ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រុម​ឈាម​មិនមែន​មានតែ A, B, AB និង O ទេ តែមាន​ច្រើន​ថែមទៀត​
28, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ឈាម​របស់​មនុស្ស​យើង​ត្រូវបាន​បែក​ចែកជា​បួន​ក្រុម​ធំៗ នោះ​គឺ A, B, AB និង O ដោយ​ក្រុម​ឈាម​នីមួយៗ​ត្រូវបាន​កំណត់ដោយ​ហ្សែ​ន​ដែល​អ្នកទទួលបាន​ពី​ឪពុកម្តាយ​។ យ៉ាងណាមិញ ក្រុម​ឈាម​ខាងលើនេះ​នៅមាន​បន្ថែម RhD ជាស​ញ្ញា (+) និង (-) ថែមទៀត ដូច្នេះ​វា​មិនមែន​មានតែ​បួន​ទេ គឺ ៨ ឯណោះ​។​



​អង់ទីគ័រ និង​អង់​ទី​ហ្សែ​ន​
​ឈាម​ត្រូវបាន​បង្កើតឡើង​ដោយ​កោសិកា​គ្រាប់​ឈាមក្រហម កោសិកា​គ្រាប់​ឈាមស និង​ប្លា​កែ​ត​ក្នុង​សារធាតុ​រាវ​មួយ​ឈ្មោះថា​ផ្លា​ស្មា​។ ក្រុម​ឈាម​ត្រូវបាន​កំណត់សម្គាល់​ដោយ​អង់ទីគ័រ និង​អង់​ទី​ហ្សែ​ន​ក្នុង​ឈាម​។​

​អង់ទីគ័រ​គឺជា​ប្រូតេអ៊ីន​ដែល​ស្ថិតក្នុង​ផ្លា​ស្មា​ឈាម​។ វា​ជា​ផ្នែក​មួយ​នៃ​ភ្នាក់ងារ​ការពារ​រាងកាយ​បែប​ធម្មជាតិ​។ វា​អាច​ស្គាល់​សារធាតុ​ក្រៅពី​ក្នុង​ខ្លួន​ដូចជា មេរោគ និង​ភ្ញោ​ច​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​សម្លាប់​មេរោគ​នោះ​។​

​ចំណែក​អង់​ទី​ហ្សែ​ន​វិញ​គឺជា​ម៉ូលេគុល​ប្រូតេអ៊ីន​ដែលមាន​នៅលើ​កោសិកា​គ្រាប់​ឈាមក្រហម​។​

​ក្រុម​ឈាម ABO
​ក្រុម​ឈាម​ត្រូវបាន​បែងចែក​ជា​បួន​ក្រុម​ធំៗ​ដោយ​ផ្អែកទៅលើ​ប្រព័ន្ធ ABO ដូចខាងក្រោម​នេះ​៖
•    ក្រុម​ឈាម A៖ ក្រុម​ឈាម​នេះ​មាន​អង់​ទី​ហ្សែ​ន A នៅលើ​កោសិកា​គ្រាប់​ឈាមក្រហម ជាមួយនឹង​អង់ទីគ័រ ប្រឆាំង​អង់​ទី​ហ្សែ​ន B ក្នុង​ផ្លា​ស្មា​
•    ក្រុម​ឈាម B៖ ក្រុម​ឈាម​នេះ​មាន​អង់​ទី​ហ្សែ​ន B នៅលើ​កោសិកា​គ្រាប់​ឈាមក្រហម ជាមួយនឹង​អង់ទីគ័រ ប្រឆាំង​អង់​ទី​ហ្សែ​ន A ក្នុង​ផ្លា​ស្មា​
•    ក្រុម​ឈាម O៖ ក្រុម​ឈាម​នេះ​គ្មាន​អង់​ទី​ហ្សែ​ន​ទេ ប៉ុន្តែ​មាន​អង់ទីគ័រ ប្រឆាំង​អង់​ទី​ហ្សែ​ន A និង អង់​ទី​ហ្សែ​ន B ក្នុង​ផ្លា​ស្មា​
•    ក្រុម​ឈាម AB៖ ក្រុម​ឈាម​នេះ​មាន​អង់​ទី​ហ្សែ​ន​ទាំង A និង B នៅលើ​កោសិកា​គ្រាប់​ឈាមក្រហម តែ​គ្មាន​អង់ទីគ័រ​ទៅវិញ​។​

