កីឡាជាតិ
ជាតិ
លី​កវិល​មកវិញ ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​ការពារជាតិ ណាហ្គា និង​បឹងកេត​តទល់​គ្នា​នៅ​អូឡាំពិក​
29, Jul 2017 , 1:54 pm        
រូបភាព
ដោយ:
ក្រោយ​សម្រាក​ជាង​១​ខែ ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ នឹង​បន្ត​ការប្រកួត​សបា្តហ៍​ទី​១៤​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី​២៩ កក្កដា នេះ​។ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវ​ប្រជែង​ដណ្តើម​កំពូល​តារាង​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នា​ម៉ោង​៦​ល្ងាន​នេះ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​ណាហ្គា​វើ​ល ជួប​សងសឹក​ជាមួយ​បឹងកេត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​សម្រាប់​ការវិល​មក​ប៉ះគ្នា​រវាង​ក្រុម​ទ័ព​និង​ព្រះខ័ន​រាជ​ស្វាយរៀង​នា​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ជក់ចិត្ត​និង​សំខាន់បំផុត​ក្នុង​សប្តាហ៍​ទី​១៤​នេះ ព្រោះ​វា​ជា​ជំនួប​ដណ្តើម​ឈរ​កំពូល​តារាង ខណៈ​ការ​ប៉ះគ្នា​នៅ​ស្តា​ត​ចាស់​កន្លងមក​ក្រុម​ទាំងពីរ​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ០-០​។ បច្ចុប្បន្ន​ក្រុម​ស្វាយរៀង​កំពុង​ឈរ​កំពូល​តារាង​ដោយមាន​២៨​ពិន្ទុ គឺ​លើស​ក្រុម​ទ័ព​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះ គ្រូបង្វឹក​ក្រុម​ទ័ព​លោក ទេព ឡុង​រចនា បានចាត់ទុក​ការប្រកួត​ក្រៅ​ទឹកដី និង​អ្នកគាំទ្រ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​ក្លាយជា​សម្ពាធ​មួយ​សម្រាប់​ក្រុម​លោក​។ លោក​បាន​បញ្ជាក់ថា ប្រសិនបើ​កូនក្រុម​របស់លោក​មិនអាច​ទប់ទល់​នឹង​សម្ពាធ​នេះ វា​អាចធ្វើ​ឲ្យ​ក្រុម​លោក​បរាជ័យ​បាន តែ​យ៉ាងណា លោក ជឿជាក់​លើ​ភាពចាស់ទុំ​របស់​កូនក្រុម​សម្រាប់​បញ្ហា​នេះ​។​

​ទន្ទឹមនឹងនេះ លោក ក៏បាន​បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ជ័យជម្នះ​ផងដែរ សម្រាប់​ការ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ស្វាយរៀង​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។​«​យើង​ធ្វើ​អ្វី​តែងតែ​ចង់​ទទួលបាន​ជោគជ័យ សម្រាប់​ការជួប​ស្វាយរៀង​លើក​នេះ យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​។ តែ​លទ្ធផល​យ៉ាងណា ទាល់តែ​ចប់​ការប្រកួត​៩០​នាទី​ទើប​ដឹង​»​។

​ចំណែក ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច គឺ​ការវិល​មកជួប​គ្នា​រវាង​ក្រុម​ឈរ​លេខ​រៀង​ទី​៣​ណាហ្គា​វើ​ល និង​ក្រុម​ឈរ​លេខ​រៀង​ទី​៥​បឹងកេត ហើយ​វា​ក៏​ជា​ឱកាស​សងសឹក​សម្រាប់​ណាហ្គា​វើ​ល​ដែល​បាន​រង​បរាជ័យ ២-១ ក្នុង​ជើង​ទី​១​ផងដែរ​។ លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត​បាន​អះអាងថា ក្រុម​លោក​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការជួបគ្នា​លើក​នេះ​។ ទោះបី​ក្រុម​លោក​ធ្លាប់​យកឈ្នះ​បឹងកេត​ក៏ដោយ តែ​ការ​នាំចូល​កីឡាករ​ល្អៗ​របស់​ណាហ្គា​វើ​ល​បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​លោក​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ទោះបី​យើង​ធ្លាប់​យកឈ្នះ ២-១ តែ​ការ​ឈ្នះ​នោះ​យ៉ាង​ប្រផិតប្រផើយ​បំផុត ខ្ញុំ​គិតថា​ណាហ្គា​វើ​លអាច​នឹង​លេង​បានល្អ​ជាង​មុន ព្រោះ​គេ​បាន​នាំចូល​កីឡាករ​ចំណូល​ថ្មី​ល្អៗ​មួយចំនួន​បន្ថែមទៀត ដូច្នេះ​ការជួបគ្នា​ក្នុង​ជើង​ទី​២​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​»​។​

​ជំនួប​ទាំងពីរ​ខាងលើនេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ជួប​គីរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ខណៈ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន ស្វាគមន៍​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)៕    


© រក្សាសិទ្ធិដោយ thmeythmey.com