អន្តរជាតិ
ចិន​ប្រាប់​អាមេរិក​កុំ​ទាញ​រឿង​ពាណិជ្ជកម្ម​ទ្វេភាគី​ទៅ​ភ្ជាប់​ជាមួយ​បញ្ហា​កូរ៉េខាងជើង​
31, Jul 2017 , 9:39 pm        
រូបភាព
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន Qian Keming នាឱកាសសន្និសីទកាសែត (រូបភាព Xinhua)
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន Qian Keming នាឱកាសសន្និសីទកាសែត (រូបភាព Xinhua)
​មន្ត្រីជាន់ខ្ពស់​ចិន នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​និយាយថា បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មិនមាន​ជាប់ទាក់ទង​ទាល់តែសោះ​ជាមួយ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន និង​អាមេរិក​។ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ចិន​ថា​មិន​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​សោះ ខណៈ​រកប្រាក់​បាន​រាប់ពាន់​លាន​ដុល្លារ​តាមរយៈ​ការរកស៊ី​ជាមួយ​អាមេរិក​។ អាមេរិក​បាន​រំអុក​ចិន​ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។​



​ជារឿយ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ តែង​បន្ទោស​ចិន​ថា​មិន​ព្រម​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​សោះ ហើយ​បានតែ​និយាយ​ប៉ុណ្ណោះ​។ លោក ត្រាំ ក៏​តែង​លើកយក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​មក​គំរាម​ចិន​ឲ្យ​ចាត់វិធានការ​ប្រឆាំង​កូរ៉េខាងជើង ដោយ​លោក​ធ្លាប់​ព្រមាន​រឹតបន្តឹង​ការរកស៊ី​ជាមួយ​ចិន​ទៀតផង​។ នៅ​ថ្ងៃទី​២៩ ខែកក្កដា លោក​បាន​បង្ហោះ​សារ​តាម Twitter ថា ចិន​ចំណេញ​ប្រាក់​រាប់ពាន់​លាន​ពី​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក តែ​មិន​បានធ្វើ​អ្វី​សោះ​ដាក់​កូរ៉េខាងជើង​។​

​យ៉ាងណាមិញ ក្រុង​ប៉េកាំង បាន​ទាត់ចោល​ការអធិប្បាយរ​បស់​ប្រធានាធិបតី​អាមេរិក ដែល​ចេះតែ​ភ្ជាប់​រឿង​ពាណិជ្ជកម្ម​ទៅនឹង​បញ្ហា​កូរ៉េខាងជើង​នោះ​។ ក្នុង​សន្និសីទកាសែត​ថ្ងៃទី​៣១ ខែកក្កដា អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន Qian Keming និយាយថា ការរកស៊ី​រវាង​អាមេរិក និង​ចិន មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទាល់តែសោះ ពោល​វា​គឺជា​បញ្ហា​ដាច់ដោយឡែក​ពីគ្នា​សុទ្ធសាធ​តែម្ដង ហើយក៏​មិន​ចរចា​ចូលគ្នា​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់​ដដែល​នេះ​ក៏បាន​បង្ហាញ​ជំហរ​របស់​ចិន​ដែល​បន្ត​ប្រកាន់យក​ការដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​តាមផ្លូវ​សន្តិភាព​។ លោក Qian Keming បញ្ជាក់ថា ចិន​នឹង​រួមដៃគ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​សម្រេច​ឲ្យ​គោលដៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ហើយ​ចិន​ក៏​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ដូចគ្នា​ដែរ​។​

​ទាក់ទង​រឿង​កូរ៉េខាងជើង​នោះ ក្រុង​ប៉េកាំង​បានប្រកាស​ជា​ញឹកញាប់​ហើយ​ថា ខ្លួន​មិនមែនជា​អ្នកបង្ក​បញ្ហា មិនមែនជា​អ្នក​ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា ហើយក៏​មិនមែនជា​តួអង្គ​តែមួយគត់​ដែល​អាច​រក​ច្រកចេញ​បានដែរ​។ ក្រុង​ប៉េកាំង បាន​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ដែលជា​ភាគី​ជម្លោះ​ដោយផ្ទាល់ ត្រូវ​កាត់បន្ថយ​ទង្វើ​ដែល​បង្ករឿង​ដាក់​ភាគី​ម្ខាងៗ និង​ត្រូវ​រក្សា​ការអត់ធ្មត់​ខ្ពស់ សំដៅ​ឈានដល់​ការបញ្ចប់​បញ្ហា​។​

​យ៉ាងណាក្ដី លោក​ប្រធានាធិបតី ត្រាំ ចង់ឃើញ​ចិន​បង្ហាញ​សកម្មភាព​ឲ្យ​បាន​ច្រើនជាង​ការនិយាយ ដែល​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​បានឡើយ​។ លោក​ចង់​ឲ្យ​ចិន​ដែល​គេឯង​ដឹងថា​ពិត​ជាមាន​ឥទ្ធិពល​លើ​កូរ៉េខាងជើង ប្រាប់​មេដឹកនាំ​កូរ៉េខាងជើង​ឲ្យ​ស្ដាប់​អន្តរជាតិ និង​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​ចោល​។ ប៉ុន្តែ​ចិន​ហាក់​មិនបាន​អើពើ​ការទទូច​ម្ដង​ហើយ​ម្ដងទៀត​របស់​អាមេរិក និង​បាន​ដោះសារ​រួចខ្លួន​ទៅទៀត​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com