អន្តរជាតិ
នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ទើប​អស់អំណាច ជ្រើសរើស​ប្អូនប្រុស​ឲ្យ​ស្នង​តំណែង​ ​
30, Jul 2017 , 2:52 pm        
រូបភាព
​លោក Nawaz Sharif ដែល​ទើប​ត្រូវបាន​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី បានជ្រើសរើស​ប្អូនប្រុស​របស់លោក​ឲ្យ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ជំនួស​លោក​។ លោក Sharif អស់តំណែង​ដោយសារតែ​សំណុំរឿង​ពុករលួយ​ពាក់ព័ន្ធ​ការ​បែកធ្លាយ​ឯកសារ Panama Paper ។ លោក​សុខចិត្ត​ទទួលយក​ការសម្រេចចិត្ត​របស់​តុលាការ បើទោះជា​លោក​បដិសេធ​ដាច់ខាត​លើ​ការចោទប្រកាន់​នេះ​ក៏ដោយ​។​



​ទើប​អស់តំណែង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ដោយសារ​រឿង​ពុករលួយ លោក Nawaz Sharif បានជ្រើសរើស​អ្នក​បន្តវេន​របស់លោក​រួចហើយ​។ លោក Sharif បានជ្រើសរើស​ប្អូនប្រុស​លោក គឺ Shahbaz Sharif ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប៉ា​គី​ស្ថាន​។ លោក Sharif ត្រូវបាន​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​បញ្ចប់​តំណែង​ដោយសារតែ​លោក​ផ្ដល់ព័ត៌មាន​មិន​ពិត​ទាក់ទង​ទ្រព្យសម្បត្តិ​របស់លោក ហើយ​រឿងនេះ​លេច​ធ្លាយ​ដោយសារតែ​ឯកសារ Panama Paper តែម្ដង​។

​ថ្លែង​តាម​កញ្ចក់​ទូរ​ទស្ស​នៅ​ថ្ងៃទី​២៩ ខែកក្កដា លោក Sharif នៅតែ​មិន​ទទួលស្គាល់​ការចោទប្រកាន់​លើ​រូបលោក តែ​លោក​ក៏​មិន​ជំទាស់​ការសម្រេច​របស់​តុលាការ​ដែរ​។ បន្ទាប់ពី​អស់តំណែង លោក Sharif ក៏បាន​កោះប្រជុំ​ជាមួយ​សមាជិកសភា​បក្ស PML-N ដែលជា​បក្ស​កាន់តំណែង ហើយ​លោក​ក៏បាន​ប្រកាស​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​ដែលជា​ប្អូនប្រុស​របស់លោក​តែម្ដង​។ ប៉ុន្តែ​លោក Shahbaz ដែល​កំពុង​កាន់តំណែង​ប្រធាន​រដ្ឋមន្ត្រី​នៃ​ខេត្ត Punjab នឹង​មិនទាន់​ចូលកាន់​តំណែង​ភ្លាមៗ​ឡើយ​។​

​តាមច្បាប់​ប៉ា​គី​ស្ថាន នាយករដ្ឋមន្ត្រី​ត្រូវជា​សមាជិកសភា ដូចនេះ​លោក Shahbaz ត្រូវ​លាលែង​តំណែង​បច្ចុប្បន្ន បន្ទាប់​ចូលរួម​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​ដើម្បី​ក្លាយជា​សមាជិកសភា មុននឹង​សភា​ដែល​បក្ស PML-N មាន​សំឡេង​ភាគច្រើន​ស្រាប់​បោះឆ្នោត គាំទ្រ​បេក្ខភាព​របស់លោក​។ ក្នុង​រយៈពេល​នេះ លោក Shahid Khaqan Abbasi មេដឹកនាំ​សំខាន់​មួយរូប​របស់​បក្ស PML-N នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Abbasi ទំនង​កាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​នៃ​រយៈពេល​៤៥​ថ្ងៃ មុននឹង​ប្រគល់​តំណែង​ឲ្យ​លោក Shahbaz ។ ប្រធានាធិបតី​ប៉ា​គី​ស្ថាន Mamnoon Hussain នឹង​កោះ​កិច្ចប្រជុំសភា​ដើម្បី​បោះឆ្នោត​តែងតាំង​លោក Abbasi ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន ទម្រាំ​លោក Shahbaz បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​។ គេ​រំពឹងថា អ្វី​នឹង​ដំណើរការ​ដោយ​រលូន ព្រោះ​បក្ស​កាន់អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ទៅហើយ​។​

​សូមបញ្ជាក់ថា ក្រៅពី​បញ្ចប់​តំណែង​លោក Sharif តុលាការ​កំពូល​ប៉ា​គី​ស្ថា​ក៏បាន​បញ្ជា​ឲ្យ​តុលា​ការដែល​ទទួលខុស​ត្រូវ​សំណុំរឿង​ពុករលួយ​នេះ​ចាប់ផ្តើម​ចោទប្រកាន់​ជា​ផ្លូវការ​និង​ជំនុំជម្រះ​រឿងក្តី​លោក Sharif, ក្រុមគ្រួសារ​លោក និង​រដ្ឋមន្ត្រី​ផ្សេងទៀត​ផងដែរ​។ ចៅក្រម​តុលាការ​កំពូល​ក៏បាន​ប្រកាសថា សកម្មភាព និង​ភស្តុតាង​របស់លោក Nawaz Sharif ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​នេះ​ជាស​កម្ម​ភាពមិនស្មោះត្រង់​ចំពោះ​ស្ថាប័ន​នីតិបញ្ញត្តិ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com