អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រកាសថា លោក​មិន​ខ្ចី​ទៅ​ជាន់ដី​អាមេរិក​ឡើយ ​
22, Jul 2017 , 7:57 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន​បាន​អះអាងថា អាមេរិក​ជា​ប្រទេស​ដែល​អាក្រក់​គួរ​ឲ្យ​ខ្ពើម ហើយ​លោក​ប្រកាសថា លោក​មិន​ទៅ​ទស្សនកិច្ច​អាមេរិក​ជាដាច់ខាត​ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​។​វា​ជាការ​ឆ្លើយតប​សមាជិក​សភា​អាមេរិក​ដែល​ព្រមាន​បាតុកម្ម​ប្រឆាំង​លោក បើសិន​លោក​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​តាម​ការអញ្ជើញ​របស់លោក ដូ​ណា​ល់ ត្រាំ​ផង​។



​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) បាន​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ពេលដែល​គេ​សាកសួរ​ពាក់ព័ន្ធ​សមាជិកសភា​អាមេរិក​ត្រៀម​បាតុកម្ម ប្រឆាំង​ទស្សនកិច្ច​លោក​នៅ​សហរដ្ឋអាមេរិក​ថា លោក​មិន​ខ្ចី​យក​ជើង​ជាន់ដី​អាមេរិក​ឡើយ​។

​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ប្រធានាធិបតី ឌូ​ទើ​តេ ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ក្នុងពេល​មេដឹកនាំ​ទាំងពីរ​ជជែក​ពិភាក្សាគ្នា​តាម​ទូរ​សព្ទ​កាលពី​ខែមេសា​កន្លងទៅ​។ ប៉ុន្តែ​លោក ឌូ​ទើ​តេ មិនបាន​ឆ្លើយ​យល់ព្រម ឬ​បដិសេធ​លិខិតអញ្ជើញ​នេះ​ទេ ប៉ុន្តែ​លោក​មិនសូវ​ចង់ទៅ​អាមេរិក​ឡើយ​តាម​សម្តី​របស់លោក​កន្លងមក​។

​ដោយសារ​ការអញ្ជើញ​លោក ឌូ​ទើ​តេ នេះហើយ បណ្តា​ក្រុម​សិទ្ធិមនុស្ស​និង​សមាជិកសភា​ប្រតិកម្ម និង​នាំគ្នា​ថ្កោលទោស​បន្តបន្ទាប់​។ ពួកគេ​ស្នើ​ឲ្យ​មេដឹកនាំ​អាមេរិក​ឈប់​ស្វាគមន៍​មេដឹកនាំ​ដែលមាន​ពាក់ព័ន្ធ​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៀត​។

​ពាក់ព័ន្ធ​បញ្ហា​នេះ សមាជិកសភា​រដ្ឋ Massachusetts លោក Jim McGovern បាន​ថ្លែងប្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សភា​អាមេរិក​សប្តាហ៍​នេះ​ថា លោក​នឹង​ដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ឌូ​ទើ​តេ ក្នុងករណី​ដែល​លោក ឌូ​ទើ​តេ មក​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​មែន​នោះ​។​
 
​ទីភ្នាកងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្តី​លោក ឌូ​ទើ​តេ ដែល​ចោទសួរ​សមាជិកសភា​អាមេរិក​វិញ​ថា​៖« តើ​រឿង​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​គិតថា ខ្ញុំ​នឹង​ទៅ​អាមេរិក​នោះ​? វា​ជា​មិនមាន​អាចទៅរួច​ទេ ក្នុង​អាណត្តិ​របស់ខ្ញុំ​ជា​ប្រធានាធិបតី​ដែល​ត្រូវ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ឬ​ផុត​អាណត្តិ​នេះ​ក៏​មិនអាច​ដែរ​»​។​

​លោក ឌូ​ទើ​តេ បន្ថែមថា អាមេរិក​និយាយ​ធ្វើ​ដូច​ខ្លួនឯង​ល្អ​ណាស់ តែ​តាមពិត​ខ្លួនឯង​ស្មោគគ្រោក​រំលោភសិទ្ធិ​មនុស្ស​ខ្លាំងណាស់​កន្លងមក​។ លោក​បញ្ជាក់​ដូច្នេះ​ថា ៖« ខ្ញុំ​បានឃើញ​ហើយ​អាមេរិក​នោះ​។ ប្រទេស​នេះ​អាក្រក់​គួរ​ឲ្យ​ខ្ពើម​តែម្តង​។ វា​ជា​រឿង​ល្អ​បើសិន សមាជិកសភា​អាមេរិក​នាំគ្នា​ចាប់ផ្តើម​ស៊ើបអង្កេត​រឿង​រំលោភបំពាន​សិទ្ធិមនុស្ស​ក្នុងស្រុក​ខ្លួនឯង​ព្រោះ​មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ត្រូវ​បង្ខំចិត្ត​បើក​ការស៊ើបអង្កេត​ខ្លួនឯង ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ដែល​អ្នកប្រព្រឹត្ត​ពី​អតីតកាល​»​។​

​តាំងពី​ឡើងកាន់តំណែង​ឆ្នាំ ២០១៦ លោក ឌូ​ទើ​តេ បាន​ទិតៀន​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់ខ្លួន​នោះ​ឥតមាន​ឈប់ឈរ ប៉ុន្តែ​លោក ត្រាំ មាន​ជំហរ​ប្រែប្រួល​ច្រើន​រឿង​សិទ្ធិមនុស្ស ហើយ​លោក​ថែមទាំង​ធ្លាប់​សរសើរ​លោក ឌូ​ទើ​តេ​រឿង​ប្រឆាំង​គ្រឿងញៀន​ទៀត​។​

​កាលពី​ខែមេសា​នោះដែរ លោក ត្រាំ បាន​កោតសរសើរ​លោក ឌូ​ទើ​តេ ថា​ជា​មេដឹកនាំ​ដែលមាន​សមត្ថភាព​អាចបំពេញ​ការងារ​បាន​យ៉ាង​អស្ចារ្យ​ដើម្បី​ប្រឆាំង​គ្រឿងញៀន​។ សម្តី​របស់លោក ត្រាំ ក៏​ទាក់ទាញ​ការរិះគន់​ខ្លាំង​ពី​សហគមន៍​សិទ្ធិមនុស្ស​ផងដែរ​៕


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Jim McGovern
© រក្សាសិទ្ធិដោយ thmeythmey.com