អន្តរជាតិ
យក្សចិនព្រមានយក្សឥណ្ឌា «កុំយល់ច្រឡំសមត្ថភាពកងទ័ពចិនឲ្យសោះ» អ្នកនាំពាក្យក្រសួងការពារជាតិចិន Wu Qian អំឡុងពេលសន្និសីទកាសែត (រូបភាព China Daily)
× ក្រសួងការពារជាតិចិន នៅថ្ងៃទី២៤ ខែកក្កដា បានចេញសេចក្ដីព្រមានមួយចំពោះឥណ្ឌា ជុំវិញជម្លោះព្រំដែននៅតំបន់ភ្នំហិមាល័យ។ ចិន បានប្រាប់ឲ្យឥណ្ឌាកុំមានក្ដីសង្ឃឹមថាអាចយកឈ្នះចិនបានឲ្យសោះ ព្រោះកងទ័ពចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារទឹកដីរបស់ខ្លួនពីការឈ្លានពានណាមួយ។ ចិន ក៏បានឲ្យឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួនឲ្យបានឆាប់ មុននឹងការចរចាសម្រួលស្ថានការណ៍ណាមួយអាចរៀបចំទៅបាន។
ជម្លោះព្រំដែនរវាងចិន និងឥណ្ឌានៅតំបន់ Dokglam នៃរដ្ឋ Sikkim របស់ឥណ្ឌា នៅមិនទាន់បញ្ចប់នៅឡើយ ព្រោះឥណ្ឌាមិនទាន់ដកទ័ពរបស់ខ្លួនតាមការទាមទាររបស់ចិនទេ។ យក្សចិន នៅតែទាមទារឲ្យយក្សអាស៊ីខាងត្បូងឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួន ប៉ុន្តែឥណ្ឌាឯណោះក៏អះអាងថាតំបន់នោះ គឺជាទឹកដីរបស់ខ្លួន និងបានប្រាប់ឲ្យចិនបញ្ឈប់ការសាងស់ផ្លូវនៅតំបន់ទៀតផង។ កម្ដៅតានតឹងរវាងអតីតគូសត្រូវទាំងពីរកើនឡើងខ្លាំង និងឈានដល់ការពង្រាយកងទ័ពបន្ថែមទៀតផង។
ចិន និងឥណ្ឌា ដែលធ្លាប់ធ្វើសង្គ្រាមព្រំដែនក្នុងឆ្នាំ១៩៦២ មានព្រំដែនជាមួយគ្នាប្រវែង៣៥០០គីឡូម៉ែត្រ ហើយតំបន់ខ្លះនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ។ ជម្លោះព្រំដែននៅតំបន់ភ្នំនៃរដ្ឋ Sikkim នៅឆ្នាំ២០១៧ រឹតតែធ្វើឲ្យជម្លោះរវាងមហាអំណាចទាំងពីរកាន់តែរាលដាលខ្លាំង។ ចិន ក៏ធ្លាប់ព្រមានឥណ្ឌាទុកមុនហើយថា កងទ័ពរបស់ខ្លួនមិនមែនកងទ័ពដូចឆ្នាំ១៩៦២ ហើយត្រៀមរួចស្រេចដើម្បីការពារទឹកដីរបស់ខ្លួន។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការពារជាតិចិន Wu Qian បានព្រមានឥណ្ឌាថា ក្រឡុកភ្នំជារឿងស្រួល តែក្រឡុកកងទ័ពរំដោះប្រជាជនចិនជាលំបាក។ លោកបន្តថា សមត្ថភាពរបស់កងទ័ពចិន ត្រូវបានពង្រឹងជាលំដាប់ដើម្បីការពារទឹកដី និងអធិបតេយ្យរបស់ចិន។ លោកនិយាយបែបនេះ ខណៈដែលកងទ័ពចិន និងឥណ្ឌាច្រើនរយនាក់កំពុងប្រឈមមុខគ្នានៅតំបន់ Dokglam ក្បែរប៊ូតាន់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ឥណ្ឌា។
ក្រុងញូវដែលីបានលើកហេតុផលថា ការដ្ឋានសាងសង់ផ្លូវរបស់ចិនដែលប៉េកាំងអះអាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន និងស្ថិតនៅតែក្បែរព្រំដែនរួមគ្នា បានគំរាមកំហែងដល់សន្តិសុខរបស់ឥណ្ឌា។ ប៉ុន្តែក្រុងប៉េកាំងមិនបានស្ដាប់សម្ដីក្រុងញូវដែលីឡើយ ហើយម្ដងជាពីរដងនៅតែប្រាប់ឲ្យឥណ្ឌាដកទ័ពសិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើថែមទាំងប្រាប់ឥណ្ឌាកុំពឹងផ្អែកលើសំណាង និងមិនត្រូវយល់ខុសលើសមត្ថភាពរបស់កងទ័ពចិនឲ្យសោះ។
ដោយសំដៅលើវត្តមានទ័ពឥណ្ឌាលើទឹកដីរបស់ខ្លួន ចិន បានប្រាប់ឲ្យឥណ្ឌាកែកំហុស ឈប់បង្ករឿង និងត្រូវងាកមកជួបតទល់ជាមួយចិនឡើងវិញ ដើម្បីស្ដារទំនាក់ទំនងទ្វេភាគីឲ្យល្អប្រសើរ។ បើតាមទីភ្នាក់ងារព័តមាន Reuters មន្ត្រីទាំងពីរប្រទេសបានជួបគ្នាស្ងាត់ៗដើម្បីសម្រួលស្ថានការណ៍ព្រំដែន និងធានាថាជម្លោះមិនរាលដាលជាងនេះ។ ទូតឥណ្ឌាប្រចាំប៉េកាំងហាក់ចេញមុខជាញឹកញាប់ដើម្បីស្វែងរកច្រកចេញសម្រាប់ភាគីទាំងពីរ និងដើម្បីបញ្ចប់បញ្ហាដោយចៀសវាងបំបាក់មុខមាត់គ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com