ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ចិន​ពន្យល់​ពី​គោលការណ៍ CSR ដែល​គេ​ច្រឡំ​ថា ជា​សកម្មភាព​សប្បុរស​ធម៌​ ​
29, Jul 2017 , 3:09 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ គោលការណ៍​ទទួលខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​(Corporate Social Responsibility-CSR) ត្រូវបាន​អ្នកជំនាញ​ចិន ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល បាន​លើក​មក​ពិភាក្សា​នៅ​ថ្ងៃទី​២៧ ខែកក្កដា នៅ​រាជធានី​ភ្នំពេញ​។


 
គោលការណ៍​៣​របស់​CSR គឺជា​ផលចំណេញ គិត​ជីវភាព​ដល់​ប្រជាជន​នៅ​ជុំវិញ​គម្រោង​វិនិយោគ និង​ការគិតគូ​ពី​ភាព​យូរអង្វែង​នៃ​ភពផែនដី  ក្នុងនោះ ត្រូវ​ផ្អែកលើ​ទិដ្ឋភាព​៤ រួមមាន សេដ្ឋកិច្ច បរិស្ថាន ទីផ្សារ និង​បរិ​កាស​ការងារ​។         

លោក Liu Baocheng តំណាង​សាកលវិទ្យាល័យ​មកពី​ប្រទេស​ចិន បាន​ថ្លែងថា បច្ចុប្បន្ននេះ គេ​នៅ​យល់ច្រឡំ​ថា CSR គឺជា​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ម្ចាស់​សហគ្រាស ប៉ុន្តែ CSR  ជា ការទទួល​ខុស​របស់​សហគ្រាស​លើ​បរិស្ថាន សង្គម និង​សីលធម៌​នៃ​អាជីវកម្ម​។ លោក​ថា ការគិតគូ​ពី​ជីវភាព​កម្មករ​(​ប្រាក់ខែ​) និង​បរិស្ថាន​នៃ​ការសាងសង់​រោងចក្រ​ស​ហ​គ្រាស គឺជា​ការទទួលខុសត្រូវ​ខ្ពស់ ទៅតាម​គោលការណ៍​ខាងលើនេះ​។ 



ថ្លែង​ជា​ភាសា​ចិន និង​មាន​អ្នកបកប្រែ​ជា​ភាសា​ខ្មែរ​ផង​នោះ សាស្ត្រាចារ្យ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​រឹតបន្តឹង​ខ្លាំង​លើ​ក្រុមហ៊ុន ឬ​សហគ្រាស ឲ្យ​អនុវត្តន៍ CSR វា​ក៏​ជួប​ការ​ប្រឈម​ដែរ ពីព្រោះ សហគ្រិន​សម្លឹង​រក​ផលចំណេញ  ដែល​ធ្វើ​ឲ្យ​ពួកគេ​អាចរ​ត់ទៅ​ដាក់ទុន​វិនិយោគ​នៅ​ប្រទេស​ផ្សេង​»​។     

លោក​បន្តថា កាល លោក ម៉ៅ សេទុង ដឹកនាំ​ប្រទេស​ស​ចិន រោងចក្រ​សហគ្រាស​ទាំង​អស់​ជា​របស់​រដ្ឋ ដែល​គ្មាន​គោលការណ៍​CSR​នោះទេ ប៉ុន្តែ ក្នុងសម័យ​ដឹកនាំ​របស់លោក​ប្រធានាធិបតី ស៊ី​ជីន​ពីង ក្រោយ​ប្រទេស​ចិន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្រុមហ៊ុន​របស់​ចិន បានទទួល​ស្គាល់ និង​អនុវត្តន៍​តាម CSR​។  



លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មាន​កត្តា​៣ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ទូទាំង​ពិភពលោក ព្រម​អនុវត្តន៍​តាម​គោលការណ៍​CSR​។ ទីមួយ បណ្តាលមកពី​អាមេរិក​ប្តឹង​ក្រុមហ៊ុន​ផលិត​កាំំ​ជ្រួច​របស់​ចិន ដែល​ធ្វើ​ឲ្យ​កុមារ​ជនជាតិ​អាមេរិក​២​នាក់​រងរបួស ដែល​បញ្ជាក់​ពី​ការមិន​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​។ ទី​ពីរ អាមេរិក​បានដាក់​កំហិត​លើ​រោច​ក្រ​ចំណីអាហារ​របស់​ចិន ដែល​នាំចូល​អាមេរិក​។ និង​ទី​៣ អូស្ត្រាលី បាន​ប្តឹង​ក្រុមហ៊ុន​ចិន​មួយ ជុំវិញ​រឿង​បញ្ហា​គុណភាព​ម្យ៉ៅ​ទឹកដោះគោ​»​។    

លោក Wang Xiaoguang នាយក​វិទ្យាស្ថាន​Rongzhi នៅ​រដ្ឋធានី​បេ​កាំ​ង​ប្រទេស​ចិន ដែលមាន​ជំនាញ​លើ CSR បានផ្តល់​បទ​សម្ភាស​ជូន​អ្នកកាសែត​ថា ការអនុវត្តន៍​CSR​នៅ​កម្ពុជា​នៅមានកម្រិត ព្រោះ ពួកគេ​មិនទាន់​យល់ដឹង​ពី​CSR​។ លោក​បន្ត មាន​ក្រុមហ៊ុន និង​សហគ្រាស​ជាច្រើន​បាន​អះអាងថា ទំនួល​ខុសត្រូវ​ក្រុមហ៊ុន​ជាបឋម គឺ​ធ្វើ​ម៉េច​មាន​ប្រាក់ខែ​បើក​ឲ្យ​បុគ្គលិក​។ ចំណែក CSR ពួកគេ​គិតថា មិនទាន់​ចាំបាច់​នោះទេ​។ ប៉ុន្តែ ប៉ុន្មាន​ចុងក្រោយ សហគ្រាស​ចិន មានការ​យល់ដឹង​ខ្ពស់​ពី​បញ្ហា​នេះ ពីព្រោះ ពួកគេ​ទទួលរង​សម្ពាធ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​តែងតែ​តវ៉ា ធ្វើ​ឲ្យ​សហគ្រាស​មានការ​កែតម្រូវ​ឲ្យ​កាន់តែ​ប្រសើរ​។ 

