អន្តរជាតិ
សេដ្ឋកិច្ច​តំបន់​អាស៊ី​មាន​កំណើន​ល្អ​ដោយសារ​ការនាំចេញ​កើនឡើង​
23, Jul 2017 , 8:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​ថា ប្រទេស​តំបន់​អាស៊ី​នឹងមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​លើសពី​ការរំពឹងទុក​សម្រាប់​ឆ្នាំ​២០១៧ និង ២០១៨​។ ការរីកចម្រើន​សេដ្ឋកិច្ច​តំបន់​យ៉ាង​រហ័ស​នេះ ក៏ដោយ​សារ​អាស៊ី​មាន​សក្ដានុពល​ក្នុងការ​នាំចេញ​ផលិតផល​ជាច្រើន​តាំងពី​ទូរស័ព្ទ រថយន្ត និង​របស់​ប្រើប្រាស់​ផ្សេងៗ​ទៀត ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​នៃ​តម្រូវការ​ពិភពលោក​ដែរ​។​



​សប្តាហ៍​នេះ ធនាគារ​អភិវឌ្ឍន៍​តំបន់​អាស៊ី​ចេញ​របាយការណ៍​ព្យាករណ៍​មួយ​ស្តីពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងអស់​៤៥​ប្រទេស​។ កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​កើន​ដល់​៥,៨​ឆ្នាំ​២០១៧ និង ៥,៩ នៅ​ឆ្នាំ​២០១៨ ដែល​វា​កើនឡើង​ពី​កម្រិត​៥,៧ ភាគរយ​ដែលជា​ភាគរយ​ដែល​គេ​ព្យាករ​កាលពី​ខែមេសា​។​

​ការរីកចម្រើន​នៃ​តំបន់​អាស៊ី ឆ្លុះបញ្ចាំង​ពី​សក្ដានុពល​នាំចេញ​ផលិតផល​តំបន់​ដែល​ផលិត​ក្នុង​តំបន់​មាន​តាំងពី​ទូរស័ព្ទ​ចល័ត រថយន្ត និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ជាច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​កំណើន​តម្រូវការ​ផលិតផល​ទូទាំង​ពិភពលោក​ចាប់តាំងពី​ចុងឆ្នាំ ២០១៦ ក៏​រួមចំណែក​ធ្វើ​មានការ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ផលិតផល​ពី​តំបន់​អាស៊ី​ដែរ​។​

​ពាក់ព័ន្ធ​កំណើនសេដ្ឋកិច្ច​អាស៊ី​នេះ ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​លោក​Yasuyuki Sawada បាន​និយាយ​ក្នុង​របាយការណ៍​ដូច្នេះ​ថា​៖«​ទោះជា​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​នៅមាន​ភាពស្រពិចស្រពិល ប៉ុន្តែ​យើង​ជឿជាក់ថា​តំបន់​សេដ្ឋកិច្ច​អាស៊ី​នឹង​អាចឆ្លើយតប​នឹង​វិបត្តិ​សេដ្ឋកិច្ច​នាពេលខាងមុខ​បាន​»​។​

​ដោយឡែក​ក្នុង​របាយការណ៍​ដដែល ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏បាន​ព្យាករ​ពី​អត្រាកំណើន​សេដ្ឋកិច្ច​រប​ស់​ចិន​ដែរ​។ សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ចន្លោះ​ពី​៦,៥​ភាគរយ​ទៅ​៦,៧​ក្នុង​ឆ្នាំ​២០១៧ និង​ពី ៦,២​ទៅ ៦,៤​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។​

​សេដ្ឋកិច្ច​ចិន​កើន​លើសពី​ការរំពឹងទុក​ជាមួយនឹង​អត្រាកំណើន ៦,៩​ភាគរយ​ក្នុងអំឡុង​ត្រីមាស​ទី​បី​។​ផលិតកម្ម និង​ការនាំចេញ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ចិន​។ វា​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​កិច្ចសន្ទនា​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​អាមេរិក​-​ចិន​សប្តាហ៍​នេះ​កាន់តែ​មាន​ភាព​តានតឹង​ដែរ ព្រោះ​អាមេរិក​ទាមទារ​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​

​ចំណែក​អត្រា​អតិផរណា​ត្រូវ​ស្ថិតក្នុង​ការគ្រប់គ្រង​ដោយសារ​ស្ថិរភាព​នៃ​តម្លៃ​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​។ អត្រា​អតិផរណា​ឆ្នាំ​២០១៧​នឹងត្រូវ​កាត់បន្ថយ​ពី ៣​ភាគរយ​នៅសល់​ត្រឹម​២,៨​ភាគរយ និង​ឆ្នាំ​២០១៨ វា​ធ្លាក់​ពី​៣,២​ភាគរយ​មក​ត្រឹម​៣​ភាគរយ​៕


Tag:
 ធនាគារអភិវឌ្ឍន៍អាស៊ី​
  ចិន​
  អាស៊ី​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com