អន្តរជាតិ
ប្រមុខ CIA ថា ចិន​ជាការ​គំរាម​កៅអី​មហាអំណាច​ពិភពលោក​របស់​អាមេរិក​ធំជាងគេ​
27, Jul 2017 , 2:49 pm        
រូបភាព
​នាយក​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) លោក Mike Pompeo បានចាត់ទុក​ចិន រុស្ស៊ី និង​អ៊ីរ៉ង់ ជាការ​គំរាមកំហែងរ​យៈ​ពេល​វេ​ង​សម្រាប់​អាមេរិក​។ ប៉ុន្តែ​លោក Pompeo បាន​ហៅ​ចិន​ជាការ​គំរាមកំហែង​ខ្លាំង​គេ​មកលើ​កៅអី​មហាអំណាច​ពិភពលោក​របស់​អាមេរិក​។ នាយក CIA  រូបនេះ​អះអាងថា ចិន​មាន​សេដ្ឋកិច្ច​រឹងមាំ និង​មាន​ប្រជាជន​ច្រើន ដែល​អាចជួយ​បង្កើន​ឥទ្ធិពល​របស់​មហាអំណាច​មួយ​នេះ និង​បង្កបញ្ហា​ឲ្យ​អាមេរិក​ផង​។​



​កូរ៉េខាងជើង រុស្ស៊ី ចិន និង​អ៊ីរ៉ង់ សុទ្ធតែជា​ការគំរាមកំហែង​លើ​សន្តិសុខ​របស់​អាមេរិក​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​ចារកម្ម​អាមេរិក CIA លោក Mike Pompeo ក្នុង​កិច្ច​សម្ភាស​ជាមួយ Bill Gertz អ្នកជំនាញ​ផ្នែក​សន្តិសុខ នៅ​ថ្ងៃទី​២៦ ខែកក្កដា​។ ប្រធាន CIA ចាត់ទុក​កូរ៉េខាងជើង​ត្រឹម​ជាការ​គំរាមកំហែង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ចំណែកឯ​ចិន រុស្ស៊ី និង​អ៊ីរ៉ង់ គឺជា​ការគំរាមកំហែង​រយៈពេល​វែង​របស់​អា​មេ​រិ​ក ជាពិសេស​ចិន​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។​

​ទោះជា​ពិបាក​ជ្រើសរើស​រវាង​ចិន រុស្ស៊ី និង​អ៊ីរ៉ង់ ថា​ប្រទេស​មួយណា​គំរាមកំហែង​អាមេរិក​ជាងគេ លោក Pompeo ជឿថា មានតែ​ចិន​ប៉ុណ្ណោះ​ដែល​អាច​បង្កបញ្ហា​សម្រាប់​កៅអី​មហាអំណាច​របស់​អាមេរិក​បាន​។ លោក​យក​ចំនួន​ប្រជាជន​ខ្ទង់ពាន់​លាន​នាក់ និង​ទំហំ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ចិន ធ្វើជា​អំណះអំណាង ខណៈ​រុស្ស៊ី និង​អ៊ីរ៉ង់​មិនមាន​គ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​ដូច​ចិន​ឡើយ ហើយ​ពឹងផ្អែក​តែ​លើ​ធនធាន​ប្រេង​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ នាយក CIA ដែល​ទើប​ចូលកាន់​តំណែង​បាន​៦​ខែ និយាយ​ដែរ​ថា សមត្ថភាព​របស់​ចិន​បានមកពី​លួច​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក ឬក៏​បង្កើត​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ផ្ដួល​អាមេរិក​ឲ្យ​បាន​។ បើតាម​សម្ដី​របស់លោក Pompeo ចិន​បាន​លួច​បច្ចេកវិទ្យា​នានា​តាមរយៈ​ការទិញ​សម្ភារ​ផលិត​ដោយ​អាមេរិក និង​ព្យាយាម​លួច​បច្ចេកវិទ្យា​អាមេរិក​គ្រប់យ៉ាង​តាមតែ​អាចធ្វើ​បាន ហើយ​ចិន​បានធ្វើ​របៀបនេះ​ជា​យូរ​មកហើយ​ដើម្បី​ឈានទៅរក​តំណែង​មហាអំណាច​ពិភពលោក​។​

​ជាការ​ពិត អាមេរិក និង​ចិន ប្រណាំងប្រជែង​យ៉ាងខ្លាំង​ដើម្បី​កៅអី​មហាអំណាច​ពិភពលោក ដែល​អាមេរិក​អង្គុយ​អស់​ពេល​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មហាអំណាច​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​វិស័យសេដ្ឋកិច្ច​។ បញ្ហា​ពីរ​ដែល​អាមេរិក និង​ចិន មើលមុខ​មិនសូវ​ត្រូវ គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង ឯ​អាមេរិក​វិញ​លើ​យក​មូលហេតុ​សេរីភាព​ចរាចរណ៍​ផ្លូវ​សមុទ្រ​ដើម្បី​ជ្រែកចូល​តំបន់​ជម្លោះ​នេះ និង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។​

​មកដល់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គោលនយោបាយ​របស់លោក​ដែល​ផ្ដោត​សំខាន់​លើ​ផលប្រយោជន៍​អាមេរិក​ជាធំ ធ្វើ​ឲ្យ​អាមេរិក​ដកខ្លួន​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន ហើយ​វា​ក៏​ក្លាយជា​ឱកាស​សម្រាប់​ចិន​ដើម្បី​បំពេញ​ចន្លោះប្រហោង​របស់​អាមេរិក​។ មិន​ថា​អឺរ៉ុប អាស៊ី ឬ​អាហ្វ្រិក គេ​ឃើញ​មាន​វត្តមាន​ចិន​ស្ទើរ​គ្រប់កន្លែង និង​បាន​ក្លាយជា​តួអង្គ​សំខាន់​ទៀតផង​ក្នុងការ​ដោះស្រាយ​បញ្ហា​សកល ហើយ​ខុសពី​អាមេរិក​ដែល​ខ្វល់ខ្វាយ​តែ​សេដ្ឋកិច្ច​ខ្លួនឯង​៕


Tag:
 ចិន​
  អាមេរិក​
  CIA
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com