អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ សាលា​ខ្លះ​បិទទ្វារ សិស្ស​ខ្លះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រោះ​ការបំពុល​ផ្សែង​អ័ព្ទ​ធ្ងន់ធ្ងរ​
28, Jul 2017 , 11:19 pm        
រូបភាព
ដោយ:
​កុមារ​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់​ត្រូវបាន​បញ្ជូនទៅ​ព្យាយាម​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ពួកគេ​មាន​បញ្ហា​ផ្លូវដង្ហើម ដែល​បង្ក​មកពី​ការបំពុល​ផ្សែង​ក្រោយ​មាន​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ​។ គេ​ឃើញ​មាន​សិស្ស​ខ្លះទៀត​នាំគ្នា​ពាក់​ម៉ាស់​ទៅ​រៀន និង​សាលា​មួយចំនួនទៀត​ត្រូវ​បិទ​បណ្ដោះអាសន្ន​ដោយសារ​បញ្ហា​ប្រឈម​នេះ​។​



​កុមារ​នៅ​ឥណ្ឌូណេស៊ី​រង​ផលប៉ះពាល់​ដោយសារ​ផ្សែង​អ័ព្ទ​គ្របដណ្ដប់​ពេញ​អាកាស​ដែល​បង្កឡើង​ដោយ​ការកាប់ និង​ដុត​ព្រៃឈើ​ក្នុង​តំបន់​មួយចំនួន​ដូចជា​កោះ​Sumatra និង​មួយផ្នែក​នៃ​កោះ​Borneo​។​កុមារ​ជាច្រើន​នាក់​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត Aceh ព្រោះ​ពួកគេ​មាន​ជំងឺ​ផ្លូវដង្ហើម​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សិស្ស​ខ្លះ​នៅ​ក្រុង Meulaboh នា​ខេត្ត Aceh នៅតែ​រៀន​ដោយ​ពាក់​ម៉ាស់​នៅ​ថ្ងៃ​ពុធ​ទី​២៦​ខែកក្កដា រីឯ​សាលា​មួយចំនួនទៀត​ត្រូវ​បិទ​បណ្ដោះអាសន្ន​សិន​ទម្រាំ​ស្ថានការណ៍​ធូរស្រាល​វិញ​។

​តាមពិតទៅ​ប្រជាជន ឬ​ក្រុមហ៊ុន​បរទេស​មួយចំនួន​នៅ​ប្រើ​វិធី​បុរាណ​កាប់​និង​ដុត​ដើមឈើ​លើដី​ភក់​សម្បូរ​ដោយសារ​ធាតុ​កាបូន ដើម្បី​ដាំ​ប្រេង​ត្នោត​និង​ដើម​អាកាស្យា​។ នេះ​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ពុល​គ្របដណ្ដប់​ជុំវិញ​តំបន់ ហើយ​វា​ថែមទាំង​ប៉ះពាល់​ដល់​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ពេល​មាន​ខ្យល់មូសុង​បក់​ម្ដងៗ​ផង​។​

«​កាលពី​សប្ដាហ៍​មុន តំបន់​ដែល​ងាយ​ឆេះ​ប្រមាណ​ជាង​៣៥​កន្លែង​បាន​បំផ្លាញ​ព្រៃឈើ​៧០​ហិតា​និង​ដី​ជាច្រើន​កន្លែង​ទៀត​មកពី​ប្រជាជន​ដុត​និង​កាប់​ព្រៃឈើ​ទើប​ភ្លើង​ចេះតែ​ឆេះ​រាលដាល​»​។​នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ទីភ្នាក់ងារ​សម្របសម្រួល​ដោះស្រាយ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​លោក Sutopo Purno Nugroho​។​

​រដ្ឋាភិបាល​កំពុង​ព្យាយាម​ពន្លត់ភ្លើង រួមទាំង​រម្លឹក​ដល់​ប្រជាជន​ទាំងអស់​ឲ្យ​ពិនិត្យ​ដី ឬ​ចម្ការ​របស់ខ្លួន និង​ហាម​មិន​ឲ្យ​កាប់​ឬ​ដុត​ព្រៃឈើ​នោះទេ ព្រោះនេះ​ជា​រដូវប្រាំង​ដែល​អាចធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​កាន់តែខ្លាំង​និង​ច្រើនជាង​មុន​ចាប់ពីពេលនេះ​រហូតដល់​បី ឬ​បួន​ខែ​ខាងមុខ​ទៀត​។​

​បច្ចុប្បន្ន ខេត្ត​ជាង​ប្រាំមួយ​ក្នុង​ឥណ្ឌូណេស៊ី​មាន​តំបន់​ដែល​ងាយ​ឆេះ​ទាំងអស់​១៨០​កន្លែង ប៉ុន្តែ​ចំនួន​នៃ​តំបន់​ដែល​ងាយ​ឆេះ​ក្នុងឆ្នាំនេះ​តិចជាង​ឆ្នាំ ២០១៥ ច្រើនណាស់​។ ក្នុង​ឆ្នាំ​២០១៥ ផ្សែង​អ័ព្ទ​គ្របដណ្ដប់​ស្ទើរតែ​ពាសពេញ​តំបន់​ទាំងមូល ហើយ​បាន​បំពុល​ប្រជាជន​ជាច្រើន​នាក់​រហូតដល់​ធ្លាក់ខ្លួន​ឈឺ និង​បង្កើន​ភាព​តានតឹង​ជាមួយ​ប្រទេសជិតខាង​ទៀតផង​។​

​កាលពី​ឆ្នាំ​២០១៦ អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​មកពី​សាកលវិទ្យាល័យ Harvard និង Columbia​សហរដ្ឋអាមេរិក​បាន​សន្និដ្ឋានថា ការ​សាយភាយ​នៃ​ជាតិពុល​ផ្សែង​អ័ព្ទ​ឆ្នាំ ២០១៥ អាច​នឹងធ្វើ​ឲ្យ​ទារក​មិនទាន់​គ្រប់​ខែ​ជាង​១០០​ពាន់​នាក់​ស្លាប់​នៅក្នុង​ពោះ​៕



Tag:
 បំពុល​ផ្សែង​អ័ព្ទ​
 ​ឥណ្ឌូណេស៊ី​
  Sumatra
  Aceh
© រក្សាសិទ្ធិដោយ thmeythmey.com