អន្តរជាតិ
កូរ៉េខាងជើង​ប្រឈម​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ហើយ​ការផ្គត់ផ្គង់​ស្បៀងអាហារ​រងគ្រោះថ្នាក់​ខ្លាំង​
23, Jul 2017 , 4:59 pm        
រូបភាព
ដោយ:
​កូរ៉េខាងជើង​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈ​ជាង​មួយ​ទសវត្សរ៍​កន្ល​មកនេះ​។ គ្រោះរាំងស្ងួត​នេះ ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណាំ​សំខាន់ៗ រួមទាំង​បង្ក​ឲ្យ​ការផ្គត់ផ្គង់​អាហារ​ដល់​ប្រជាជន​ធ្លាក់ចុះ​ផង ហើយ​កុមារ​និង​មនុស្ស​ចាស់​ក្លាយជា​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការ​កង្វះ​អាហារ​នេះ​។



​ក្នុងអំឡុង​ខែមេសា​និង​មិថុនា ចំនួន​ទឹកភ្លៀង​ក្នុង​តំបន់​ផលិត​ស្បៀង​សំខាន់ៗ​របស់​កូរ៉េខាងជើង​ធ្លាក់ចុះ​ជាង​ចំនួន​ទឹកភ្លៀង​ជា​មធ្យម​ដែល​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណាំ​សំខាន់ៗ​ដូចជា​ស្រូវ ដំឡូង ពោត​និង​សណ្ដែក​ជាដើម​។ ការបង្កបង្កើន​ផល​ក​សិ​កម្ម​មិនបាន​សមប្រកប​តាម​ការ​គម្រោង​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ឯកោ​នេះ​រងគ្រោះ​កាន់តែខ្លាំង​។

​យោងតាម​សេចក្ដី​រាយ​កាណ៍​ពី​អង្គការ​កសិកម្ម​និង​ម្ហូបអាហារ (FAO) រួមជាមួយ​មជ្ឈមណ្ឌល​សហការ​ស្រាវជ្រាវ​គណៈ​កម្ម​ការ​អឺរ៉ុប គ្រោះរាំងស្ងួត​នៅ​កូរ៉េខាងជើង​បានធ្វើ​ឲ្យ​ខូចខាត និង បណ្តា​ឲ្យ​អាក់ខាន​ដល់​សកម្មភាព​ប្រមូល​ផលដំណាំ​ឆ្នាំ​២០១៧​។ ក្នុង​រយៈពេល​បី​ខែ​ខាងមុខ វា​តម្រូវ​ឲ្យ​មានការ​ធានា​នូវ​សន្តិសុខ​ស្បៀង​ជា​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ងាយ​រងគ្រោះ​ដូចជា​កុមារ​និង​មនុស្ស​ចាស់ជរា​ជាដើម​។​

​អង្គការ​កសិកម្ម​និង​ម្ហូបអាហារ​ក៏បាន​ព្យាករ​ផងដែរ​ថា ទិន្នផល​មុន​រដូវ​កាល​នោះបាន​ធ្លាក់ចុះ​អស់​៣០​ភាគរយ​បើ​ប្រៀប​នឹង​ទិន្នផល​ដែល​ប្រមូលបាន​ឆ្នាំមុន​។ កត្តា​នេះ​ធ្វើ​ឲ្យ​ការ​នាំចូល​គ្រាប់​ធញ្ញជាតិ និង​ម្ហូបអាហារ​កើនឡើង​ដោយសារ​ស្ថានភាព​ទីផ្សារ​ឆ្នាំ​២០១៧​និង​២០១៨​កាន់តែ​ដុនដាប​។​

​អង្គការ​ដដែល​ខាងលើ​ក៏បានផ្ដល់​យោបល់​ដល់ក​សិ​ករ និង​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​ឲ្យ​ប្តូរ​មក​ដាំ​ដំណាំ​នានា​ដែល​មិនសូវ​ត្រូវការ​ទឹក ឬ​ប្រភេទ​ដំណាំ​ផ្សេងៗ​ទៀត​ដែល​ធន់​នឹង​ស្ថានភាព​រាំងស្ងួត​វិញ​ដើម្បី​សម្រប​ជីវភាព​រស់នៅ​។​

​អ្នកតំណាង​អង្គការ​កសិកម្ម និង​ម្ហូបអាហារ​នៅ​ចិន និង​កូរ៉េខាងជើង​លោក Vincent Martin បាន​ពោល​ដូច្នេះ​ថា​៖«​ក្រុង​Nampo​ព្រមទាំង​ខេត្ត​មួយចំនួន​នៅ​ខាងជើង និង​ខាងត្បូង​ខេត្ត Pyongan រួមទាំង​ខេត្ត Hwanghae នឹងរង​ការខូចខាត​ខ្លាំងជាងគេ បើ​គិត​ទៅ គឺ​ពីរភាគបី​នៃ​ផលដំណាំ​ក្នុង​រដូវ​កាល​ប្រមូល​ផល​។​

​លោក​Martin បាន​បន្ថែមទៀតថា​៖«​ការបញ្ជូន​ជំនួយ​ជាបន្ទាន់​វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​កសិក​រ​ដែល​កំពុង​រង​ការ​ខូ​ត​ខាត​ជា​ទម្ងន់​។ ហើយ​វា​ក៏​ទប់ស្កាត់​ការអនុវត្ត​យុទ្ធសាស្ដ្រ​ដោះស្រាយ​ដែល​មិន​ត្រឹមត្រូវ​ដូចជា ការកាត់បន្ថយ​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ និង​មនុស្ស​ចាស់ជរា​។ វា​សំខាន់​ណាស់​ដែល​កសិករ​ទទួល​បាន​ជំនួយ​កសិកម្ម​សមរម្យ និង​ទាន់ពេល​រួមមាន ឧបករណ៍​ជំនួយ​ធារាសាស្ដ្រ​និង​ម៉ាស៊ីនបូមទឹក​។​

​កូរ៉េខាងជើង​ជួបប្រទះ​គ្រោះរាំងស្ងួត​ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ហើយ​ពឹង​ផ្អែកលើ​ជំនួយ​ម្ហូបអាហារ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ទ្រទ្រង់​ជីវិត​ប្រជាជន​របស់ខ្លួន​ជាង​២៥​លាន​នាក់​។ ប៉ុន្តែ​ពីរ ឬ​បី​ឆ្នាំ​ចុង​ក្រោយនេះ ជំនួយ​ត្រូវបាន​កាត់បន្ថយ​ព្រោះ​ក្រុង​ព្យុងយ៉ាង​ស្ទាក់ស្ទើ​ក្នុងការ​អនុញ្ញាតិ​ឲ្យ​មានការ​ត្រួតពិនិត្យ​ការ​ចែកចាយ​ម្ហូបអាហារ និង​បណ្តាលមកពី​ការដាក់ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ប្រឆាំងនឹង​ការបន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​។​

បើតាម​កម្មវិធី​ស្បៀង​ពិភពលោក​អង្គការសហប្រជាជាតិ (WFP) ការចែក​ចាយ​ម្ហូបអាហារ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​ទៅ​ឲ្យ​ប្រជាជន​ពិតជា​ធ្លាក់ចុះ​មែន ព្រោះ​ប្រជាជន​ពីរ​នាក់​ក្នុងចំណោម​ប្រាំ​នាក់​មិនបាន​ទទួល​របប​អាហារ​គ្រប់គ្រាន់​ឡើយ​៕


Tag:
 កូរ៉េខាងជើង​
  សន្តិសុខ​ស្បៀង​
  គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com