អន្តរជាតិ
ជនជាតិ​រ៉ូ​ហ៊ីង​នៅតែ​ត្រូវគេ​រត់ពន្ធ​ចូល​ម៉ាឡេស៊ី ទោះ​មានការ​បង្ក្រាប​ពលករ​ខុសច្បាប់​ក៏ដោយ​
22, Jul 2017 , 11:14 am        
រូបភាព
រូបភាព៖ CNN
រូបភាព៖ CNN
ដោយ:
​ទោះជា​មានការ​ការបង្ក្រាប​ពលករ​ខុសច្បាប់​នៅ​ថៃ និង​ម៉ាឡេស៊ី​ក្នុង​គោលដៅ​ប្រឆាំង​ការជួញដូរ​មនុស្ស​ក៏ដោយ មិនបាន​ធ្វើ​ឲ្យ​ការរត់ពន្ធ​មនុស្ស​ខុសច្បាប់​ថមថយ​នោះទេ​។ ជាក់ស្ដែង ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាដើម​នោះ​នៅតែ​ត្រូវ​មេខ្យល់​នាំ​ឆ្លងដែន​ចូលមក​ម៉ាឡេស៊ី​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដដែល​។​



​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើន​នាក់​នៅតែ​ត្រូវ​មេខ្យល់​នាំ​ឆ្លងដែន​ចូលមក​ម៉ាឡេស៊ី​តាម​ច្រកព្រំដែន​ថៃ​រៀងរាល់ថ្ងៃ​ដើម្បី​ស្វែងរក​ការងារ និង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ទោះបីជា​អាជ្ញាធរ​ម៉ាឡេស៊ី​បន្ត​ចុះបង្ក្រាប​ពលករ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ក៏ដោយ​។ ក្រៅពី​ម៉ាឡេស៊ី ថៃ​ក៏បាន​ចាត់វិធានការ​តឹងរ៉ឹង​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ដូចគ្នា​។

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​លើក​ពី​រឿងរ៉ាវ​ក្មេង​ឈ្មោះ Mohammad Kibas ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា វ័យ​១៣​ឆ្នាំ  ដែលជា​ជនរងគ្រោះ​ម្នាក់​នៅ​រស់រានមានជីវិត​ក្រោយ​ចំណាយពេល​បី​ខែ​លួច​ឆ្លងដែន​ចូល​ម៉ាឡេស៊ី​។ តាមពិតទៅ ដំណើរ​ដើមទង​គឺ ឪពុកម្ដាយ Kibas ព្រួយបារម្ភ​ថា គេ​អាច​នឹង​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​ធ្វើបាប  ទើប​ពួកគេ​សម្រេច​លក់​ដី ហើយ​បង់លុយ​ឲ្យ​ក្រុម​មេខ្យល់​ពីរពាន់​ដុល្លារ​ដើម្បី​ឲ្យ​គេ​នាំ​កូនប្រុស​ខ្លួន​ទៅ​ម៉ាឡេស៊ី​។​

Kibas បានធ្វើ​ដំណើរ​ទៅជា​មួយ​មនុស្ស ៧​នាក់ និង​ក្មេងស្រី​ម្នាក់ទៀត​ពី​ទីក្រុង Sittwe នៃ​រដ្ឋ​Rakhine​ដោយ​លាក់ខ្លួន​ក្រោម​អ៊ី​វ៉ាន់​ក្នុង​ឃ្លុប​រថយន្ត​ដឹកទំនិញ​រហូតដល់​ទីក្រុង Yangon ។ បន្ទាប់មក​ទើប​ពួកគេ​បន្តដំណើរ​ដោយ​ថ្មើរជើង​រហូតដល់​ភូមិ Mae Sot ជិត​ព្រំដែន​ថៃ រួច​បន្តទៅ​ក្រុង Padang Besar ដែល​ជាប់​ព្រំដែន​ខាងជើង​ម៉ាឡេស៊ី​។

