ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ បង្ហាញ​រូបខ្ញុំ និង ​កឹម សុខា មានទោស ចុះ​រូបខ្ញុំ​ជាមួយ​សម្តេច​...?​
29, Jul 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ចំណុច​មួយ ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា បើ​គណបក្ស​ណា ប្រើប្រាស់​រូប​របស់​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ តុលាការ អាច​ចាត់វិធានការ​លើ​គណបក្ស​នោះ​។ លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង សួរ​ទៅកាន់​អ្នកសរសេរ​ច្បាប់​ត្រង់ចំណុច​នេះ​ថា ចុះបើ​បង្ហោះ​ឬ​ផ្សព្វផ្សាយ​រូបលោក ដែល​ថត​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច តើ​អាច​មានទោស​ឬទេ​? អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ពន្យល់​ពី​ចម្ងល់​របស់លោក សម រង្ស៊ី​។


 
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ កាត់ក្តី​ឲ្យ​ក្លាយជា​អ្នកទោស បាន​សួរ​ក្នុង​លក្ខណៈ​ផ្ចាញ់​ចំពោះ​មាត្រា​ថ្មី ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវបាន​សរសេរ​បន្ថែម ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទើបនឹង​ចូល​ជា​ធរមាន​។ សំណួរ​របស់លោក សម រង្ស៊ី ធ្វើឡើង​តាមរយៈ​ការ​បង្ហោះ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៧ នេះ​។

តាមរយៈ​សំណេរ​របស់ខ្លួន លោក សម រង្ស៊ី បាន​លើកឡើងថា បុគ្គល​ណាក៏ដោយ នឹងត្រូវ​មានទោស ប្រសិនបើ​បង្ហោះ​រូបលោក ជាមួយ​ឯកឧត្តម កឹម សុខា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី ធ្វើ​ពើ​ដូចជា​មិន​យល់​ត្រង់ចំណុច​នេះ ហើយក៏​សួរ​បញ្ច្រាស់​ទៅវិញ​ថា ចុះបើ​បង្ហោះ​ឬ​ផ្សព្វ​ផ្សព្វ​រូប​របស់លោក ដែល​ថត​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តើ​អាច​នឹង​មានទោស​ដែរឬទេ​?​។

​លោក សម រង្ស៊ី បាន​បង្ហោះ​សំណួរ​បែបនេះ ដោយ​អម​ជាមួយ​រូប​មួយ​សន្លឹក ដែល​លោក បាន​ថត​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​ចំនួន​បី​រូប នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«[​យោងតាម​ច្បាប់​ចេញ​ថ្មី​] នរណា​ហ៊ាន​បង្ហាញ​រូបខ្ញុំ​ជាមួយ​លោក កឹម សុខា នឹងមាន​ទោស​។ តែបើ​បង្ហាញ​រូបខ្ញុំ​ជាមួយ​ជន​បីនាក់ [​សម្តេច ហ៊ុន សែន សម្តេច ស ខេង សម្តេច និង​សម្តេច សាយ ឈុំ​] ដែល​នៅ​ខាងឆ្វេង​រូបថត​នេះ តើ​នឹង​មានទោស​ដែរឬទេ​?»​។

លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាត្រា​ថ្មី​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនមាន​ខ្លឹមសារ​និង​អត្ថន័យ ដូច​អ្វីដែល​លោក សម រង្ស៊ី បានលើកឡើង​ខាងលើ​នោះទេ​។ លោក សុខ ឥសាន បាន​សង្កត់​ថា មាត្រា​ថ្មី បាន​ហាមឃាត់​គណបក្សនយោបាយ ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ តែប៉ុណ្ណោះ​។ ប៉ុន្តែ លោក អះអាងថា មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មិនបាន​ហាមឃាត់​ការ​បង្ហោះ​រូបភាព​នានា​នៅលើ​បណ្តាញ​សង្គម ឬ​តាម​សារព័ត៌មាន​ឡើយ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គេ​មិន​ហាមឃាត់​ទេ​។ គាត់​ចង់​បង្ហោះ​អ្វី ក៏​បង្ហោះ​ទៅ​។ តែបើ​គាត់​ទៅទាក់ទង​ជាមួយ​គណបក្ស​ណាមួយ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​នោះ បាន​ប្រយោជន៍ ដូចជា​ឃោសនា​រក​សំឡេងឆ្នោត ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម គឺ​មិន​បានទេ​។ ឬក៏​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឃុបឃិត​ជាមួយ​គាត់ ដែលជា​អ្នកទោស នោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ទទួលខុសត្រូវ​ហើយ​។ គេ​ហាម​តែ​គណបក្ស មិន​ឲ្យ​ទាក់ទង​ជាមួយ​អ្នកទោស​ប៉ុណ្ណោះ តែ​គេ​មិនបាន​ហាម​គាត់ មិន​ឲ្យ​បង្ហោះ​រូប​ឯណា​»​។

​មាត្រា​សំខាន់ៗ ដែល​ត្រូវបាន​សរសេរ​ឡើង ដើម្បី​បន្ថែម​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ មានដូចជា ការមិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ ប្រើប្រាស់​រូបថត សារ​ជា​សំឡេង វីដេអូ និង​ឯកសារ​ជា​លាយលក្ខណ៍អក្សរ របស់​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ ជាដើម​។ មាត្រា​ថ្មី ក៏​មិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ គាំទ្រ​សកម្មភាព​ណាមួយ​របស់​អ្នកទោស ផងដែរ​។ ដោយ​ផ្នែក​លើ​មាត្រា​ថ្មី ប្រសិនបើ​គណបក្ស​ណាមួយ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ តុលាការ អាចមាន​អំណាច ដើម្បី​រំលាយ​គណបក្ស​នោះ​។​

នៅមាន​មាត្រា​សំខាន់​មួយទៀត ដែល​បានចែង​ពី​ឈ្មោះ​និង​សញ្ញា​សម្គាល់​គណបក្ស​។ មាត្រា​ថ្មី​នេះ មិន​អនុញ្ញាត​ឲ្យ​យកឈ្មោះ​របស់​បុគ្គល​ណាមួយ ទៅ​ដាក់​ជា​ឈ្មោះ​គណបក្ស​នោះទេ  ហើយក៏​មិន​អនុញាត​ឲ្យ​យក​រូប​របស់​រូប ទៅធ្វើជា​សញ្ញា​សម្គាល់​គណ​បក្ស ដែរ​។ 

ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ចំនួន​ពីរ​ហើយ ក្នុង​ឆ្នាំ​២0១៧​នេះ​។ លើកទីមួយ កាលពីដើមឆ្នាំ​២0១៧ ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​ថា អ្នកទោស មិនអាច​ធ្វើជា​ប្រធាន​គណបក្ស និង​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ណាមួយ​ឡើយ​។

តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ផ្តួចផ្តើម ក្នុងការ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំងពីរ​លើក​នេះ​។ ហើយ​អ្នក ដែល​ស្នើ​ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com