អន្តរជាតិ
អ្នកនាំពាក្យ​សេត​វិមាន​សុខចិត្ត​លាលែង ព្រោះ​មិន​ឯកភាព​ជាមួយ​ប្រធានាធិបតី ត្រាំ រឿង​តែងតាំង​មន្ត្រី​
22, Jul 2017 , 11:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកនាំពាក្យ​សេត​វិមាន​លោក Sean Spicer ប្រកាស​ចុះចេញ​ពី​តំណែង​នៅ​ថ្ងៃ​សុក្រ ក្រោយ​ទាស់ទែង​ខ្វែងគំនិត​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​ការតែងតាំង​ជំនួយការ​ផ្ទាល់​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​។ លោកស្រី Sarah Sanders អ្នកនាំពាក្យ​រង​ត្រូវ​តែងតាំង​ឲ្យ​ជំនួស​តំណែង​លោក Spicer​។​



​ក្រោយ​មាន​បញ្ហា​ចម្រូងចម្រាស​មួយរយៈ អ្នកនាំពាក្យ​សេត​វិមាន​លោក  Sean Spicer បានប្រកាស​លាលែង​ពី​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ២១ កក្កដា​។ ការ​ប្រកាស​លាលែង​ពី​តំណែង​នេះ​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែងតាំង​អ្នកគាំទ្រ​ខ្លួន​លោក Scaramucci ឲ្យ​ធ្វើជា​នាយក​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​(White House Communication Director) នោះ​។​

​ការប្រកាស​លាលែង​ពី​តំណែង​របស់លោក Sean Spicer នេះដែរ​ក៏​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដែរ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ស្មុគស្មាញ​ដែល​កំពុង​កើតឡើង​ក្នុង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ជាពិសេស​ក្រុមការងារ​ទទួលបន្ទុក​កិច្ចការ​ផ្សព្វផ្សាយ​តែម្តង​។  បញ្ហា​កើតឡើង​ក៏​ដោយសារ​ការបង្កើន​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​ក្រុម​ឃោសនា​របស់លោក ត្រាំ ជាមួយ​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ចុងឆ្នាំ​មុន​។​

​ក្រោយ​លោក Spicer ប្រកាស​ចាក​ចេញពី​តំណែង​ជា​អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Sarah Sanders  ត្រូវគេ​តែងតាំង​ឲ្យ​កាន់តំណែង​នេះ​ជំនួស​លោក​ផងដែរ​ភ្លាមៗ​នោះ​។ លោក Spicer នឹង​បន្ត​តំណែង​នេះ​សិន​រហូតដល់​ខែសីហា​ខាងមុខ​។​

​ពាក់ព័ន្ធ​ការប្រកាស​លាលែង​ពី​តំណែង​នេះ សមាជិកសភា​បក្ស​សាធារណរដ្ឋ​ដែលមាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​សេត​វិមាន​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មុន​មានការ​ប្រកាស​លាលែង​ពី​តំណែង លោក Sean Spicer បាន​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ការិយាល័យ​ប្រធានាធិបតី ហើយ​វា​ក៏មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា​រវាង​អ្នក​ទាំងពីរ​ផងដែរ​។

​លោក Spicer បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រឿង​តែងតាំង​នាយក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន ព្រោះ​លោក​មិន​ពេញចិត្ត​បំណង​លោក​ត្រាំ​ដែល​ចង់​តែងតាំង​លោក Anthony Scaramucci  ដែលជា​អ្នកគាំទ្រ​ខ្លួន និង​ជា​អ្នកផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ឃោសនាបោះឆ្នោត​កន្លងមក​ឡើយ​។

​លោក Sean Spicer ចង់​បញ្ជា​ក់លោក ត្រាំ ថា​រវាង​«​លោក Scaramucci ឬ​ខ្លួន​លោក​ផ្ទាល់​តើ​លោក​ជ្រើស​រើសយក​មួយណា​?»​។ ចុងក្រោយ​លោក​ក៏ត្រូវ​សម្រេចចិត្ត​ប្រកាស​លាលែង​ពី​តំណែង​ព្រោះ​លោក ត្រាំ ជ្រើសរើស​លោក Scaramucci ឲ្យ​ធ្វើជា​នាយក​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​នោះ​។​

​ដោយឡែក លោក Spicer បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ផងដែរ​ពាក់ព័ន្ធ​ការដកខ្លួន​ឈប់​បម្រើ​ការងារ​ជាម​ន្ត្រី​ព័ត៌មាន​របស់លោក ត្រាំ​នេះ​។ លោក​មិនបាន​បញ្ជាក់​ពី​ហេតុផល​នៅ​ពីក្រោយ​ការលាលែង​ពី​តំណែង​ឡើយ ដោយ​លោក​គ្រាន់តែ​អះអាងថា​លោក​មាន​មោទនភាព​ដែល​បាន​បម្រើ​ការងារ​ក្រុម​រដ្ឋបាល​លោក ត្រាំ កន្លងមក​។

«​វា​ជា​កិត្តិយស និង​បុព្វសិទ្ធិ​មួយ​ដែលមាន​ឱកាស​បម្រើ​ប្រធានាធិបតី និង​ប្រទេស​ដ៏​អស្ចារ្យ​នេះ​។ ខ្ញុំ​នឹង​បន្តការងារ​របស់ខ្លួន​រហូតដល់​ខែសីហា​»​។ លោក Spicer បញ្ជាក់​បែបនេះ​ក្នុង​គណនី Twitter របស់ខ្លួន​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Sean Spicer
  Sarah Sanders
© រក្សាសិទ្ធិដោយ thmeythmey.com