដោះ​បញ្ហា​កសិករ​!
09, Jul 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ គោ​ព័ទ្ធ​ស្នឹង​

-​កើតរឿង​កឿង​ទ័ល​រាល់​តែ​ឆ្នាំ​
​ឆ្នាំមុន​ដំណាំ​អ្នកស្រុក​ថោក​
​ថោក​ថ្លៃ​លើ​ឈ្មួញ​ខ្លះ​គេ​បោក​
​បោក​បេះ​ដាក់​ដោក​ថោក​ដាច់​ផ្ងារ​។
 
-​ផ្ងារពោះ​ព្រោះ​ទុន​ត្រូវ​ខ្ចីបុល​
​បុល​ជាប់បំណុល​រុល​កើន​ការ​
​ការ​កិច្ច​មិន​កប​ស្រប​អត់​ផ្សារ​
​ផ្សារ​ស្រេច​គេ​ថា​មិនដែល​ទៀង​។​
 
-​ទៀង​ដល់​ផល​បាន​ច្រើន​ធ្លាក់​ថ្លៃ​
​ថ្លៃ​ធ្លាក់​ក្នុង​ដៃ​ឈ្មួញ​រៀបរៀង​
​រៀងរាល់​រដូវ​ដូច​គេ​ផ្ទៀង​
​ផ្ទៀងផ្ទាត់​ឲ្យ​រាងចាល​លែង​ធ្វើ​។​
 
-​ធ្វើស្រែ​ចក​ម្ការ​ប្រាថ្នា​ផល​
​ផល​បាន​មិន​ដល់​កល​ស្ទាក់ស្ទើរ​
​ស្ទើរ​ស្ទា​ក់ដាំ​ម្រេច​ដំឡូង​រើ​
​រើ​ចោល​សាកមើល​មៀន​ល្មុត​ល្ពៅ​។​
 
-​ល្ពៅ​ស្រូវ​ត្រសក់​ស្លក់​មុខ​ស្លេក​
​ស្លេក​ព្រោះ​ត្រូវ​ដេក​ពេល​ដឹក​ទៅ​
​ទៅ​គេ​ឈប់​ទិញ​ត្រូវ​សល់​នៅ​
​នៅ​គរ​តាមផ្លូវ​គ្មាន​អ្នក​គិត​។​
 
-​គិត​គួរ​អ្នក​ដាំ​ផ្តាំ​ជួយ​គ្នា​
​គ្នា​ចង់​ធូរធា​ទើប​ពឺត​ពិត​
​ពិត​គ្រោះថ្នាក់​ធំ​បើ​មិន​គិត​
​គិតរ​កឫស​ពិត​នៃ​បញ្ហា​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com