Kibas បាន​និយាយថា​៖«​ពួកយើង​ធ្វើដំណើរ​យូរ​ខ្លាំងណាស់​។ យើង​គ្មាន​អាហារ​ញ៉ាំ​នោះទេ​ហើយ​ដើរកាត់​ព្រៃ​ដែល​សុទ្ធតែ​មូស ព្រមទាំង​ដើរ​ពី​កន្លែង​ផ្ទេរ​មួយ​ទៅ​កន្លែង​ផ្ទេរ​មួយ​ទៀតផង​»​។​
​នៅ​ខែឧសភា Kibas​បាន​ទៅដល់​ជំរុំ​មនុស្សធម៌​ដែល​បង្កើត​ដោយ​គ្រូបង្រៀន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​លោក Ustaz Rafik Ismail​។

​ពាក់ព័ន្ធ​ការបន្ត​កើតមាន​នូវ​សកម្មភាព​រត់ពន្ធ​មនុស្ស​តាម​ព្រំដែន​នេះ លោក Ustaz Rafik Ismail លើកឡើងថា រដ្ឋាភិបាល​ក្នុង​តំបន់​ត្រូវ​បង្កើន​ចំណាត់ការ​ច្រើនជាង​មុន​។ លោក​កត់សម្គាល់ថា ទោះជា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​រឹតបណ្តឹង​ចលនា​ចំណាកស្រុក​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ហើយ​ថៃ​និង​ម៉ាឡេស៊ី​បាន​ពង្រឹង​វិធានការ​ជួញដូរ​មនុស្ស​ប្រឆាំង​ក្រុម​មេខ្លោង​ជួញដូរ​មនុស្ស​ក៏ដោយ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅតែ​បន្ត​លួច​ចូល​ទឹកដី​ម៉ាឡេស៊ី​ដដែល​។​

​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ពលករ​ចំណាកស្រុក​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ធ្វើដំណើរ​តាម​ទូក​មក​ម៉ាឡេស៊ី ប៉ុន្តែ​បច្ចុប្បន្ន​ចំនួន​នេះ​ថយចុះ​នៅសល់តែ​១០​ទៅ​២០​នាក់​ប៉ុណ្ណោះ​ដែល​សុទ្ធតែជា​មនុស្ស​ពេញកម្លាំង​ពលកម្ម​។​

​នៅ​ខាងក្រៅ​ទីភ្នាក់ងារ​អន្តោប្រវេសន៍​អង្គការសហប្រជាជាតិ ពលករ​ចំណាកស្រុក​តម្រង់​ជួរ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួលបាន​លិខិត​សម្គាល់​ជា​ជនភៀសខ្លួន​។ ទម្រាំ​តែ​ទទួលបាន​ប័ណ្ណ​ជា​ជនភៀសខ្លួន​នេះ​មិនមែន​ងាយស្រួល​នោះទេ ព្រោះ​ពួកគេ​ត្រូវបំពេញ​តាម​លក្ខខណ្ឌ​ជាច្រើន​ទៀត​ដែល​កំណត់ដោយ​គណៈកម្មកា​រ​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​។​

​លើសពីនេះទៅទៀត លិខិត​សម្គាល់​ជនភៀសខ្លួន​ប​មិនបាន​ផ្ដល់​ឲ្យ​ទារក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​កើត​នៅ​ម៉ាឡេស៊ី​ឡើយ ហើយ​វា​ក៏​មិនអាច​ឲ្យ​ពួកគេ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ម៉ាឡេស៊ី​ដែរ​។ ប៉ុន្តែ​យ៉ាងហោច​ឯកសារ​នេះ​អាច​ធានាបាន​នូវ​ការថែទាំ​សុខុមាលភាព និង​ការពារ​ពួកគេ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ក្នុងការ​បង្ក្រាប​ព​លករ​ខុសច្បាប់​ដែរ​៕


Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  ម៉ាឡេស៊ី​
  Mohammad Kibas
© រក្សាសិទ្ធិដោយ thmeythmey.com