លោក​បន្ថែមថា​៖«​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ប្រធានាធិបតី​ស៊ី​ជីន​ពីង បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​របស់​ចិន​ទាំងអស់ ដែល​រកស៊ី​នៅ​បរទេស ត្រូវតែ​គោរព​ច្បាប់​ប្រទេស​នោះ គោរព​បរិស្ថាន និង​CSR ព្រមទាំង​គោរព​ប្រជាជន​ប្រទេស​នោះ​ដូច​ប្រជាជន​ខ្លួន​ដែរ ដើម្បី​លើកមុខ​មាត់​ចិន​ក្នុងនាម​ជា​អ្នកដឹកនាំ​ពិភពលោក​មួយ​ដែរ​»​។ 

លោក Xie តំណាង​សមាគម​សហគ្រាស​ថាមពល​អគ្គិសនី​នៅ​កម្ពុជា បាន​ថ្លែងថា    ក្រុមហ៊ុន​ចិន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​វិស័យ​ថាមពល​នៅ​កម្ពុជា បាន​គោរព​តាម​គោលការណ៍ CSR​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​បាន​បំពេញ​ការខ្វះខាត​ភ្លើង​(​អគ្គិសនី​)​នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​ការពឹង​លើ​ថាមពល​ពី​ប្រទេសជិតខាង មាន​ថៃ វៀតណាម និង​ឡាវ​។ គិត​ត្រឹម​ឆ្នាំ​២០១៦ សហគ្រាស​បាន​ផលិត​ថា​ម​អគ្គិសនី​បាន ១២,៦០០​លាន គីឡូវ៉ាត់ម៉ោង ស្មើ​៨០​ភាគរយ​នៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ដែល​បាន​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ ៣​ម៉ឺន​តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក ១,០២៩​ម៉ឺន​តោន​»​។



លោក​បន្តថា ក្រុមហ៊ុន​ថាមពល​វា​រី​អគ្គិសនី​របស់​ចិន មាននៅ​តា​តៃ​ខេត្តកោះកុង គិរី​រម្យ​ខេត្តកំពង់ស្ពឺ ខេត្ត​ពោ​ធ៍​សាត់ ខេត្តស្ទឹងត្រែង និង​រោច​ក្រ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ​។     
​លោក​បន្ថែមថា ក្រៅពី​ថាមពល សហគ្រាស​ផលិត​ថាមពល​របស់​ចិន បាន​ជួយ​សង់​ផ្លូវ ស្ពាន សួនច្បារ និង​បានផ្តល់​ជំនាញ​ដល់ក​ម្មករ​ជនជាតិខ្មែរ លើ​វិស័យ​ថាមពល​ផងដែរ​។ 
​លោក តឹក វណ្ណា​រ៉ា ប្រធាន​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​(NGOs Forum) បាន​ថ្លែងថា នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចិន​មួយចំនួន​បាន​អនុវត្តន៍​តាម​គោលការណ៍​ទទួលខុសត្រូវ​សង្គម​(CSR) ប៉ុន្តែ នៅតែមាន​ក្រុមហ៊ុន​ចិន​មួយចំនួនទៀត កំពុង​រំលោភ​លើ​គោលការណ៍​នេះ ពីព្រោះ CSR គឺជា​បរិបទ​ថ្មី​សម្រាប់​កម្ពុជា​។       



លោក​អះអាងថា មាន​ករណី​ជម្លោះដីធ្លី​បណ្តាលមកពី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​សហគមន៍​ប្រមេរ​ខេត្តព្រះវិហារ ករណី​នៅ​រតនគិរី និង​មណ្ឌលគិរី​ជាដើម គឺ​មិនទាន់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅឡើយ​ទេ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ជារួម មាន​ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​ល្អប្រសើរ ប៉ុន្តែ ក្រុមហ៊ុន​មួយចំនួនទៀត នៅមាន​កង្វះខាត​ក្នុងការ​ចូលរួម​របស់​សាធារណជន ក្នុងការ​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន ពិគ្រោះ​យោ​លប​ល់​ជាមួយ​ពលរដ្ឋ និង​មិនបាន​ផ្តល់​សំណង​សមរម្យ​ជាដើម​»​។   

លោក​បន្ថែមថា ការរៀបចំ​សិក្ខាសាលា​នេះ គឺ​បន្ទាប់ពី​ពហុ​ក្រសួង និង​អង្គការ​សង្គម​ស៊ីវិល បានធ្វើ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​ចិន​កាលពី​ខែមេសា​កន្លងទៅ​។ សិក្ខាសាលា​នេះ គឺ​ដើម្បី​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ បាន​ចែករំលែក​អំពី​CSR​រវាង​ក្រុមហ៊ុន​ចិន អ្នកជំនាញ​ចិន និង​អង្គការ​សង្គម​ស៊ីវិល​៕      


Tag:
 ​អ្នកជំនាញ​
 ​ CSR
 ​ ក្រុមហ៊ុន​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com