អន្តរជាតិ
អាជ្ញាធរ​ថៃ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ទិញ​អាវុធ​ពី​កម្ពុជា យកទៅលក់​ឲ្យ​មី​យ៉ាន់​ម៉ា​
24, Jul 2017 , 4:15 pm        
រូបភាព
រូបពីកាសែត Bangkok Post
រូបពីកាសែត Bangkok Post
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ​អាវុធ​ពី​កម្ពុជា នាំយកទៅ​លក់​នៅ​តំបន់​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា​។

 
​ប៉ូលិស​ថៃ បាន​ឲ្យ​ដឹងថា ជនសង្ស័យ Pachara Jaithiang ដែលជា​អ្នកបញ្ជា​ទិញ​អាវុធ​ពី​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​នៅ​ខេត្ត Mae Hong Son កាលពី​ទី​២១ កក្កដា​។ ហើយ​នៅពេលនេះ ប៉ូលិស​ថៃ កំពុង​បន្ត​ស្វែងរក​ជនសង្ស័យ​ជាច្រើន​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បញ្ជា​ទិញ​អាវុធ​ពី​កម្ពុជា​នេះ​។​
 
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ដែល​បាន​ស្រង់​សម្តី​ស្នងការរង​នគរបាលជាតិ​ថៃ លោក Srivara Ransibrahmanakul បាន​បញ្ជាក់ថា​៖«​ជនសង្ស័យ​ខាងលើនេះ បាន​ជួល​មនុស្ស​៥​នាក់ ដែល​យើង​បាន​ចាប់ខ្លួន​មុនដំបូង​នោះ ឲ្យ​បញ្ជូន​អាវុធ​ពី​ខេត្ត​ស្រះកែវ​ទៅ​ឲ្យ​រូបគេ​។ ហើយ​ខាង​សមត្ថកិច្ច​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​អាច​បញ្ជាក់​ពី​កំហុស​ជនសង្ស័យ និង​មាន​ដីការ​ត្រឹមត្រូវ​សម្រាប់​ចាប់​រូបគេ​បាន បើទោះជា​ជនសង្ស័យ​បាន​បដិសេធថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ក្តី​»​។​
 
​កាលពី​ថ្ងៃទី​១៨ កក្កដា អាជ្ញាធរ​ថៃ ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់ ដែល​បាន​ទិញ​អាវុធ​ពី​កម្ពុជា យកទៅលក់​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​ផងដែរ​។ អាវុធ​ខុសច្បាប់ ដែល​ខាង​ប៉ូលិស​រឹបអូស​បាន​នោះ មាន​គ្រាប់បែក​៨២​មី​ល្លី​ម៉ែត្រ ៥​គ្រាប់ គ្រាប់បែក​៨១​មី​ល្លី​ម៉ែត្រ​មួយគ្រា​ប់ និង​ឧបករណ៍​បញ្ឆេះ ចំនួន​៣​។ នេះ​បើតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​
 
​កន្លងមក​អាជ្ញាធរ​ថៃ ធ្លាប់បាន​រឹបអូស​អាវុធ​ខុសច្បាប់​ជាច្រើន​ដើម ដែល​នាំ​ពី​ប្រទេស​កម្ពុជា ចូលទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣ មិថុនា​ផងដែរ​។ ភាគី​ថៃ បានដាក់​ការសង្ស័យថា ការ​នាំចូល​អាវុធ​ខុសច្បាប់​ចូល​ទឹកដី​ថៃ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ។ តែ​លោក ទៀ បាញ់ បានស្នើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ថៃ​សុំទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់ យកទៅលក់​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​៕ 
 
 
 
 

Tag:
 ថៃ​
 ​ កម្ពុជា​
  ​មី​យ៉ាន់​ម៉ា​
  ​អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com