អន្តរជាតិ
Trystan ស្រី​ដែល​កែ​ភេទ​ទៅជា​ប្រុស ទើប​បង្កើត​បានកូន​ម្នាក់​ជាមួយ​ដៃគូ Gay
22, Jul 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
Trystan Reese ជនជាតិ​អាមេរិក​អាយុ​៣៤​ឆ្នាំ មានកំណើត​ជា​ស្ត្រី ហើយ​កែ​ភេទ​របស់ខ្លួន​ទៅជា​ប្រុស ដោយ​រស់នៅ​ជាមួយ​ដៃគូ​ប្រុស Gay ម្នាក់​ឈ្មោះ Biff Chaplow​។ កាលពី​ថ្ងៃទី​១៥ ខែកក្កដា កន្លងមក Trystan ទើប​ប្រសូត​បានកូន​ប្រុស​ម្នាក់ ដោយ​គូស្នេហ៍​ទាំងពីរ​បាន​បង្ហោះ​ពី​សកម្មភាព​នានា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​អស់​រយៈពេល​ជាច្រើន​ខែ​។​



​កើត​មកជា​មនុស​ស្រី ប៉ុន្តែ Trystan Reese បានសម្រេច​ប្តូរ​ភេទ​ទៅជា​ប្រុស ហើយ​រូបរាង និង​សំឡេង ជា​មនុស្ស​ប្រុស​ពេញលក្ខណៈ​។ ទោះបីជា​យ៉ាងណាក៏ដោយ Trystan បានសម្រេច​រក្សា​ស្បូន​របស់ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​អាចមាន​លទ្ធភាព​បង្កើតកូន ក្រោយ​រស់នៅ​ជាមួយ​ដៃគូ Biff Chaplow ដែលជា​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ដូចគ្នា (Gay)​។​

​ទារក Leo បានចាប់កំណើត​កាលពី​ចុង​សប្តាហ៍​កន្លងមក ដោយមាន​ទម្ងន់​៤.៣៥​គីឡូក្រាម និង​កម្ពស់ ៥៤.៦​សង់ទីម៉ែត្រ បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក និង​វះកាត់​អស់​រយៈពេល​ប្រមាណ​ជាង​៣០​ម៉ោង​។ Trystan និង Biff បាន​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពោលគឺ​ចាប់តាំងពី​ដំណាក់កាល​ពរ​ពោះ​មកម្ល៉េះ​។​

​ទាំង Trystan និង ទាំង Biff សុទ្ធតែ​បានចាត់ទុក​ខ្លួន​ជា​ឪពុក​របស់ Leo ទាំងពីរ​នាក់​។ Trystan បាន​និយាយថា ទោះបីជា​ខ្លួន​បាន​ប្តូរ​ភេទ​ក៏ដោយ ប៉ុន្តែ​មិនមែន​មានន័យថា គេ​ស្អប់​រូបរាង​ពី​កំណើត​របស់ខ្លួន​នោះឡើយ​។

​បន្ទាប់ពី​ស្នាក់នៅ​ពេទ្យ​ពីរ​បី​ថ្ងៃ គូស្នេហ៍​ទាំងពីរ​បាន​នាំ Leo ទៅផ្ទះ ដែល​នៅ​ទីនោះ ពួកគេ​មានកូន​ចិញ្ចឹម​ពីរ​នាក់ គឺ Hailey និង Riley ដែល​បាន​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០១១ មក​៕


© រក្សាសិទ្ធិដោយ thmeythmey.com