អន្តរជាតិ
អង់គ្លេស​គ្រោង​បញ្ជូន​នាវាចម្បាំង​មក​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ទោះ​ធ្វើ​ឲ្យ​មហា​យក្ស​ចិន​ក្ដៅក្រហាយ​
30, Jul 2017 , 9:39 am        
រូបភាព
ដោយ:
អង់គ្លេស​អះអាងថា ខ្លួន​មាន​សិ​ទិ្ធ​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ខ្លួន​ក៏មាន​គម្រោង​បញ្ជូន​នាវាចម្បាំង​ទៅធ្វើ​លំ​ហាត់​យោធា​ក្នុង​តំបន់​ក្បែរ​ជម្លោះ​ដែរ​។ គម្រោង​នេះ​បង្ក​ភាព​ក្ដៅក្រហាយ​ដល់​ចិន​ដែល​ដណ្តើមយក​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង​ផង​នោះ​។​



រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​លោក Michael Fallon បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែកក្កដា​ថា ឆ្នាំ​ក្រោយនេះ អង់គ្លេស​នឹង​បញ្ជូន​នាវាចម្បាំង​ដើម្បី​ធ្វើ​សមយុទ្ធ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​បួន​គ្រឿង​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​ជប៉ុន​កាលពី​ឆ្នាំមុន​។​

«​យើង​នឹង​បញ្ជូន​នាវា​ទៅធ្វើដឹកយន្តហោះទៅធ្វើសមយុទ្ធ​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ឆ្នាំក្រោយ ព្រោះ​យើង​មាន​សិ​ទិ្ធ​សេរីភាពក្នុងការធ្វើ​នាវាចរណ៍​។​យើង​មិន​ឲ្យ​ចិន​ហាមឃាត់​យើង​ពី​ការ​ល្បាត​នៅក្នុង​តំបន់​ជម្លោះ​បានឡើយ​»​។ នេះ​ជាស​ម្ដី​ដែល​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​ប្រាប់​ទៅកាន់​ទី​ភា្ន​ក់​ងារ​ព័ត៌មាន ​Reuter​s បន្ទាប់ពី​លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Boris Johnson បាន​និយាយថា យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​ទៀត​ក៏​នឹងត្រូវ​បញ្ជូនទៅ​តំបន់​ជម្លោះ​ដែរ​។​

លោក Michael Fallon ​បាន​បន្ថែមទៀតថា កាលពី​ខែតុលា​ឆ្នាំ​២០១៦ អង់គ្លេស​បាន​ប្រើ​យន្តហោះ​ចម្បាំង​ហោះ​មើល​ស្ថានការណ៍​ក្នុង​តំបន់​ជម្លោះ ហើយ​ខ្លួន​ក៏​សង្ឃឹមថា​ប្រសិន​ជាមាន​ឳ​កាស​នាពេលខាងមុខ អង់គ្លេស​នឹងចូលរួម​ល្បាត​ដោយ​ប្រើ​នាវា​ឬ​យន្តហោះ​ចម្បាំង​ក្នុង​តំបន់​ជម្លោះ​ដែរ ។​

ជាការ​ពិត ការបញ្ជូន​នាវាចម្បាំង​អង់គ្លេស​ទៅ​ល្បាត​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នឹង​បង្ក​ភាព​ក្ដៅក្រហាយ​ដល់​មហា​យក្ស​ចិន​។ លើសពីនេះទៅទៀត ស្ថានការណ៍​នៅក្នុង​តំបន់​ជម្លោះ​នឹង​បន្ត​ឡើង​កម្ដៅ​ជាង​មុន ព្រោះ​ចិន​ដែលជា​មហាអំណាច​ក្នុង​តំបន់​នោះ​នឹង​ថ្កោលទោស​ប្រទេសក្រៅ​តំបន់​ដែល​លូកដៃ​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​

លើសពីនេះទៅទៀត ការបញ្ជូន​នាវាចម្បាំង​នេះ​នឹងធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​អង់គ្លេស និង​ចិន​ដែល​រដ្ឋាភិបាល​ទាំងសងខាង​ខិតខំ​កសាង​កន្លងមក ឬ​ហៅថា​«​សម័យកាល​រុងរឿង​»​ត្រូវបាន​បំផ្លាញ​ជាក់​ជាមិនខាន ។​

សូម​ជម្រាប​ផងដែរ​ថា វា​នឹងមាន​កិច្ចប្រជុំ​សន្តិសុខ​តំបន់​ស្ដីពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ក្រោយ ហើយ​តំណាង​សមាជិក​អាស៊ាន​ទាំងអស់ រួមជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ចិន​ វ៉ាង យី (Wang Yi) នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com