អន្តរជាតិ
ប្រមុខ​ការទូត​ចិន​ថា ចិន​និង​ថៃ​មាន​ទំនាក់ទំនង​ដូច​បងប្អូន​
24, Jul 2017 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចាប់ដៃនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព Reuters)
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចាប់ដៃនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព Reuters)
ដោយ: ថ្មីៗ
​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ថៃ កាន់តែ​ល្អូក​ល្អឺ​ន​ខ្លាំង បន្ទាប់ពី​ក្រុម​យោធា​ឡើងកាន់​អំណាច​នៅ​ថៃ​តាមរយៈ​រដ្ឋប្រហារ​កាល​ពី​បី​ឆ្នាំមុន​។ ថៃ ដែលជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ​របស់​អាមេរិក បាន​បែរមុខ​ទៅរក​ចិន ព្រោះ​អាមេរិក​រិះគន់​រឿង​រំលោភ​សិទ្ធិមនុស្ស​ខ្លាំងពេក​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​និយាយ​លើកសរសើរ​ទំនាក់ទំនង​ទ្វេភាគី​ថៃ​-​ចិន ដែល​កាន់តែ​ស្និទ្ធស្នាល​ជាង​ពេលមុនៗ និង​ផ្ដល់​ប្រយោជន៍​ឲ្យ​ភាគី​ទាំងសងខាង​ទៀតផង​។



​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ទៅដល់​រាជធានី​បាងកក​នៅ​ថ្ងៃទី​២៤ ខែកក្កដា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ចិន​-​ថៃ​។ ទស្សនកិច្ច​នេះ ធ្វើឡើង​មុន​ជំនួប​កំពូល​ថ្នាក់​តំបន់​នៅ​ហ្វីលីពីន​នៅ​ខែសីហា ហើយក៏​ចំពេល​ដែល​ចំណងមិត្តភាព​ទ្វេភាគី​កាន់តែ​ល្អ ដ្បិត​ចិន​មិនសូវ​ខ្វល់​រឿង​បំបិទ​សិទ្ធិសេរីភាព​របស់រប​ប​យោធា​ថៃ​ឡើយ ហើយ​ថែមទាំង​ក្លាយជា​អ្នកលក់​អាវុធ​ឲ្យ​ថៃ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ទៀតផង​។​

​លោក វ៉ាង យី បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​រដ្ឋមន្ត្រីការបរទេស ដុន ប្រា​មុដ​វិណៃ (Don Pramudwinai) ដើម្បី​ពិភាក្សា​ទំនាក់ទំនង​ទ្វេភាគី​។ ទស្សនកិច្ច​លើក​នេះ ក៏ត្រូវ​មើលឃើញថា​ជាការ​ស្ទាបស្ទង់​ជំហរ​របស់​ថៃ​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​រដ្ឋ​អាស៊ាន​បួន​មាន​បញ្ហា​ជាមួយ​ចិន​។ ថៃ មិនមែនជា​ភាគី​ជម្លោះ​ឡើយ តែ​ជា​សមាជិក​អាស៊ាន​មួយ ដែលមាន​ឥទ្ធិពល​គួរសម​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ​និយាយថា ទំនាក់ទំនង​រវាង​ចិន និង​ថៃ ប្រៀបដូចជា​បងប្អូន​អ៊ីចឹង​ដែរ​។ ចំណែកឯ​ប្រមុខ​ការទូត​ថៃ លោក ដុន ប្រា​មុដ​វិណៃ វិញ​ក៏បាន​លើកសរសើរ​ទំនាក់ទំនង​ទ្វេភាគី​នេះ​ដូចគ្នា និង​បាន​និយាយ​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ធ្វើដំណើរ​ទៅមុខ​ដោយ​រលូន និង​មិនមាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​រាំងស្ទះ​ឡើយ​។

​ដូច​សម្ដី​របស់​ប្រមុខ​ការទូត​ថៃ ទំនាក់ទំនង​រវាង​ថៃ និង​ចិន ពិតជា​ស្ថិត​លើផ្លូវ​ល្អ​មែន​។ ចិន​បាន​ក្លាយជា​ទីផ្សារ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ថៃ និង​ក្លាយជា​ម្ចាស់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ដ៏​ធំ​នៅ​ថៃ​ទៀតផង​។ គ្រាន់តែ​ឆ្នាំ​២០១៧ នេះ រដ្ឋាភិបាលយោធា​ថៃ​បាន​យល់ព្រម​ទិញ​រថក្រោះ ឧទ្ធម្ភាគចក្រ និង​នាវាមុជទឹក ពី​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង​៥០០​លាន​ដុល្លារ​ឯណោះ​។ នេះ​ជា​និន្នាការ​ថ្មី ដែល​កន្លងមក​ថៃ​បាន​នាំចូល​អាវុធ​របស់ខ្លួន​ពី​អាមេរិក​។​

​ជាមួយ​ទំនាក់ទំនង​កាន់តែ​ល្អ របប​សឹក​ថៃ​ក៏បាន​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ចិន​ទទួលបន្ទុក​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​តម្លៃ​៥,៥​ពាន់​លាន​ដុល្លារ ភ្ជាប់​ពី​តំបន់​ខាងកើត​ឆ្ពោះទៅកាន់​តំបន់​ភាគខាងត្បូង​រប​ស់​ចិន ដោយ​កាត់​តាម​ឡាវ​ទៀតផង​។ គម្រោង​សាងសង់​នេះ ត្រូវបាន​ពន្យារពេល​យូរ​មកហើយ ដោយសារតែ​ការវាយតម្លៃ​មិនទាន់​បញ្ចប់ ប៉ុន្តែ​លោក ប្រា​យុទ្ធ ក៏បាន​ប្រើ​អំណាច​ពិសេស​របស់លោក​ដើម្បី​ព​ន្លឿ​ន​គម្រោង​សង​សង់​តែម្ដង​៕


Tag:
 ថៃ​
  ចិន​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com