អន្តរជាតិ
យន្តហោះ​ចម្បាំង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ហោះសម្ញែងកម្លាំង​ក្រវែល​ឧបទ្វីប​កូរ៉េ​
31, Jul 2017 , 7:59 pm        
រូបភាព
យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក ហោះអមដោយយន្តហោះចម្បាំងជប៉ុន F-2 (រូបភាពពីហ្វេសប៊ុកកងទ័ពអាកាសអាមេរិកនៅប៉ាស៊ីហ្វិក)
យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិក ហោះអមដោយយន្តហោះចម្បាំងជប៉ុន F-2 (រូបភាពពីហ្វេសប៊ុកកងទ័ពអាកាសអាមេរិកនៅប៉ាស៊ីហ្វិក)
​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ហោះ​អមដោយ​យន្តហោះ​ចម្បាំង​មកពី​ជប៉ុន និង​កូរ៉េខាងត្បូង បានធ្វើ​ប្រតិបត្តិ​ការហោះហើរ​រួមគ្នា​ពីលើ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ យោធា​អាមេរិក​និយាយថា បេសកកម្ម​រួមគ្នា​លើក​នេះ​គឺជា​ការបង្ហាញ​អានុភាព​កងទ័ព​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ហើយ​វា​ក៏​ជាការ​ឆ្លើយតប​នឹង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​កូរ៉េខាងជើង​ផងដែរ​។ យោធា​អាមេរិក​ក៏​ប្រកាស​ដែរ​ថា ខ្លួន​ត្រៀម​រួចរាល់​ក្នុង​ការចេញ​ប្រតិបត្តិការ បើ​មាន​បញ្ជា​។



​ជាការ​ឆ្លើយតប​នឹង​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ដោយ​ជោគជ័យ​របស់​កូរ៉េខាងជើង យន្តហោះ​ទម្លាក់​គ្រាប់ B-1B Lancer ចំនួន​ពីរ​គ្រឿង និង​យន្តហោះ​ចម្បាំង​របស់​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ហោះហើរ​ក្រឡឹង​ឧបទ្វីប​កូរ៉េ ដើម្បី​បង្អួត​កម្លាំង​ទ័ព​ដាក់​កូរ៉េខាងជើង​។ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ដល់​ទៅ​ពីរលើក​ក្នុង​ខែកក្កដា ដោយ​ម្ដង​នៅ​ថ្ងៃទី​៤ និង​ម្ដងទៀត​នៅ​ថ្ងៃទី​២៨ និង​បានប្រកាសថា​ទទួលជោគជ័យ​ទៀតផង​។​

​កងទ័ព​ជើង​អាកាស​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ប្រកាសថា បេសកកម្ម​ហោះហើរ​រយៈពេល​១០​ម៉ោង​នេះ គឺជា​ការឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ Hwasong-14 របស់​ក្រុង​ព្យុងយ៉ាង​។ មេបញ្ជាការ​ទ័ពអាកាស​អាមេរិក​នៅ​ប៉ាស៊ីហ្វិក ឧ​ត្ត​ម​សេនីយ៍ Terrence J. O’Shaughnessy បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា កូរ៉េខាងជើង​នៅតែ​ជាការ​គំរាមកំហែង​បន្ទាន់​នៅក្នុង​តំបន់​ដដែល​។​

​បើតាម​យោធា​អាមេរិក យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B ទាំងពីរ​បានធ្វើ​ដំណើរ​មកពី​មូលដ្ឋានទ័ព​នៅ​កោះ Guam ហើយក៏​ចូលរួម​ជាមួយ​យន្តហោះ​ចម្បាំង​របស់​ជប៉ុន និង​កូរ៉េខាងត្បូង​ក្នុង​ប្រតិបត្តិ​ការហោះហើរ​ពីលើ​ឧបទ្វីប​កូរ៉េ​។ ជាមួយ​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់​នេះ លោក O’Shaughnessy ព្រមាន​ថា បើ​មានការ​ស្នើសុំ យើង​ត្រៀម​ឆ្លើយតប​ជាស្រេច ជាមួយនឹង​ល្បឿន​ដ៏​លឿន​ប្រកបដោយ​អានុភាព​ដើម្បី​វាយប្រហារ​គោលដៅ​សត្រូវ​។​


យន្តហោះទម្លាក់គ្រាប់បែក B-1B ហោះអមដោយយន្តហោះចម្បាំងកូរ៉េខាងត្បូង F-15 (រូបភាពគេហទំព័រទ័ពអាកាសអាមេរិក)

​សូម​បញ្ជាក់ដែរថា មុននឹង​ការមកដល់​របស់​យន្ត​ហោះ​ទាំងពីរ​ខាងលើ កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​ក៏បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ដើម្បី​គំរាម​កូរ៉េខាងជើង​ផងដែរ​។ មី​ស៊ី​ល​ដែល​បាញ់​នៅ​ថ្ងៃទី​២៩ ខែកក្កដា បាន​ធ្លាក់ចំ​គោលដៅ​នៅ​តំបន់​សមុទ្រ​ខាងកើត ជាទី​ដែល​មី​ស៊ី​ល​កូរ៉េខាងជើង​ធ្លាក់​ដែរនោះ​។ កងទ័ព​អាមេរិក​និយាយថា មី​ស៊ី​ល​ទាំងអស់​ត្រូវបាន​បាញ់​ចេញពី​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល ATACMS របស់​អាមេរិក និង​ប្រព័ន្ធ Hyunmoo Missile II របស់​កូរ៉េខាងត្បូង​។​

​ការបាញ់​មី​ស៊ី​ល និង​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​មកកាន់​ឧបទ្វីប​កូរ៉េ គឺជា​យុទ្ធសាស្ត្រ​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង ខណៈ​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​កំពុង​ត្រូវបាន​ពិភាក្សា​។ អាមេរិក​មិន​សប្បាយចិត្ត​ឡើយ ពេល​ចិន​មិន​ធ្វើ​អ្វី​សោះ និង​ទុក​ឲ្យ​កូរ៉េខាងជើង​ធ្វើ​អ្វី​តាមចិត្ត​នោះ​។ ជាមួយគ្នានេះ អាមេរិក​កំពុង​រក​ផ្លូវ​ផ្សេងទៀត​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដើម្បី​បញ្ចប់​មហិច្ឆតា​នុយក្លេអ៊ែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  ជប៉ុន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com