អន្តរជាតិ
សំណុំរឿង​ពុករលួយ​៖ ព្រោះ​Font អក្សរ Calibri ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​អស់តំណែង​?
29, Jul 2017 , 10:19 pm        
រូបភាព
តុលាការ​កំពូល​ប៉ា​គី​ស្ថាន​សម្រេច​បញ្ចប់​មុខតំណែង​នាយករដ្ឋមន្ត្រី Nawaz Sharif ដោយសារ​លោក​ជាប់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ តុលាការ​អាច​បំបែកសំណុំរឿង​ពុករលួយ​នេះ​បាន​ដោយសារ​ក្រុមគ្រួសារ​លោក​ក្លែងបន្លំ​ឯកសារ​ដោយ​ប្រើប្រាស់ Font អក្សរ Calibri ដើម្បី​ធ្វើជា​ភស្តុតាង​បញ្ជាក់ថា​ខ្លួន​ស្អាតស្អំ​។



​ក្រោយ​រង​ការចោទប្រកាន់​អស់​រយៈពេល​ជាង​មួយឆ្នាំ​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​ក្នុង​សំណុំរឿង លេច​ធ្លាយ​ឯកសារ​«Panama Papers» នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ត្រូវ​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​ដកហូត​តំណែង​ជា​ផ្លូវការ​ថ្ងៃ​សុក្រ​ទី ២៨ កក្កដា​កន្លងទៅនេះ​។​

​យោងតាម​សារព័ត៌មាន New York Times លោក Nawaz Sharif ការបញ្ចប់​តំណែង​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នេះ​គឺ​កើតឡើង​ក្រោយពេល​ដែលមាន​ការស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​ការ​លាក់​លុយ​នៅ​បរទេស​របស់​ក្រុមគ្រួសារ​នាយករដ្ឋមន្ត្រី​នេះ​។ ប៉ុន្តែ​ការដកហូត​តំណែង​នេះដែរ​នឹង​បង្កើត​ឲ្យ​មាន​បញ្ហានយោបាយ​កាន់តែ​ធំ​នៅក្នុង​សង្គម​ប៉ា​គី​ស្ថាន​ដែរ​។

​លោក Nawaz Sharif បាត់បង់​តំណែង​ដោយសារ font អក្សរ Calibri

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​សំណុំរឿង​ពុករលួយ​នេះ​គឺ គេ​អាច​បំបែក​សំណុំ​ករឿង​ពុករលួយ​របស់​ក្រុមគ្រួសារ​លោក Sharif បាន​ដោយសារ​ការប្រើប្រាស់ font អក្សរ Calibri ក្នុង​ឯកសារ​ដែលជា​ភស្តុតាង​សម្រាប់​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​នោះ​។​

​តាមពិតទៅ រឿងរ៉ាវ​កើតឡើង​ដូច្នេះ​។ កូនស្រី​លោក Nawaz Sharif លោកស្រី Maryam Nawaz បានដាក់​ឯកសារ​ចម្លង​ជាច្រើន​ដែលជា​ភស្តុតាង​ដើម្បី​ទាត់ចោល​រាល់​ការចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​នោះ​។ ប៉ុន្តែ​គេ​រកឃើញថា ឯកសារ​ទាំងនោះ​មានប្រើ​ប្រាស់ font អក្សរ  Calibri ថ្វីបើ​ឯកសារ​នោះ​ត្រូវបាន​រៀបចំឡើង​តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០០៦​ក៏ដោយ​។

​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ ថ្វីបើ​ប្រភេទ font អក្សរ Calibri ត្រូវបាន​គេ​បង្កើតឡើង​នៅ​ឆ្នាំ ២០០៤ មែន font នេះ​មិន​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រាស់​ភ្លាមៗ​ឡើយ​។ រហូតដល់​ថ្ងៃ ៣០ ខែមករា ឆ្នាំ ២០០៧ ទើបបាន font អក្សរ​នេះ​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នោះ​។ ដូច្នេះ​វា​មានន័យថា ឯកសារ​ដែល​ត្រូវបាន​គេ​រៀបចំ​នោះ ប្រើប្រាស់ font តាំង​ពីមុន​ពេលដែល font ត្រូវគេ​ដាក់​ឲ្យ​ប្រើប្រាស់​ម្ល៉េះ​។​

​ក្រោយ​មានការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​អស់​ប៉ុន្មាន​សប្តាហ៍ តុលាការ​កំពូល​សម្រេច​បញ្ចប់​តំណែង​លោក​ជា​នាយករដ្ឋមន្ត្រី និង​ហាមឃាត់​លោក​ឈរឈ្មោះ​ជា​មន្ត្រី​សាធារណៈ​ពេញ​មួយជីវិត ដោយ​លោក​និង​ក្រុមគ្រួសារ​ពិតជា​ពាក់ព័ន្ធ​អំពើពុករលួយ​មែន​។

​ក្រៅពីនេះ តុលាការ​កំពូល​ប៉ា​គី​ស្ថា​ក៏បាន​បញ្ជា​ឲ្យ​តុលា​ការដែល​ទទួលខុស​ត្រូវ​សំណុំរឿង​ពុករលួយ​នេះ​ចាប់ផ្តើម​ចោទប្រកាន់​ជា​ផ្លូវការ​និង​ជំនុំជម្រះ​រឿងក្តី​លោក Sharif, ក្រុមគ្រួសារ​លោក និង​រដ្ឋមន្ត្រី​ផ្សេងទៀត​ផងដែរ​។ ចៅក្រម​តុលាការ​កំពូល​ក៏បាន​ប្រកាសថា សកម្មភាព និង​ភស្តុតាង​របស់លោក Nawaz Sharif ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​នេះ​ជាស​កម្ម​ភាពមិនស្មោះត្រង់​ចំពោះ​ស្ថាប័ន​នីតិបញ្ញត្តិ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com