អន្តរជាតិ
មហាសន្និបាត UN អនុម័ត​ដំណោះស្រាយ​រម្លឹក​ខួប ៥០​ឆ្នាំ នៃ​ការបង្កើត​អាស៊ាន
21, Jul 2017 , 9:19 pm        
រូបភាព
​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានសម្រេច​អនុម័ត​ដំណោះស្រាយ​រម្លឹក​ខួប ៥០​ឆ្នាំ​នៃ​ការបង្កើត​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា អាស៊ាន​កាលពី​ថ្ងៃ ១៩ ខែកក្កដា​កន្លងទៅ​។ ការអនុម័ត​ដំណោះស្រាយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​អង្គការ​ថ្នាក់​តំបន់​មួយ​នេះ​ដែល​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការរក្សាសន្តិសុខ សន្តិភាព និង​ស្ថិរភាព​តំបន់​កន្លងមក​។​



​តំណាង​អចិន្ត្រៃយ៍​របស់​ហ្វីលីពីន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក  Teodoro L. Locsin Jr.​បានដាក់​ស្នើ​អនុម័ត​សេច​ក្ត​ព្រាង​ដំណោះស្រាយ​លើកដំបូង​មួយ​ស្តីពី​ការ​រម្លឹក​ខួប​នៃ​ការបង្កើត​អាស៊ាន​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ​ទី ១៩ ខែកក្កដា ។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ហ្វីលីពីន ដំណោះស្រាយ​ដែលមាន​ឈ្មោះថា ការ​រម្លឹក​ខួប ៥០​ឆ្នាំ​នៃ​ការបង្កើត​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​ជា​ឯកច្ឆន្ទ​ដោយ​ប្រទេស​សមាជិក​ចំនួន ៦៧ ដែល​ចូលរួម​។ ដំណោះស្រាយ​នេះ​ស្នើឡើង​ដោយ​សមាជិក​អាស៊ាន​ទាំង​ដប់​រួមជាមួយ​ប្រទេស ៥៧​ផ្សេងទៀត​មាន​ដៃគូ​សន្ទនា​អាស៊ាន​, រដ្ឋ​សមាជិក​សភាព​អឺរ៉ុប​, រួមជាមួយ​ប្រទេស​ជា​មិត្ត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​,  អាហ្វ្រិក និង​អាមេរិក​ឡាទីន​ជាដើម​។​

​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក  Teodoro L. Locsin Jr. បានលើកឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៩២ ថា ដំណោះស្រាយ​នេះ​នឹង​រួមចំណែក​សំខាន់​ក្នុងការ​រម្លឹក​ពី​ការបង្កើត​អង្គការ​ថ្នាក់​តំបន់​ដែល​រួមចំណែក​បង្កើត​សន្តិភាព​និង​រក្សា​ស្ថិរភាព​តំបន់​នេះ​។​

«​កាលពី​៥០​ឆ្នាំមុន អាស៊ាន​ត្រូវបាន​បង្កើតឡើង​ដោយ​សេចក្តីថ្លែងការណ៍​ក្រុង​បាងកក ថ្ងៃ ៨ ខែសីហា ឆ្នាំ ១៩៦៧​។ វា​ជា​ពេលដែល​បី​តា​ស្ថាបនិក​របស់​យើង​បង្កើត​ចេញ​អង្គការ​មួយ​ដែល​គោលដៅ​ចម្បង​លើកស្ទួយ​សន្តិភាព និង​ស្ថិត​ភាព​តំបន់​តាមរយៈ​ការគោរព​យុត្តិធម៌ និង​នីតិរដ្ឋ រួមទាំង​គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។ មន្ត្រី​ទូត​ខាងលើ​បានបញ្ជាក់​ដូច្នេះ​។​

​តំណាង​ហ្វីលីពីន​រូបនេះ​បន្តថា នៅពេល​ខាងមុខ​គេ​នឹង​បន្ត​ឃើញ​ការលូតលាស់​នៃ​អាស៊ាន និង​ទំនាក់ទំនង​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​និង​ដៃគូ​។ លោក​គូសបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​ច្រើនជាង​៨០ បានតែងតាំង​ឯកអគ្គ​រាជ​/​រដ្ឋទូត​របស់ខ្លួន​មកកាន់​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​និង​ចំណង​ការទូត​ទ្វេភាគី​ផងដែរ​។​

​តាមពិតទៅ​ការអនុម័ត​ដំណោះស្រាយ​រម្លឹក​ខួប​អាស៊ាន​៥០​ឆ្នាំនេះ​ធ្វើឡើង​ក្នុង​គោលដៅ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​អាស៊ាន ព្រោះ​អង្គការ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​រក្សា​ការពារ​គោលការណ៍​ពហុ​និយម ស្ថិរភាព វិ​បុក​ភាព និង​សន្តិភាព​តំបន់​ជាដើម​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ដំណោះស្រាយ​នេះ​ក៏​គូសបញ្ជាក់​ពី​ការបំពេញគ្នា​ទៅវិញទៅមក​រវាង​សេចក្តីថ្លែងការណ៍​ក្រុង​កូ​ឡា​ឡាំ​ពួរ ស្តីពី​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឆ្នាំ ២០២៥ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០៣០៕


Tag:
 អាស៊ាន​
  UNGA
  Teodoro L. Locsin Jr.
© រក្សាសិទ្ធិដោយ thmeythmey.com