អន្តរជាតិ
អាមេរិក​៖ បុរស​ម្នាក់​ជាប់គុក​១៦​ឆ្នាំ​ពីបទ​សម្លាប់​ឆ្មា​២១​ក្បាល​
23, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
Robert Farmer អាយុ​២៦​ឆ្នាំ ដែល​រស់នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​១៦​ឆ្នាំ ពីបទ​សម្លាប់ និង​វាយ​ធ្វើបាប​ឆ្មា​ចំនួន​២១​ក្បាល នៅក្នុង​ឆ្នាំ​២០១៥ ។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CBS San Francisco​។​



​សកម្មជន​ការពារ​សត្វ​នៅលើ​ពិភពលោក ច្បាស់​ជា​រីករាយ​នឹង​ដំណឹង​នៃ​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នកប្រព្រឹត្ត​អំពើ​បាប​លើស​ត្វ​។ កាលពី​ថ្ងៃទី​១៤ ខែកក្កដា កន្លងមក បុរស​ឈ្មោះ Robert Farmer សារភាព​នៅ​តុលាការ Santa Clara Superior Court ថា រូបគេ​ពិតជា​បានសម្លាប់ និង​ធ្វើបាប​ឆ្មា​២១​ក្បាល​មែន កាលពី​អំឡុង​ឆ្នាំ​២០១៥ ។​

​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ ពលរដ្ឋ​ដែល​រស់នៅ​សង្កាត់ Cambridan Park ក្រុង San Jose មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ដោយ​ពួកគាត់​បាន​បាត់​ឆ្មា​ជាច្រើន​ដំណាលគ្នា​។ តាមរយៈ​ឆ្មា​មួយ​ក្បាល​ដែល​រត់​រួច ពេទ្យសត្វ​នៅក្នុង​តំបន់ បាន​ពិនិត្យឃើញថា ឆ្មា​នោះ​រងរបួស​ដែល​បង្កឡើង​ដោយ​មនុស្ស​។​

​ពី​បី​សប្តាហ៍​ក្រោយមក គេ​បាន​រកឃើញ​ឆ្អឹង និង​សាកសព​ឆ្មា​ដែល​បាន​បាត់​។ ប៉ូលិស​បានដាក់​លួច​បង្កប់​កាមេរ៉ា មុននឹង​ឈានទៅដល់​ការចាប់ខ្លួន Robert ខណៈ​គេ​កំពុង​ដេក​ក្នុង​រថយន្ត ដែលមាន​សាកសព​ឆ្មា​មួយ​ក្បាល​នៅក្បែរ​ខ្លួន​។ តាម​ការវិភាគ DNA យុវជន​វ័យ​២៦​ឆ្នាំ​រូបនោះ ពិតជា​បានសម្លាប់​ឆ្មា​ទាំង​២១​ក្បាល​មែន​។​

​បើតាម​អាជ្ញាធរ​ប៉ូលិស Robert គឺជា​មនុស្ស​រោគ​ចិត្ត​ម្នាក់​ដែល​ចូលចិត្ត​សម្លាប់សត្វ​។ បន្ថែម​ពីលើ​នេះ គេ​ក៏​ត្រូវបាន​រកឃើញថា បាន​បៀតបៀន​ផ្លូវភេទ​ឆ្មា​មួយ​ក្បាល​ដែល​ខ្លួន​បានសម្លាប់​។ យុវជន​រូបនេះ ក៏​មិនបាន​ប្រកែក​នោះដែរ នា​អំឡុង​សវនាការ​។​

​ចំពោះ​ករណី​សម្លាប់​ឆ្មា​ដ៏​ឃោ​ឃៅ​នេះ Robert ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៦​ឆ្នាំ ដោយ​គ្មាន​ការតវ៉ា​។ បន្ទាប់ពី​ការអនុវត្តន៍​ទោស​រួច បុរស​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទៅជិត​រយៈពេល​១០​ឆ្នាំ​បន្ថែមទៀត​ផងដែរ​៕


Tag:
 ​សម្លាប់សត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com