​ក្រុម​ឈាម​ប្រភេទ O ជា​ក្រុម​ឈាម​ដែលមាន​ញឹកញាប់​បំផុត ហើយ​ប្រជាជន​នៅ​ប្រទេស​អង់គ្លេស​មាន​ក្រុម​ឈាម​ទាំងនេះ​សឹង​ពាក់កណ្តាល​ប្រទេស​ទៅហើយ ឬ​ស្មើនឹង ៤៨​ភាគរយ​នៃ​ប្រជាជន​សរុប​។​

​កាលណា​មានការ​បញ្ចូល​ឈាម​ខុស​ក្រុម ABO អាចធ្វើ​ឲ្យ​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​។ ឧទាហរណ៍ បើសិនជា​នរណាម្នាក់​ដែលមាន​ក្រុម​ឈាម B តែ​បែរជា​បញ្ចូល​ឈាម​ក្រុម​ឈាម A នោះ​នឹងមាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាមិនខាន​។​

​ហេតុដូច្នេះ​ហើយ​ទើប​ក្រុម​ឈាម A មិនអាច​ផ្តល់​ឲ្យ​មនុស្ស​ដែលមាន​ក្រុម​ឈាម B ហើយ ក្រុម​ឈាម B ក៏​មិនអាច​ផ្តល់​មនុស្ស​ដែលមាន​ក្រុម​ឈាម A ដែរ​។​
​ប៉ុន្តែ​ចំពោះ​ក្រុម​ឈាម O វិញ គឺ​កោសិកា​គ្រាប់​ឈាមក្រហម​មិនមាន​អង់​ទី​ហ្សែ​ន​ទាំង A និង B ដូច្នេះ វា​អាច​ផ្តល់​ឲ្យ​មនុស្ស​ដែលមាន​ក្រុម​ឈាម A និង B ទាំងអស់​។​

​ប្រព័ន្ធ Rh
​ពេលខ្លះ​កោសិកា​គ្រាប់​ឈាមក្រហម​មាន​អង់​ទី​ហ្សែ​ន​មួយ​ផ្សេងទៀត​នោះ​គឺជា​ប្រូតេអ៊ីន​ម្យ៉ាង​ឈ្មោះថា អង់​ទី​ហ្សែ​ន RhD​។ បើសិនជា​វា​មាន​អង់​ទី​ហ្សែ​ន​នេះ មានន័យថា​ជា​ក្រុម​ឈាម (+) តែបើ​អង់​មាន​វិញ ជា​ក្រុម​ឈាម (-)​។​

​រឿងនេះ​មានន័យថា អ្នក​អាចមាន​ក្រុម​ឈាម​មួយ​ក្នុងចំណោម​ក្រុម​ឈាម​ទាំង ៨​ដូចខាងក្រោម​នេះ​៖
•    A+
•    A-
•    B+
•    B-
•    O+
•    O-
•    AB+
•    AB-

​សម្រាប់​ប្រជាជន​អង់គ្លេស​មាន ៨៥​ភាគរយ​ហើយ​ដែលជា​ក្រុម​ឈាម (+) ហើយ​ក្នុងនោះ​មាន ៣៦​ភាគរយ​ជា​ប្រភេទ O+​។​

​ករណី​ភាគច្រើន ក្រុម​ឈាម O- អាចមាន​សុវត្ថិភាព​ក្នុងការ​បរិច្ចាគ​ឲ្យ​គេ ហើយក៏​តែងតែ​ប្រើ​សម្រាប់​ករណី​សង្គ្រោះបន្ទាន់​ជាពិសេស​ពេល​ត្រូវការ​ឈាម​ប្រ​ញ៉ាប់​ដោយ​មិន​បានដឹង​ក្រុម​ឈាម​របស់​អ្នកត្រូវការ​។ និយាយ​រួម គឺ​វា​មាន​សុ​វ​តិ្ថ​ភាព​សម្រាប់​អ្នកទទួល​តែម្តង ដោយសារតែ​វា​គ្មាន​អង់​ទី​ហ្សែ​ន A, B និង RhD (-) ទៀត​។​

