អន្តរជាតិ
ពូ​ទីន ថា​មាន​គេ​អង្វរ​លោក​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ក្ដាប់​អំណាច​បានយូរ តែ​លោក​មិន​ព្រម​
23, Jul 2017 , 9:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកម្មវិធីទូរទស្សន៍មួយជាមួយយុវជន (រូបភាពគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកម្មវិធីទូរទស្សន៍មួយជាមួយយុវជន (រូបភាពគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅតែ​បន្ត​លាក់បាំង​ជំហរ​របស់លោក​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨ ខណៈ​អាណត្តិ​សព្វថ្ងៃ​របស់លោក​នឹងត្រូវ​ចប់​នៅពេល​ខាងមុខនេះ​។ ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​ថ្ងៃទី​២១ ខែកក្កដា លោក ពូ​ទីន បាន​ឆ្លៀត​បង្ហើប​ថា មាន​អ្នកជំរុញ​ឲ្យ​លោក​កែ​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី ប៉ុន្តែ​លោក​មិនបាន​ឯកភាព​ឡើយ ហើយក៏​មិន​ធ្វើបែបនេះ​ដើម្បី​រក្សា​អំណាច​ដែរ​។​



​អាណត្តិ​ប្រធានាធិបតី​៦​ឆ្នាំ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំក្រោយ​។ លោក ពូ​ទីន កាន់តំណែង​ប្រធានាធិបតី​នេះ​បន្ត​ពី​លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ បន្ទាប់ពី​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២ ។ ខណៈដែល​អាណត្តិ​៦​ឆ្នាំ​កាន់តែ​ជិត​មកដល់ លោក ពូ​ទីន មិនទាន់​បង្ហាញ​ចេតនា​ក្នុងការ​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុង​ឆ្នាំ​២០១៨ ឡើយ ប៉ុន្តែ​លោក​បាន​ត្រឹម​បង្ហើប​ថា លោក​នឹង​សម្រេចចិត្ត​នៅពេល​ខាងមុខ​។​

​យោងតាម​សារព័ត៌មាន RT ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បញ្ជាក់ ចំពោះ​អ្នកទស្សនា​វ័យក្មេង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ថា លោក​មិនទាន់​សម្រេចចិត្តថា​នឹងត្រូវ​បន្តការងារ​ក្នុងនាម​ជា​ប្រធានាធិបតី​ឬ​យ៉ាងណា​ឡើយ​។ លោក​ត្រូវ​រង់ចាំ​មើល​សិន ព្រោះ​ការបោះឆ្នោត​ត្រូវ​រៀបចំ​នៅ​ឆ្នាំ​២០១៨ ឯណោះ ហើយ​ពេលវេលា​នៅមាន​ច្រើន​ទៀត​មុន​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ចាប់ផ្ដើម​។ លោក ពូ​ទីន នឹង​ប្រើពេល​សេសសល់​ដើម្បី​ពិចារណា​បញ្ហា​នេះ​។​

​ឆ្លៀត​ពេលនេះ លោក ពូ​ទីន ដែល​ធ្លាប់​កាន់តំណែង​នេះ​ពីរ​អាណត្តិ​ម្ដង​ហើយ​នោះ ក៏​ប្រកាស​ដែរ​ថា លោក​នឹងមិន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បន្ថែម​អំណាច ឬក៏​ពន្យារ​អាណត្តិ​ប្រធានាធិបតី​ដែរ​។ លោក​និយាយថា អ្វីៗ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អស់ហើយ រាប់ទាំង​អាណត្តិ​ប្រធានាធិបតី​ផង​។ លើសពីនោះ លោក​បាន​ទម្លាយ​រឿង​មួយទៀត គឺ​ឱកាស​ក្នុង​ការកែ​រដ្ឋធម្មនុញ្ញ ដោយមាន​អ្នក​មក​អង្វរ​លោក​ឲ្យ​កែ​ច្បាប់កំពូល​នេះ ប៉ុន្តែ​លោក​មិនបាន​ធ្វើតាម​ឡើយ​។​

​ច្បាប់រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ចែងថា មនុស្ស​អ្នក​មិនអាច​កាន់តំណែង​លើសពីរ​អាណត្តិ​ជាប់​គ្នា​ឡើយ​។ ដូចនេះហើយ​បានជា​គេ​ឃើញ​លោក ពូ​ទីន មិន​ប្រជែង​កៅអី​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​២០០៨ ព្រោះ​មុននេះ​លោក​កាន់តំណែង​ប្រធានាធិបតី​ពីរ​អាណត្តិ​ជាប់​គ្នា​រួចហើយ គឺ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៨ ។ អវត្តមាន​លោក ពូ​ទីន ជា​ផ្ដល់ឱកាស​ឲ្យ​លោក ម៉េ​ដ​វ៉េ​ដេ​វ ឈ្នះឆ្នោត​បាន​មួយ​អាណត្តិ មុននឹង​លោក ពូ​ទីន ត្រឡប់មក​ប្រជែង​តំណែង​នេះ​ក្នុង​ឆ្នាំ​២០១២ ចំ​ពេលដែល​អាណត្តិ​ត្រូវបាន​ពង្រីក​ដល់​៦​ឆ្នាំ​។​

​ស្រប​ពេលដែល​មិនទាន់​បង្ហាញ​ចេតនា​ចូលរួម​ការបោះឆ្នោត​នោះ លោក ពូ​ទីន ក៏​មិនបាន​លើកឡើង​ពី​បេក្ខភាព​ដែល​អាច​ស្នង​តំណែង​រូបលោក​ដែរ​។ លោក​សម្រេចចិត្ត​ទុក​ឱកាស​ក្នុងការ​ស្វែងរក​ប្រធានាធិបតី​ថ្មី​របស់​រុស្ស៊ី ទៅ​ឲ្យ​ប្រជាជន​រុស្ស៊ី​ជា​អ្នកកំណត់​តាមរយៈ​ការបោះឆ្នោត​សម្ងាត់​។ លោក​ចង់​មានន័យថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ដែល​លោក​ត្រូវ​កំណត់​អនាគត​អ្នកដឹកនាំ​របស់​ប្រទេស ព្រោះ​មានតែ​ប្រជាជន​រុស្ស៊ី​ប៉ុណ្ណោះ​ទើប​អាច​អារកាត់​បាន​៕


Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com