​តេស្ត​មើល​ក្រុម​ឈាម​

​ដើម្បី​ដឹងថា​អ្នកមាន​ក្រុម​ឈាម​អ្វី​នោះ កោសិកា​គ្រាប់​ឈាមក្រហម​ត្រូវ​លាយ​ជាមួយនឹង​សូលុយស្យុង​អង់ទីគ័រ​ខុសៗ​គ្នា​ជាច្រើន​។ ឧទាហរណ៍ សូលុយស្យុង​ដែលមាន​អង់ទីគ័រ ប្រឆាំងនឹង​អង់​ទី​ហ្សែ​ន B និង​មាន​អង់​ទី​ហ្សែ​ន B ក្នុង​កោសិកា ហើយ​ពេល​លាយ​ជាមួយ​ឈាម​អ្នក ឃើញ​មានប្រតិកម្ម នោះ​បញ្ជាក់ថា អ្នកមាន​ក្រុម​ឈាម B​។ បើសិនជា​ឈាម​មិនមាន​ប្រតិកម្ម​ជាមួយ​អង់ទីគ័រ ប្រឆាំងនឹង​អង់​ទី​ហ្សែ​ន A ឬ B នោះ​វា​ជា​ឈាម​ក្រុម O​។​

​បើសិនជា​អ្នកត្រូវការ​បញ្ចូល​ឈាម ឈាម​របស់​អ្នក​នឹងត្រូវ​ធ្វើតេស្ត​ដើម្បី​ដឹង​អំពី​ក្រុម ABO និង RhD​។ បើសិនជា​ក្រុម​ឈាម​ត្រូវ​គ្នា ហើយ​គ្មាន​ប្រតិកម្ម នោះ​នឹង​អាច​ប្រើប្រាស់​បាន​ហើយ​។​

​ការ​មាន​ផ្ទៃពោះ​
​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ត្រូវបាន​គេ​ជំរុញ​ឲ្យ​ធ្វើតេស្ត​ឈាម​ជានិច្ច ព្រោះថា បើសិនជា​ម្តាយ​មាន RhD (-) តែ​កូន​ក្នុង​ផ្ទៃ​មាន RhD (+) ដែល​ផ្តល់​ដោយ​ឪពុក វា​អាច​នឹង​បង្ក​ជា​ផលវិបាក​ច្រើន​បើសិនជា​មិនមាន​ការព្យាបាល​។​

​ស្ត្រី​ក្នុង​វ័យ​មាន​ផ្ទៃពោះ​ដែលមាន​ក្រុម​ឈាម RhD (-) គួរតែ​ត្រូវបាន​បញ្ចូល​ឈាម​ពី​ក្រុម​ឈាម​ដែលមាន RhD (-) ជានិច្ច​។​

​ការបរិច្ចាគ​ឈាម​
​មនុស្ស​ភាគច្រើន​អាច​បរិច្ចាគ​ឈាម​បាន​ទាំងអស់ ប៉ុន្តែ​មាន ៤​ភាគរយ​ប៉ុណ្ណោះ​អាចធ្វើ​បាន​។ អ្នក​អាច​បរិច្ចាគ​ឈាម​បាន​បើសិនជា​៖
•    មាន​រាងកាយ​សមសួន និង​សុខ​ភាពល្អ​
•    ទម្ងន់​យ៉ាងហោចណាស់ ៥០​គីឡូក្រាម​
•    អាយុ​ចាប់ពី ១៧ ទៅ​៦៦​ឆ្នាំ (​អាច​ដល់ ៧០​ឆ្នាំ​បើសិនជា​ធ្លាប់​បរិច្ចាគ​ពីមុនមក​)
•    អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើងទៅ​ក៏​អាច​បរិច្ចាគ​បានដែរ​បើសិនជា​ធ្លាប់​បរិច្ចាគ​ឈាម​កាលពី ២​ឆ្នាំមុន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com